ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជាសុំទោស គ.ជ.ប រឿងប្តឹងស្ថាប័ននេះ​

ប្រធាន​សមាគម​ជ័យលាភី​បញ្ញា​ជន​កម្ពុជា លោក រស់ សារ៉ុម កាលពីកន្លងទៅ​

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានចេញលិខិតមួយច្បាប់ ដោយសុំទោសស្ថាប័នជាតិរៀបចំការបោះឆ្នោតនិងថាខ្លួនមាន”កំហុសនិងការភ័ន្ដច្រឡំ”អំពីនីតិវិធីការធ្វើសមាហរណកម្មមន្ដ្រីរាជការក្នុងស្ថាប័ននេះ។

កាលពីថ្ងៃទី ២ ខែមិថុនា លោក រស់ សារ៉ុម បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដោយចោទប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុប្រធាន លោក គួយ ប៊ុនរឿន អ្នកនាំពាក្យនិងជាសមាជិកគ.ជ.ប លោក ហង្ស ពុទ្ធា និងអគ្គលេខាធិការរង លោក ម៉ៅ សុភារិទ្ធ ពីបទសង្ស័យថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំងនិងការធ្វើសមាហរណកម្មមន្ត្រីរាជការកាលពីពេលកន្លងទៅ។

ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមិថុនា លោក រស់ សារ៉ុម បានថ្លែងនូវការសោកស្ដាយចំពោះពាក្យបណ្តឹង។ លោកមានប្រសាសន៍ថា៖ ខ្ញុំបាទមានសេចក្ដីសោកស្ដាយឥតឧបមា ដែលបានប្ដឹងឯកឧត្ដមប្រធាននិងសហការីមួយចំនួនថាបានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយដោយមិនបានយល់អំពីនីតិវិធីនៃការតែងតាំង និងធ្វើសមាហរណកម្មមន្ដ្រីរាជការ ក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងទៅ។ កត្ដានេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្ដម និងសហការី ជាពិសេស ស្ថាប័នធម្មនុញ្ញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះតែម្ដង

ការចេញលិខិតសុំទោសនេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្ដឹងនេះ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោ ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ “អញ្ចឹងខ្ញុំក៏សុំជម្រាបដែលថាយើងខ្ញុំនៅតែមិនអាចឃើញចំណុចណាមួយ សូម្បីតែតិចតួចណាទេ ដើម្បីឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកដើម្បីបើកការស៊ើបអង្កេតបាន។ អញ្ចឹងយើងខ្ញុំនិងធ្វើលិខិតតបទៅលោកវិញថាយើងខ្ញុំបានទទួលហើយ ពាក្យប្ដឹងរបស់លោក យើងខ្ញុំបានប្រជុំវិភាគហើយ លោកបានការពារ យោបល់របស់លោកហើយអង្គភាពនៅតែឃើញថាពាក្យប្ដឹងរបស់លោក អត់មានតម្រុយណាបន្តិចបន្តួចទាល់តែសោះ ដែលអាចឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកមកចាត់ការ 

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គ.ជ.ប  លោក ហង្ស ពុទ្ធា លើកឡើងថាកន្លងមកលោក រស់ សារ៉ុម ធ្លាប់ធ្វើសន្និសីទកាសែតនិងដាក់ពាក្យប្តឹងមន្ត្រី គ.ជ.ប។ ប៉ុន្តែលោកថាជំរើសល្អបុគ្គលរូបនោះត្រូវធ្វើសន្និសីទកាសែតសុំទោស គ.ជ.ប ជាជាងសុំទោសតាមរយៈលិខិតចំហ។ លោកបន្តថា៖ លិខិតសុំទោសរបស់គាត់ គឺជាលិខិតវិជ្ជមានមួយដែល គ.ជ.ប កំពុងតាមមើលដែរ ហើយប្រសិនបើគាត់ជាអ្នកផ្សព្វផ្សាយតាមរបៀបសន្និសីទកាសែត គាត់គួរតែត្រូវរៀបចំសន្និសីទកាសែតមួយ ដើម្បីបកស្រាយរឿងហ្នឹងឡើងវិញ

នៅពេលសួរថា តើ គ.ជ.ប មានគម្រោងប្តឹងបកទៅលោក រស់ សារ៉ុម វិញដែរឬទេ? លោក ហង្ស ពុទ្ធា ឆ្លើយយ៉ាងខ្លីថា គ.ជ.ប មិនទាន់សម្រេចយ៉ាងណានៅឡើយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ថាបើករណី គ.ជ.ប មិនប្តឹងអ្នកដែលប្តឹងស្ថាប័ន គ.ជ.ប ជាគំរូល្អសម្រាប់ស្ថាប័នរដ្ឋផ្សេងទៀតនឹងជាពិសេសធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពរិះគន់ពីចំណុចអវិជ្ជមានរបស់មន្ត្រីដែលធ្វើការនៅក្នុងស្ថាប័នរដ្ឋផងដែរ។ លោកបន្តថា៖ ឃើញថា គាត់មានការសុំទោស ខ្ញុំថាឥរិយាបទនេះជារឿងមួយដែរ ដែលថា គ.ជ.ប អាចបង្ហាញអំពីអធ្យាស្រ័យខ្ពស់ក៏អាចជាការមួយលើកកំពស់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋដែរ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋផ្សេងៗ គេហ៊ានប្តឹងពីស្ថាប័នរដ្ឋឬក៏មន្ត្រីរបស់រដ្ឋដែលប្រព្រឹត្តអំពើខុសឆ្គង ជារឿងមូយល្អដែរ បើសិនជា គ.ជ.ប មានការអធ្យាស្រ័យទៅដល់អ្នកប្តឹង

គួរបញ្ជាក់ថាកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ គ.ជ.ប បានប្រកាសថាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅគ.ជ.ប ជាង៣០០នាក់ត្រូវបានធ្វើសមាហរណកម្មផ្ទេរចូលមន្ត្រីក្របខ័ណ្ឌរដ្ឋដោយអះអាងថាពួកគាត់ភាគច្រើនមានបទពិសោធស្រាប់និងអ្នកខ្លះធ្វើការជិត២០ឆ្នាំមកហើយ៕ ដោយ កញ្ញា ញ៉ែត ស្រីអូន និងលោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ