សហគមន៍បឹងកក់ជំរុញទៅស្ថាប័អន្តរជាតិ​ជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី

ប្រជាសហគមន៍បឹងកក់

ប្រជាសហគមន៍បឹងកក់ជាង១០នាក់ នៅថ្ងៃទី៩ឧសភានេះ​ បានបន្តយកញត្តិដាក់នៅស្ថាប័នអន្តរជាតិមួយចំនួនក្នុង​រាជធានីភ្នំពេញ ឲ្យជួយដាក់សម្ពាធ​ទៅរដ្ឋាភិបាលកម្ពុជា​ ដើម្បីដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ​ ដោយថា​ស្រ្តី​​​រូប​នោះ មិនបាន​ធ្វើខុស​ដូច​ការ​ចោទ​ប្រកាន់​នោះទេ។

ស្ថាប័នអន្តរជាតិទំាងនោះរួមមាន UN ស្ថាន​ទូតជប៉ុន សហគមន៍អឺរ៉ុប ខណៈស្ថាប័នចំនួន៣ទៀត គឺធនា គារពិភពលោក ទូតអាមេរិក និងទូតបារំាង ពួកគេថានឹងដាក់ក្រោយថ្ងៃបុណ្យវិសាខបូជា។

អ្នក​​ស្រី​ ទេព​ វន្នី ត្រូវបានតុលាការកាត់ទោស ដាក់​ពន្ធនាគារ​២ឆ្នាំកន្លះ​ ពាក់​ព័ន្ធ​ការ​ប្រើ​អំ​ពើ​​ហិង្សា​លើ​សន្តិ​សុខ​​ខណ្ឌ​​ដូនពេញ ចំនួន​ពីរ​នាក់ឲ្យរងរបួស នៅខាងកើត​ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​បន្ទាប់ពីយកញត្តិនៅស្ថានទូតចំនួន៣ខាងលើ តំណាងសហគមន៍បឹង អ្នកស្រី ប៊ូវ សោភា បានអះអាងថា មន្ត្រីស្ថានទូតទំាងនោះ​ បានទទួលយកញត្តិពួកគេ ដោយសន្យាប្រហាក់ប្រហែលគ្នា​ថា​នឹង​បញ្ជូន​​ទៅ​ថ្នាក់​លើពិនិត្យ និងដោះស្រាយ​តាមនីតិវិធីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​។

តំណាង​សហគមន៍បឹងកក់ អ្នក​ស្រី ប៊ូវ សោភា បាន​បញ្ជាក់ថា ដើមចមដែល​នាំឲ្យ​ពួកគេ​យកញត្តិដាក់ទៅស្ថាប័នអន្តរជាតិ ដោយថា​ពួកគេ​អស់​ជំនឿ​លើការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការ​ជួយ​ដោះ​ស្រាយបញ្ហាប្រឈម​ជូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ ​ដោយ​ភាពអយុត្តិធម៌ ជាពិសេស​ ករណីអ្នកស្រី ទេព​ វន្នី។

អ្នកស្រីនិយាយថា «ខ្ញុំក៏សូមទោសដែរ ដែលបងប្អូនមួយចំនួនដែលគិតថា ហេតុអ្វីបានជាពួកខ្ញុំអត់ទៅរក ស្ថាប័នរដ្ឋ សូម្បីតែឥឡូវហ៊ានតែឈានជើងទៅមុខ​ផ្ទះសម្តេច[លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​]តែ​មួយចំហ៊ាន នឹងដាច់ជើងមួយកំណាត់ បើឈានជើងឆ្វេង ដាច់ឈើងឆ្វេង ឈានឈើងស្តំា ដាច់ឈើងស្តំា​សួរថា ពួកខ្ញុំអាច​មានលទ្ធភាពអត់ ដែលក្នុងនាម​ជាថ្នាក់ដឹកនាំគាត់អត់ដែលបានមក​មើលគិត​ពួកខ្ញុំ»។

ប្រជា​សហគមន៍បឹងកក់​ម្នាក់ទៀត អ្នកនាង សុង ស្រីលាភ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខ សហគមន៍អឺរ៉ុប​ថា សំណុំ​រឿង​អ្នក​ស្រីទេព វន្នី មានតែស្ថាប័នអន្តរជាតិដែលជាម្ចាស់ជំនួយផ្តល់មក​កម្ពុជាទេ ដែល​អាច​ជួយ​ដាក់សម្ពាធ​ទៅ​​រដ្ឋា​ភិ​បាលលោក ហ៊ុន សែន ឲ្យ​​ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដោះលែងអ្នកស្រី ទេព វន្នី បាន។

អ្នកស្រីនិយាយថា «សគមន៍អឺរ៉ុបក៏ជាម្ចាស់ជំនួយដ៏ធំនៅក្នុង​ប្រទេសកម្ពុជា រាល់ឆ្នាំគឺគាត់បានផ្តល់លុយ​រាប់រយលាន​[ដុល្លារ]ដល់រាជរដ្ឋាភិបាលខ្មែរយើង ហើយខ្ញុំជឿជាក់ថា​ គាត់គឺជាម្ចាស់ជំនួយដ៏ធំសម្រាប់រាជ​រដ្ឋា​ភិបាល គាត់នឹង​មានទឹកមាត់ប្រៃ ឬក៏ឥទ្ធិពលក្នុងការនិយាយជាមួយរាជរដ្ឋាភិបាលខ្មែរយើង ក្នុង​ការផ្ត​ល់​យុត្តិធម៌សម្រាប់អ្នកស្រី ទេព វន្នី ហើយជាពិសេសនោះក្នុងការលើកកម្ពស់​ សិទ្ធិ​សេរី​ភាព​នៃការ​តស៊ូ​មតិ​ និ​ងសិទ្ធិសេរីភាពក្នុងការជួបជុំ»

កាលពីថ្ងៃចន្ទទី៨ ខែឧសភា ម្សិលមិញ ប្រជាសហគមន៍បឹងកក់ ក៏បាន​ដាក់ញ្ញត្តិទៅក្រសួង​យុត្តិធម៌ ដើម្បី​ស្នើទៅរដ្ឋមន្ត្រីស្ថាប័ននេះ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដោះលែងអ្នកស្រីទេព វន្នី ដែរ ប៉ុន្តែ​មិនទា​ន់​មាន​ការឆ្លើយតបនៅឡើយ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា បើរដ្ឋា​ភិបាល​​មិនធ្វើការដោះលែង​សកម្ម​ជន​ដីធ្លី មន្ត្រីសិទ្ធិមនុស្សទេ នឹងធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល និង​កម្ពុជា​ខាតប្រយោជន៍ច្រើនពីសហគមន៍អន្តរជាតិ។

លោកនិយាយថា៖ «យើងឃើញថ្មីៗនេះ ទំាងអង្គការសហប្រជាជាតិ ទំាងសហគមន៍អឺរ៉ុប និងសហរដ្ឋ​អាមេរិកគេបានទទូច ឬក៏គេបានថ្កោលទោស​ទាក់ទងការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស ហើយនឹង​ទទូច​​​ឲ្យមានការដោះលែងផងដែរ ហើយប្រសិនជាលោក​មិនពិចារណាទេ ការរិះគន់របស់គេ​ [សហគមន៍អន្តរជាតិ​]នៅមានបន្តបន្ទាប់ទៀត ហើយសហគមន៍អឺរ៉ុប គេពិចារណាទាក់ទងនឹងការផ្អាក​ផ្តល់​ជំនួយ ក្នុងការអភិវឌ្ឍដូចសហរដ្ឋអាមេរិក កាលណាក្នុងការផ្អាកជំនួយសម្រាប់កម្ពុជា សុទ្ធតែ​ពាក់​ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា»។

ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន លោក កែវ រ៉េមី និងលោក ទិត សុធា បានទេនៅថ្ងៃនេះ​។

កាលពីចុងខែកុម្ភៈឆ្នាំ២០១៧ អ្នក​​ស្រី​ ទេព​ វន្នី​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ដោយ​ដាក់​ពន្ធនាគារចំនួន​២ឆ្នាំកន្លះ​ ពាក់​ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពីរ​នាក់​ឲ្យរងរបួស​ កាល​​ពីថ្ងៃទី១៣ខែមីនាឆ្នាំ​២០​១៣។ ​ស្រ្តីសកម្មជនដីធ្លីរូបនេះ ត្រូវបានអាជ្ញាធរ​ចាប់​បញ្ជូនទៅឲ្យ​តុលាការ​កាត់ទោស​៣ដង​រួច​ហើយ។ ករណីនេះ​ ​ក្រុមសកម្មជនដីធ្លីនិង​អង្គការសិទ្ធិមុស្ស ចាត់ទុកសាល​ក្រម​នោះ​ថា ​មិន​មាន​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ