ឌុច​អះអាង​ថា​ឧបករណ៍​​មួយ​ចំនួន​នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ប្រឌិត​ក្រោយ​ថ្ងៃ​៧​មករា

រូបភាពនៃការធ្វើទារុណកម្មនៅគុកទួលស្លែង

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។

នៅទី៩ខែមិថុនាឆ្នាំ២០១៦នេះត្រូវជាថ្ងៃទី៣ក្នុងការផ្តល់សក្ខីកម្ម លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានតុលាការខ្មែរក្រហមសម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីការទទួលខុសត្រូវរបស់លោកលើការធ្វើទារុណកម្មនិងសម្លាប់មនុស្សជាង១៥០០០នាក់នៅគុកទួលស្លែងនោះ. លោកបានអះអាងប្រាប់តុលាការពីការធ្វើទារុណកម្ម៤ប្រភេទនៅក្នុងមន្ទីរសន្តិសុខស២១ ដោយមាន ការវាយនឹងរំពាត់ ការឆក់ខ្សែភ្លើង ការគ្របក្បាលអ្នកទោសនឹងថង់ប្លាស្ទិកនិងការគ្របក្រមាជ្រមុជអ្នកទោស។ ក្នុងចំណោមនៃការធ្វើទារុណកម្មទាំងនេះការវាយនឹងរំពាត់ឌុចថាបានប្រើប្រាស់ច្រើនជាងគេ។ តែលោកបានបដិសេធទៅលើឧបករណ៍ធ្វើទារុណកម្មមួយចំនួនដូចជាធុងទឹកជ្រមុជក្បាលនិងឧបករណ៍ព្យួរជើងអ្នកទោសឡើងលើជាដើម ថាជាឧបករណ៍ប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។

លោកប្រាប់តុលាការថា៖ ខ្ញុំឲ្យគេគូរត្លុកមានរូបហូជីមីញ និងរូបចនសុន ហើយឲ្យគេថ្វាយបង្គំឲ្យអ្នកទោសថ្វាយបង្គំឱព្រះអង្គអើយជួយខ្ញុំផង! អាចហៅថាធ្វើទារុណកម្មដែរ។ ហូជីមីញតំណាងឲ្យយួនឈ្លានពានវាតទីយកទឹកដីនេះ អានេះតាមទ្រឹស្តីរបស់បក្សកុម្មុយនីស្តកម្ពុជា ចំណែកចនសុនគឺតំណាងឲ្យចក្រព័ទ្ធអាមេរិក។ … ខ្ញុំចាំបានតែអាមួយហ្នឹងជាងគេ គឺអាពូថៅពីរមុខៗពីរហ្នឹងខ្ញុំចាំបានតែអាហ្នឹងជាងគេ។ ឯឧបករណ៍ប្រឌិតក្រោយទៀតមាន ដូចជាឧបករណ៍ជ្រលក់ទឹកធុងក្បាលហ្នឹងទៅក្នុងអាងទឹកអីហ្នឹងជាឧបករណ៍ប្រឌិតទេ ប្រឌិតក្រោយថ្ងៃ៧មករា អាព្យួរជើងឡើងលើ ហើយអាផូតូ(បង្គោល)សម្រាប់ឡើងគោកឡើងអីនេះ ក៏ជាឧបករណ៍ប្រឌិតដែរ ជាសេចក្តីរាយការណ៍ប្រឌិតរបស់វ៉ាន់ ណាត(អតីតអ្នកទោសនៅគុកទួល ស្លែង)

លោក កាំង ហ្កេចអ៊ាវ ក៏បានបញ្ជាក់ផងដែរថាក្នុងការធ្វើទារុណកម្ម ពុំមានអ្នកទោសណាមួយហ៊ានស្រែកនោះទេ លោកអះអាងថាចំពោះព័ត៌មានដែលថាមានការស្រែកនៅពេលជាប់ឃុំក្នុងស២១ថាជារឿងបំផ្លើស។ លោកថា៖ ការវាយដំឭដល់ខាងក្រៅនេះ ហើយសម្រែករបស់អ្នកទោសស្រែកថ្នូរស្រែកជំទាលនេះជារឿងបំផ្លើសសុទ្ធសាធ អត់មានឭទេ គ្មានអ្នកទោសណាហ៊ានស្រែកទេ! នេះជាក់ស្តែង

អតីតអ្នកទោសខ្មែរក្រហមនៅស២១ឬគុកទួលស្លែង លោកជុំ ម៉ី បានឲ្យវីអូឌីដឹងថាលោកមិនបានឃើញពីឧបករណ៍ទាំងនោះទេនៅពេលដែលលោកជាប់ឃុំនៅស២១ ដោយសារលោកត្រូវគេចងមុខជាប់នៅពេលដែលចេញពីបន្ទប់ឃុំខ្លួន។ លោកអះអាងមានតែលោក វ៉ាន់ ណាត(ស្លាប់) ដែលជាអតីតអ្នកទោសនិងជាជាងគំនូរក្នុងគុកទួលស្លែងតែមួយគត់ដែលបានឃើញឧបករណ៍ទាំងនោះ។ លោកថា៖ ខ្ញុំមិនបានឃើញអីទេពេលនោះគេចងមុខខ្ញុំណាក្មួយ គេចងមុខទៅណាឲ្យតែទៅណាគេចងមុខហើយយើងមិនបានឃើញអស់ទេ។ ហើយឧបករណ៍អស់ហ្នឹងគឺខ្ញុំមិនបានឃើញទេ ខ្ញុំបានឃើញតែអ្វីដែលគេធ្វើទារុណកម្មខ្ញុំហ្នឹង គេដកក្រចក ឆក់ខ្សែភ្លើងស្អីៗហ្នឹងយើងបានឃើញ វ៉ៃបាក់ដៃអីហ្នឹង ខ្ញុំបានឃើញខ្ញុំទទួលស្គាល់។ តែបើឧបករណ៍ដទៃទៀតនោះ(អាងជ្រមុជទឹក ឧបករណ៍ព្យួរជើងអ្នកទោស) គេប្រមូលយកមកដាក់នោះវាមិនដឹងនៅឯណាអីនៅឯណានោះយើងអត់បានដឹងណា គេអ្នកប្រមូល

បើទោះបើជាលោក ជុំ ម៉ី ក្នុងរយៈពេលដែលលោកជាប់ឃុំនៅស២១ មិនបានឃើញពីឧបករណ៍ទាំងនេះក្តីក៏លោកមិនជឿពីការលើកឡើងរបស់ឌុចទេ។ លោកថា៖ ក្មួយត្រូវយល់អញ្ចេះ! ខ្មែរក្រហមទាំងអស់ទាំងអាមេខ្មែរក្រហមទាំងអាកូនខ្មែរក្រហមទាំងប៉ុន្មាននឹង និយាយ១០០ដង ខ្ញុំអត់ជឿវាទេវាក្រឡេចក្រឡុចណាស់!

លោក ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌុចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ