លោក​ ហ៊ុន សែន ​ព្រមានពីសង្គ្រាម​ជាថ្មីបើពលរដ្ឋ​​​​ប្តូរ​គណបក្ស​លោក​ចេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយក​រដ្ឋមន្ត្រី​កម្ពុជា ព្រមាន​ពី​សង្គ្រាមសារ​ជាថ្មី​ម្តងទៀត ​ដោយអះអាង​ថា ភាព​ផុយ​ស្រួយ​នៃ​សង្គ្រាម គឺអាច​កើត​មានយ៉ាង​ងាយ​ស្រួល​​បំផុត ​ប្រសិនបើ​គណ​បក្សប្រជាជនចាញ់ឆ្នោត ដោយ​មិន​បាន​ដឹក​នាំ​ប្រទេស ​ស្របពេលការ​បោះ​ឆ្នោតកាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ ទោះ​ជា​យ៉ាង​ណា ​សម្រាប់​អ្នកវិភាគ​យល់​ថា សង្គ្រាម​នឹង​មិន​អាចកើត​មាន​បាននោះ​ទេ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាលា​ខេត្ត​ត្បូង​ឃ្មុំនៅ​ព្រឹកថ្ងៃ៩ឧសភា​នេះ ​នាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​បក្ស​ប្រជា​ជន​កម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា គណបក្ស​របស់​លោក ​បាន​ដឹក​នាំ​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​ងើប​ពី​​រ​បប​ខ្មែរ​ក្រហម នឹងនាំឲ្យ​​មាន​ការ​អភិវឌ្ឍន៍ដូច​សព្វថ្ងៃ។

លោកបន្តថា ពល​រដ្ឋ​គ្រប់​រូ​ប ​បាន​រស់​នៅ​ក្រោម​ការ​ដឹក​នាំ​របស់គណ​បក្ស​នេះ និងរស់​នៅ​ជា​មួយគ្នា​បាន ដោយ​សេរី និង​មាន​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម។

លោក​ថា៖ «អ្នក​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជា​ជន អ្នក​មាន​សេរីភាពគ្រប់​បែប​យ៉ាង​ អ្នក​មាន​កំហុសទទួល​ទោស​តាម​ច្បាប់ អ្នក​គ្មាន​កំហុស គឺ​គ្មាន​ការ​ទទួល​នូវ​ទណ្ណកម្មណា​មួយ​ទេ។​ ដូច្នេះ​សង្ឃឹម​ថា​ ប៉ុន្មាន​ថ្ងៃ​ទៀត ការ​បោះ​ឆ្នោត​នឹង​មក​ដល់​ប្រជា​ពល​រដ្ឋ​នឹង​ធ្វើ​ការ​វិនិច្ឆ័យឲ្យ​បាន​ច្បាស់​លាស់។ យើង បាន​រួម​សុខ​រួម​ទុក្ខ​ជា​មួយគ្នា ​តាំង​ពី​ការ​លំបាក ស៊ី​អត់​ ស៊ី​ឃ្លាន ​ជា​មួយ​គ្នា​រហូត​មក​ដល់​ពេល​នេះ! តើ​យើង​គួរ​បោះ​បង់​ចោល​នូវ​សមិទ្ធិ​ផល ដែល​យើង​បាន​រួមគ្នា​ កសាង​ហើយ​ យើង​សង្ឃឹមទៅ​លើ​ការ​សន្យា​មួយ ​ដែល​នឹង​ផ្តល់​ចម្លើយបមក​វិញ​គឺ​សង្គ្រាម។ ខ្ញុំ​បាន​ ឮហើយ​ អ្នក​ខ្លះ​ ថា​ខ្ញុំ​ភ័យ តែ​ខ្ញុំ​សុំ​និយាយ​ត្រលប់​ទៅ​វិញទៅ​អា​សែន អត់​ភ័យ​ទេ​សុំ​ទោស!»។

បន្ថែមពីនេះ​ លោកនាយករដ្ឋមន្ត្រី ក៏​បាន​ស្តីបន្ទោស​ដល់​ការ​ប្រើ​ប្រាស់​ការ​បញ្ចេញ​មតិរបស់ខ្លួន​តាម​ហ្វេសប៊ុក​មួយចំនួន ដែលលោក​ថា ​នេះក៏​ជា​មូល​ហេតុ ​ជម្រុញ​ឲ្យ​មាន​សង្គ្រាម​ក្នុងស្រុក​នោះ។

លោក​បន្ថែម​ថា៖ «បើ​ទោះ​បី​ពេល​នេះ ​ប្រទេស​មាន​សន្តិភាព​ទូ​ទាំង​ប្រទេស​ តែ​វា​មាន​ចរិត​នៃ​ភាព​ផុយ​ស្រួយ​របស់​វា។ បើក​មើល​តាម​ហ្វេស​ប៊ុកភ្លាម​ទៅ ​អាច​ឃើញ​ហើយ! នោះ​ហើយ​ជា​មូល​ហេតុ​នៃ​សង្គ្រាម ការញ៉ុះញ៉ង់​ការ​ជេរ​ប្រមាថ​ គ្រប់​បែប​យ៉ាង តើ​នោះ​វា​ជា​អ្វី ​វា​ជា​ការ​ដុតបញ្ឆេះ​កំហឹង នេះ​ជា​បញ្ហា​ដែលពេល​នេះ​ប្រជា​ជន​ត្រូវជ្រើសរើស​រវាង សន្តិភាព​ និង​សង្គ្រាម​ពិត​ប្រាកដ​ហើយ»។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​លោក ​ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ពេលនេះ ​គ្រាន់តែ​ការ​យល់​ឃើញ​របស់​លោក​​តែ​ប៉ុណ្ណោះ​ ព្រោះលោក ​​ហ៊ុន សែន យល់​ថា​ទំនាក់​​ទំនង​រវាង​រដ្ឋាភិបាលបច្ចុប្បន្ន​របស់​លោក ​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង គឺ​មាន​ទំនាក់​ទំនង​ល្អជាងគណ​បក្ស​ដទៃទៀត។

​សម្រាប់​លោក ​ឯម សុវណ្ណារ៉ា​ វិភាគថា ​លទ្ធ​ភាព​នៃ​សង្គ្រាមក្នុង​ស្រុក​កម្ពុជា គឺ​មិន​អាចកើ​តមាន​នោះ​ទេ ដោយ​សារកម្ពុជា​បច្ចុប្បន្ន ​គ្មាន​​ក្រុម​ឧទ្ទាម ឬ​កង​កម្លាំង​ប្រឆាំង​ប្រដាប់​អាវុធ​ណា​មួយមាន​នោះ​ទេ តែ​លោ​ក​បាន​ប្រមើល​ថា ប្រសិនជា​កើត​មាន​សង្គ្រាមនៅពេល​ដែល​បក្ស​ប្រជា​ជន​ចាញ់​ឆ្នោត ​​ដូច​អ្វី​ដែល​លោក ​ហ៊ុន សែន ​​ថ្លែង​​នោះ លោកថា គឺ​ជា​សង្គ្រាម​ដែល​មាន​ការ​អុជអាលឡើង​​ដោ​យ​បរទេស​ប៉ុណ្ណោះ​។

លោក​ថា៖ «ដោយ​សារ​តែ​កម្លាំង​ម្ខាង​ទៀត​អត់​មាន​កម្លាំង​អី​ទេ ​ឬ​ក៏​តតាំង​ទេ កាល​ណា​ផ្ទុះ​ទាល់​តែ​មាន​ចលនា​ផ្សេង​គាំ​ទ្រ ​ឬ​ក៏មាន​តែ​របត់នៅ​ខាង​ក្រៅ​ប្រទេស ​ដែល​មាន​ឧបត្ថម្ភ​ខាងសេដ្ឋកិច្ចជំនួ​យ​ហ្នឹង​ខ្លាំង​ហើយ​​គាត់​គាំទ្រ​ម្ខាង​ៗ គាត់​ជម្រុញ​អាវុធ​អី​មក​អាហ្នឹង ​ទើប​ជម្រុញ​ទៅ​ជា​សង្គ្រាម។ ឥឡូវ​នេះ​ កង​កម្លាំង​មាន​តែ​ម្ខាង​ អត់​អាច​ធ្វើ​សង្គ្រាម​ជាមួយ​ខាង​ណា! គឺ​អត់​មាន​ទេ […] »។

នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច លោក សំ គន្ធាមី យល់​ថា​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រីពេលនេះ អាចជាការ​​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ ​ហើយលោកថា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ លោកមិន​គួរ​ថ្លែង​បែបនេះ​ឡើយ ​ខណៈការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មកដល់​នោះ។

លោក​ថា៖ «សម្តី​របស់​គាត់​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទឹក​ចិត្ត ធ្វើ​ឲ្យ​រារែក​​ច្រើនណាស់ ព្រោះ​អី​ប្រជា​ពល​រដ្ឋ​ខ្មែរ គេ​ខ្លាច​សង្គ្រាម​គេ​ លែង​ចង់​ដឹង​លែង​ចង់​ឮ​ហើយ​។ គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ តែ​ដល់​គាត់​ធ្វើ​អញ្ចឹង​ទៅធ្វើ​ឲ្យ​បោះ​ពាល់​អារម្មណ៍…គួរតែ​ថ្លែង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បោះឆ្នោត​ អញ្ចើញ​ទៅ​បោះ​គ្រប់​គ្នា អនុវត្តន៍សិទ្ធ​របស់​គាត់គ្រប់​ៗគ្នា​ ដើម្បីកសាង​ប្រទេស​អភិវឌ្ឍន៍​ប្រទេស​ ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ល្អ​ មើល​គណបក្ស​ណា​ល្អ ដែល​មាន​កម្មវិធី​ល្អ ​ឲ្យ​គាត់​មើល​ទៅ អាហ្នឹង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ទៅ​បោះ​ឆ្នោត មិន​មែនធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​ទេ​​»។

បើតាមប្រតិទិន គ.ជ.ប ​នៅ​សល់​រយៈពេល​តែ​២៦ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ​គឺ​នៅ​ថ្ងៃ​ទី៤មិថុនាខាង​មុខ ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤​នឹង​​ចាប់ផ្តើម​ហើយ​ ខណៈ​លោក ​ហ៊ុន សែន បន្តថ្លែងសារព្រមាន​ជា​ច្រើនលើក​ពីសង្គ្រាម។

គួររំលឹកថា ព្រះ​មហា​ក្សត្រ​កម្ពុជា ​តាម​រយៈសាលិខិត​មួយ​ច្បាប់​របស់​ព្រះ​អង្គចុះ​ថ្ងៃ​ទី២០កុម្ភះ ព្រះ​អង្គ​បា​ន​ជម្រុញ​ទៅ​កាន់​ពល​រដ្ឋ​គ្រប់​រូប​ឲ្យ​ទៅ​បោះ​ឆ្នោតនាពេល​ខាង​មុខ ដោយប្រើសិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ទៅ​តាម​សតិ​សម្បជញ្ញៈ និង​សុំ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភពី​ការ​គាបសង្កត់ ការ​គម្រាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សណា​មួយ​ឲ្យ​សោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ