ជប៉ុន​តវ៉ា​ទៅ​ចិន​ករណី​នាវា​កង​ទ័ព​ជើង​ទឹក​បើក​ទៅ​ជិត​ដែន​ទឹក​មាន​ជម្លោះ

ដែន​ទឹក​មាន​ជម្លោះ (រូបភាពពី Reuters)

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ជប៉ុនបានតវ៉ាទៅអគ្គរដ្ឋចិនប្រចាំទីក្រុងតូក្យូនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញកង្វល់របស់ខ្លួន បន្ទាប់ពីនាវាកងទ័ពជើងទឹកចិនបានបើកទៅជិតនឹងកោះដែលជប៉ុនចាត់ទុកជាដែនទឹករបស់ពួកគេនៅសមុទ្រចិនខាងកើតជាលើកដំបូង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថានាវាកងទ័ពជើងទឹកចិនបានចូលទៅដែនទឹកនោះក្នុងរយៈពេលដ៏ខ្លីមួយកាលពីយប់មិញដែលក្រុងតូក្យូចាត់ទុកជាដែនទឹករបស់ខ្លួនស្ថិតក្រោមដែនកោះមានជម្លោះដែលជប៉ុនហៅថាសេនកាគូ ហើយចិនហៅថាដាវយួ។

ករណីនេះបានកើតឡើង ខណៈដែលមានសញ្ញាបង្ហាញនូវភាពប្រសើរឡើងនៅក្នុងទំនាក់ទំនងរវាងមហាយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរនេះដែលជាប់ផុងនៅក្នុងភាពតានតឹងដាក់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជុំវិញប្រវត្តិសាស្ត្រនិងវិវាទដែនទឹករបស់ពួកគេ។

យោងតាមរ៉យទ័រ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក អាគីតាកា សៃគី បានតវ៉ាទៅអគ្គរដ្ឋចិនប្រចាំទីក្រុងតូក្យូជាលើកទី២ក្នុងថ្ងៃដដែលនេះ ដើម្បីបង្ហាញក្ដីបារម្ភដ៏ធ្ងន់ធ្ងរនិងជំរុញឲ្យនាវាចិនចាកចេញពីតំបន់នោះ។

រីឯក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថានាវាចិននោះមួយក្រោយមកបានចាកចេញពីដែនទឹកនោះវិញដោយបានបើកទៅភាគខាងជើង។

នាវាល្បាតចិនតែងតែបើកទៅជិតឬចូលក្នុងតំបន់ដែលក្រុងតូក្យូចាត់ទុកជាដែនទឹករបស់ខ្លួន ប៉ុន្តែនេះជាលើកទីមួយហើយដែលនាវាកងទ័ពជើងទឹកចិនបានចូលទៅក្នុងដែនទឹកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ