លោក ឈាង វុន ថា​លោក កឹម សុខា បង្ក​ចលាចល​ក្នុង​សង្គម

តំណាងរាស្រ្តបក្សកាន់អំណាច លោក ឈាង វុន ថ្លែង​នៅក្នុង​រដ្ឋសភា​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ

តំណាងរាស្រ្តគណបក្សកាន់អំណាច លោក ឈាង វុន បានថ្លែងថារដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា បាននោះទេ ដោយថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីចោទប្រកាន់រឿងស្រីកំណាន់និងករណីគេចពីការចាប់ខ្លួន។

ក្នុងសម័យប្រជុំសភាដែលមានតំណាងរាស្រ្តបក្សកាន់អំណាចចំនួន៥៩រូបក្នុងចំណោម៦៨រូបចូលរួម តែមិនមានវត្តមានតំណាងរាស្រ្តបក្សប្រឆាំង លោក ឈាង វុន បានថ្លែងថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីនៃការចោទប្រកាន់ថាមានស្រីកំណាន់។ លោកមានប្រសាសន៍ថា៖ “ហើយយើងពិតជាមិនអាចការពារអភ័យឯសិទ្ធិរបស់បុគ្គលម្នាក់ដោយយកទៅរំលោភច្បាប់បានទេ មិនត្រឹមតែរំលោភច្បាប់ធម្មតាទេរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសេរីភាពរបស់នារី រំលោភសិទ្ធិក្មេងស្រី ដើម្បីតែបម្រើតណ្ហារបស់ខ្លួន ទាំងអស់នេះយើងត្រូវធ្វើយ៉ាងណាក៏ដោយ យើងត្រូវរួមគ្នាកំចាត់អំពើអស់នេះឲ្យអស់ឲ្យបានទើបសង្គមរបស់យើងបានសុខទៅថ្ងៃក្រោយ ហើយដាច់ខាតយើងមិនអាចយកអភ័យសិទ្ធិរបស់យើងទៅរំលោភទេ”

លោកបញ្ជាក់បន្ថែមថា៖ “ប្រុសម្នាក់ធ្វើការធំប៉ុណ្ណឹង ដើរមានស្រីក្មេង ដឹកដៃគ្នាទៅដេករហូតដល់បាងកក នាំគ្នាទៅសប្បាយ បង្កចលាចលដល់សង្គម ហើយកៀងគរគេឲ្យមកការពារអំពើអាស្រូវរបស់ខ្លួន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កៀងគរមនុស្សមកពេញនៅមុខស្នាក់ការបក្ស”

រហូតមកដល់ពេលនេះ លោក កឹម សុខា មិនបានចេញមុខបកស្រាយរឿងទម្លាយខ្សែអាត់សំឡេងសន្ទនាដែលគេចោទថាជាការសន្ទនារវាងលោកនិងស្រីកំណាន់ឈ្មោះនាង ខុម ចាន់តារ៉ាទី។ បក្សប្រឆាំងចាត់ទុកថានេះជារឿងនយោបាយ។

លោក កឹម សុខា ប្រឈមមុខនឹងការចាប់ខ្លួន ដោយសារលោកមិនបានចូលបំភ្លឺក្នុងនាមជាសាក្សីចំនួនពីរលើកតាមការកោះហៅរបស់តុលាការ។ លោកបានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ក្រោយពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោកត្រូវបានតុលាការឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ខែមិថុនា ខាងមុខនេះ។ គណបក្សប្រឆាំងប្រកាសថាខ្លួននឹងតស៊ូមតិមិនឲ្យមានការចាប់ខ្លួន លោក កឹម សុខា និងព្រមានធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួន។

គណបក្សសង្រ្គោះជាតិបានដាក់ញត្តិរបស់តំណាងរាស្រ្តទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីចុងខែឧសភា ដោយស្នើសុំឲ្យចាត់វិធានការបន្ទាន់ការពារអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី លោក អ៊ុំ សំអាន លោក កឹម សុខា និងលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ នៅក្នុងញត្តិនោះ តំណាងរាស្រ្តបានលើកឡើងថាស្ថាប័នជាតិមួយចំនួនកំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិរបស់សមាជិកសភានិងព្រឹទ្ធសភា។ បន្ទាប់មក រដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាខ្លួនមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយថាពួកគេបានប្រព្រឹត្តបទល្មើសជាក់ស្តែង។ រដ្ឋសភាបានបញ្ជាក់ថា៖ សមាជិករដ្ឋសភាបានយល់ឃើញថាឯកឧត្តមទាំងពីររូប(លោក អ៊ុំ សំអាននិងលោក កឹម សុខា)សុទ្ធតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែងពិតមែន ដូច្នេះរដ្ឋសភាត្រូវតែអនុម័តឲ្យតុលាការបន្តនីតិវិធីជាបន្តទៀត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ