បទយការណ៍៖ បំបួសកុលបុត្រខ្មែរជាង៥០០អង្គ/នាក់នៅសៀមរាប ក្នុងថ្ងៃបុណ្យវិសាខបូជា ​

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 3:26 PM | បទយកការណ៍ | 0 | 4272 បំបួសកុលបុត្រខ្មែរជាង៥០០អង្គ/នាក់នៅសៀមរាប ក្នុងថ្ងៃបុណ្យវិសាខបូជា នៅអង្គរវត្ត

ក្នុងសម្លៀកបំពាក់ជាដូនជីនិងក្រងចីវរព្រះសង្ឃ អង្គុយនៅលើកៅអី ត្រងត្រាប់​នូវការសម្ដែងព្រះធម៌ និងពុទ្ធឱវាទជាច្រើនទៀត ក្នុងរយៈពេល៥យប់៦ថ្ងៃ ដែលធ្វើឡើងក្នុងវត្ដអង្គរ​ខាងត្បូង ស្ថិតនៅ​សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកកាន់ព្រះធម៌នោះ ភាគច្រើនជាយុវវ័យ។ ពួកគេខ្លះកំពុងសិក្សា និងមួយចំនួនទៀតនៅលីវ ដែលមានការងារធ្វើរួចហើយ។

ក្នុងព្រះជន្ម១៥វស្សា សាមណេរ កែ សៅ មកពីស្រុកបន្ទាយស្រី ខេត្ដសៀមរាប ព្រះអង្គមានសង្ឃដីកាថា កាលពីនៅជាគ្រហត្ថ ព្រះអង្គបានរៀនត្រឹមថ្នាក់ទី៤ ប៉ុន្ដែដោយមាននិស្ស័យជាមួយព្រះពុទ្ធសាសនា ព្រះអង្គបានសុំមាតាបីតា​មកសាងភ្នួសជាសាមណេរ ក្នុងរយៈពេល៥យប់៦ថ្ងៃ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា បើទោះបីខ្លួនមានវ័យក្មេងខ្ចីក៏ដោយ។

ព្រះអង្គបន្ដថា ការបួសនេះ ក៏មានគំនិតចង់ចេះធម៌បាលីព្រះពុទ្ធផងដែរ ប៉ុន្ដែមិនដឹងថា ព្រះអង្គ​អាចបួសបានច្រើនឆ្នាំនោះទេ ខណៈពិធីបំបួសនោះ ត្រូវចម្រាញ់យកត្រឹមតែ២០អង្គ ដើម្បីឲ្យបួសជាសង្ឃរៀនធម៌បាលីបន្ដទៀត​ បន្ទាប់ពីបញ្ចប់ការបួសក្នុងថ្ងៃពិធីបុណ្យពិសាខបូជានេះ។

ព្រះអង្គបន្ដ៖ «ចង់បួសបាន រៀនចេះដឹង ចង់បួសរហូតដែរ»។

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយ ដែលអ្នកប្រណិប័តន៍តាមឱវាទរបស់ព្រះពុទ្ធសា​សនាប្រារព្ធឡើងរៀងរាល់ថ្ងៃ១៥កើត ខែពិសាខ តាំងពីយូរលង់ណាស់មកហើយ។ បុណ្យវិសាខបូជានេះ ត្រូវបានគេចាត់ទុកជាពិធីបុណ្យជាតិមួយ ដែលមានសារៈសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសចូលរួមផ្ដល់សុខសន្តិភាពដល់កម្ពុជា។​

ក្នុងសម្លៀកបំពាក់បែបដូនជី អង្គុយលើកៅអី កញ្ញា យូ ទិត្យឆដា មកពីខេត្ដបាត់ដំបង ហើយបួសជាកុលវតីនេះ ដោយសារចង់ដឹងពីធម៌បាលីរបស់ព្រះពុទ្ធសាសនា និងចង់អប់រំចិត្ដខ្លួនឯង ឲ្យមានភាពអត់ធ្មត់នៅពេលខាងមុខផង។

កុលវតីវ័យ៣០ឆ្នាំរូបនោះ បង្ហាញនូវទឹកមុខសប្បា​យលាយឡំនឹងភាពក្ដុកក្ដួលផង នៅពេលដែលខ្លួនចូលរួមបួសជាដូនជី និងបានស្ដាប់នូវព្រះធម៌ ក្នុងពិធីបំបួសកុលបុត្ដកុលធិតា ជាង៥០០អង្គ/នាក់នោះផង។

កញ្ញាបន្ដថា ការបំបួសនេះមានសារៈសំខាន់​ដល់រូបនាង ក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប ដោយថា នេះជាវិធីសាស្ដ្រមួយ ដែលធ្វើឲ្យយុវជន ដែលធ្លាប់ភ្លើតភ្លើននៅក្នុងសង្គម មិនស្គាល់ពីបុណ្យគុណទោស ដោយថា ការតាំងសមាធិ និងស្ដាប់ធម៌ព្រះ អាចត្រឡប់មកធ្វើអំពើល្អវិញ។ ត្រចៀកស្ដាប់ធម៌ផង កញ្ញាបន្ដថា​ បើទោះបីការបំបួសនេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺខ្លួនបានតបស្នងសងគុណមាតាបិតា និងជាចំណែក​ចូលរួមលើកស្ទួយវប្បធម៌ព្រះពុទ្ធសាសនាឲ្យបានគង់វង្សផងដែរ។

កញ្ញាបន្ដថា៖ «ចង់សិក្សាពីធម៌វិន័​យ និងអប់រំចិត្ដឲ្យខ្លួនឯងធ្វើឲ្យ យើងធ្វើអំពើល្អ សាងអំពើល្អ សម្លាប់សត្វ ឈ្នានីសម៉ាក់ងាយ»។

កម្មវិធីបំបួសកុលបុត្រនេះ មានរយៈពេល៥យប់៦ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ខែឧសភានេះ។ក្រុមអ្នកបួសភាគច្រើនជាយុវជន និងយុវនារី។ នៅពេលថ្ងៃ ពួកគេបានត្រងត្រាប់ស្ដាប់នូវការសម្ដែងធម៌ទេសនា ​នូវធម៌ព្រះពុទ្ធ និងពុទ្ធឱវ៉ាទជាដើម និងពេលល្ងាចអង្គុយ​តាំងសមាធិរហូតដល់យប់ជ្រៅ។

គង់នៅលើកៅពណ៌ក្រហម សាមណេរវ័យ១៨វស្សា មកពីខេត្ដកំពង់ធំព្រះតេជគុណ ប៉ា សុណ្ណារ៉ា ព្រះអង្គលើកឡើងថា កាលពីព្រះអង្គនៅជាគ្រហត្ថ​ ធ្លាប់ប្រព្រឹត្ដខ្លួនមិនល្អខ្លះ នៅក្នុងសង្គមគ្រួសារ ដែលធ្វើឲ្យឪពុកម្ដាយពិបាកចិត្ដ ខណៈកំពុងសិក្សានៅវិទ្យាល័យក្នុងខេត្ដនោះ។

សាម​ណេរអង្គនោះ បានបន្ថែមថា​ ដោយមើលឃើញពីវិស័យព្រះពុទ្ធសាសនាក្នុងការប្រតិបត្ដិនូវអំពើល្អ ព្រះអង្គមានគម្រោងបួសរយៈពេលខ្លីចំនួនពីរដងមកហើយ ប៉ុន្ដែមិនបានសម្រេច ទើបលើកនេះ ព្រះអង្គបានសម្រេចចិត្ដបួសជាសាមណេរ ដើម្បីសងគុណមាតាបិតាខ្លះៗ។

ព្រះអង្គ​បន្ដថា៖ «គិតថាបួសហ្នឹង ចង់សងគុណ ឪពុកម្ដាយផង និងបំពេញភារកិច្ចជាកូនផង។ ធ្លាប់ធ្វើឲ្យ​គាត់ពិបាកចិត្ដដែរ ពិបាកចិត្ដរឿងដើរលេងតែរឿងគ្រឿងញៀនអី អត់សោះ ដឹងតែខុសមិនទៅរកទេ»។

ព្រះអង្គវ័យជិត២០វស្សា សម្បុរស អង្គ​នោះ បានបានរៀបរាប់ថា កាលពីនៅវ័យក្រោម១៨ ព្រះអង្គមិនបានចាប់អារម្មណ៍ពីវិស័យព្រះពុទ្ធសាសនានោះទេ ទើបពេលនេះដឹងថា ការបួសជាសង្ឃមានសារៈសំខាន់សម្រាប់ក្រុមគ្រួសារ ​និងសង្គមជាតិ។ ទោះជាយ៉ាងណា ព្រះសង្ឃរូបនោះ មិនមានគំនិតបួសជាសង្ឃឲ្យមានរយៈពេលយូរ​អង្វែង​នោះទេ ដោយសារជាប់បន្ដការសិក្សាឲ្យចប់បាក់ឌុបជាមុនសិន។

ព្រះអង្គបន្ដថា៖ «ចឹងបើអាចនៅបាននៅទៀត ព្រោះនៅវត្ដហ្នឹងល្អ ព្រោះគេ រើសយកលោក២០អង្គ ឲ្យរៀនបួនភាសារដែរ ដល់ពេលជាប់រៀនទៅមិនបាន ចប់មួយអាទិត្យ អាចបន្ដ​មួយអាទិត្យទៀត បើលើសហ្នឹងអត់បានទេ»។

កុលវតីវ័យជាង២០ឆ្នាំមួយរូបទៀត មកពីខេត្ដតាកែវ ដែលកំពុងបំពេញការងាររដ្ឋ នៅខេត្ដឧត្ដរមានជ័យ កញ្ញា ហ៊ុន សុធា បានរៀបរាប់ថា កញ្ញាធ្លាប់បានសិក្សាពីសាសនាផ្សែងទៀតដែរ គឺសាសនាណាក៏បានណែនំាឲ្យពលរដ្ឋខ្លួនធ្វើអំពើល្អដែរ ដោយគ្រាន់តែសាសនាខ្លះ មិនបានធ្វើឲ្យអ្នកបួសតាំងសមាធិរំងាប់ចិត្ដដូចសាសនាព្រះពុទ្ធនោះទេ។

កញ្ញាបន្ដថា៖ «និយាយទៅគ្រប់ជាតិសាសន៍ទាំងអស់ គឺសាសនាណាក៏ល្អដែរ ឲ្យតែនាំមនុស្សឲ្យល្អមិនសម្លាប់សត្វមិនសេព​សុ​រាអីទាំងអស់ ចឹងគិតថា សាសនាហ្នឹងល្អ ហើយជាពិសេសកតញ្ញូហ្នឹងតែម្ដង។ ភាគច្រើនពន្យល់ឲ្យយល់ដឹងគុណឪពុកម្ដាយ ដែល​គាត់ចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូច»។

ជាមួយគ្នានោះ កញ្ញាថា ការអប់រំផ្លូវចិត្ដផ្នែកព្រះពុទ្ធសាសនា ជាផ្លូវមួយធ្វើ​កុលបុត្រខ្មែរ ដើររកផ្លូវល្អ ចេះស្គាល់គុណមាតាបីតាផងដែរ។ ជាងនោះទៅទៀត ការអប់រំផ្លូវចិត្ដតាមបែបព្រះពុទ្ធសាសនានេះ នឹងធ្វើឲ្យប្រទេសជាតិមានសន្ដិភាពមិនឈ្នាសនិសគ្នាក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា។

កញ្ញបន្ដថា៖ «ការនិយាយកុហក ការកាប់សម្លាប់សត្វក៍មិនមានការឈ្លោះប្រកែកក៍អត់មាននិយាយមានធម៌ល្អការនិយាយទៀងត្រង់ការគោរពគ្នាការចេះអត់អោនឲ្យគ្នាខន្ដីឲ្យគ្នា»។

ពិធីបុណ្យវិសាខបូជានេះ ត្រូវបានប្រារព្ធដោយប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងតំបន់មួយចំនួន ដូចជាប្រទេសឥណ្ឌា នេប៉ាល់ កម្ពុជា ភូមា ថៃ និងប្រទេសផ្សេងៗទៀត។ ពិធីបុណ្យនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាថ្ងៃបុណ្យជាតិរបស់រដ្ឋ ហើយក្រសួងធម្មការបានយកថ្ងៃបុណ្យវិសាខបូជាឆ្នាំនេះ ធ្វើពិធីដង្ហែព្រះបរមសរីរឹកធាតុរបស់ព្រះពុទ្ធ យកទៅតម្កល់ទុកនៅភ្នំឧត្តុងវិញ ដោយមានព្រះសង្ឃនិងពុទ្ធសាសនិកជនរាប់រយអង្គនិងនាក់។

ប្រធានគណៈកម្មការផ្នែកព័ត៌មាន នៃកម្មវិធីបុណ្យពិសាខបូជានេះ ព្រះតេជគុណ ឡម លឿម មានថេរដីកាថា ការបំបួសកុលបុត្រខ្មែរនេះ គោលបំណងដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា ដែលរំលឹកទៅដល់ថ្ធៃទាំង៣ នៃព្រះពុទ្ធជាម្ចាស់គឺថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វាន។

ជាមួយគ្នានោះក៏ បានផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាកុលបុត្តកុលធីតាខ្មែរ បានមានឱកាសចូលបួសជាសាមណេរ និង​ដូនជី សិក្សាពីគោលធម៌សំខាន់របស់ព្រះពុទ្ធសាសនា និង ដើម្បីជាការអភិរក្សនូវប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ក៏ដូចជាដើម្បីផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពរបស់ព្រះពុទ្ធសាសនាដល់សកលលោកគេបានដឹងបាន ឮផងដែរ។

ព្រះអង្គបន្ដថា៖ «ទី១ ចង់ឲ្យគាត់ដឹងពីប្រពៃណីព្រោះខ្មែរ យើងចង់ចេះដឹង ពីការថ្វាយបង្គំព្រះសង្ឃ ចាស់​ព្រឹទ្ធាចារ្យ ទី២ ចង់ឲ្យចេះដឹងមូលដ្ឋាផ្នែកព្រះពុទ្ធសាសនា ដូចជា ចេះសូទ្រធម៌ចេះថ្វាបង្គុំព្រះ»។​

ព្រះអង្គមានថេរដីកាបន្ដថា ការបំបួសនេះ ព្រះអង្គរំពឹងថា យុវជន និងយុវនារីគ្រប់រូប បានយល់ពីប្រពៃណីវប្បធម៌ព្រះពុទ្ធសាសនា និងចូលរួមអប់រំផ្លូវចិត្ដតាមរយៈព្រះពុទ្ធសាសនា។ ព្រះអង្គក៏ស្នើឲ្យយុវជន យុវនារី ចូលរូមលើកស្ទួយព្រះពុទ្ធសាសនានេះនៅឆ្នាំក្រោយៗបន្ដទៀត។

បើតាមអ្នករៀបចំកម្មវិធី ការបំបួសកុលបុត្ដកុលធិតាខ្មែរនេះ បានអនុវត្ដរយៈពេល៧ឆ្នាំមកហើយ នៅក្នុងនោះមានកុលបុត្រកុលធីតាខ្មែរ ចូលរួមបូសជាព្រះសង្ឃ ដូនជីរយៈពេលខ្លី មានប្រមាណចាប់ពី៥០០នាក់/អង្គ ទៅមួយពាន់អង្គ/នាក់ ក្នុងមួយឆ្នាំៗ។

យ៉ាងណាក៏ ក្រុមដូនជីនិងព្រះសង្ឃ ចង់ឲ្យមានកម្មវិធីបំបួសអប់រំផ្លូវចិត្ដតាមបែបព្រះពុទ្ធសាស​នានេះ បន្ដទៀត ដើម្បីឲ្យពលរដ្ឋខ្មែរស្គាល់នូវអំពើល្អគ្រប់គ្នា៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required