រដ្ឋមន្រ្តីយុត្តិធម៌ថាក្រសួងមិនដែលប្រើអំណាចអធិបញ្ជាគាបសង្កត់ការសម្រេចរបស់ចៅក្រម

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងក្រសួងយុត្តិធម៌មិនដែលប្រើអំណាចអធិបញ្ជាគាបសង្កត់ការសម្រេចរបស់ចៅក្រម ផ្ទុយពីការចែងរបស់ច្បាប់នោះទេ។

លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា បានថ្លែងបែបនេះនៅក្នុងសម័យប្រជុំសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមានការចូលរួមតែពីតំណាងរាស្រ្តបក្សប្រជាជនកម្ពុជា ដោយអវត្តមានតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប។

តំណាងរាស្រ្តបក្សប្រឆាំងចំនួន១៦រូបបានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាលើបញ្ហាមួយចំនួន រួមមានគោលការណ៍ច្បាប់និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន(គោលការណ៍និងការអនុវត្តជាក់ស្តែងនិងអធិការកិច្ចការឃុំខ្លួន)និងការប្តឹងបរិហារនិងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ គណបក្សសង្រ្គោះជាតិប្រកាសថាខ្លួនធ្វើពហិការមិនចូលរួមប្រជុំសភា ខណៈលោក កឹម សុខា ប្រឈមនឹងការចាប់ខ្លួន។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថាអវត្តមាននេះជាការមិនទទួលខុសត្រូវ មិនឲ្យតម្លៃលើខ្លួនឯង និងមិនគោរពរដ្ឋសភា។ ទាក់ទងនឹងអំណាចអធិបញ្ជា រដ្ឋមន្រ្តីបញ្ជាក់ថាក្រសួងមិនដែលប្រើអំណាចអធិបញ្ជានេះដើម្បីគាបសង្កត់ការសម្រេចរបស់ចៅក្រម។ លោកមានប្រសាសន៍ថា៖ “ជាការកត់សម្គាល់ចាប់តាំងពីការអនុវត្តក្រមព្រហ្មទណ្ឌនេះ  ក្រសួងយុត្តិធម៌ក៏មិនដែលប្រើប្រាស់អំណាចនេះម្តងឡើយ បើទោះបីមានការស្នើសុំជាច្រើនពីភាគីនានា តាមរយៈបណ្តឹងអន្តរាគមន៍នានាពីក្រសួងយុត្តិធម៌ក៏ដោយ”។ លោកបន្ថែមថាការធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មិនត្រូវប៉ះពាល់ដល់សម្រេចរបស់ចៅក្រមនៃសាលាជម្រះក្តីនោះឡើយ។

បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ការធ្វើអធិបញ្ជាទៅកាន់អគ្គព្រះរាជអាជ្ញាគឺដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ដើម្បីបន្តនីតិវិធីស្វែងរកការពិត ប៉ុន្តែលោកថាក្រសួងយុត្តិធម៌មិនអាចធ្វើអធិបញ្ជាមិនតម្កល់រឿងឥតចាត់ការបានឡើយ។ លោកបន្តថាការធ្វើអធិបញ្ជានេះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជាដាច់ខាតមិនមែនផ្ទាល់នោះទេ នៅពេលរដ្ឋមន្រ្តីយល់ថាមានការខ្វះចន្លោះក្នុងការអនុវត្តនិងបទល្មើសប៉ះពាល់ដល់សន្តិសុខជាតិ។

ក្រោយពីបញ្ចប់ការថ្លែងតាមឯកសារអស់រយៈពេលប្រមាណ២៥នាទី មិនមានតំណាងរាស្រ្តបក្សកាន់អំណាចចោទជាសំណួរទៅកាន់លោក អង្គ វង្ស វឌ្ឍានា នោះទេ។ ទោះជាយ៉ាងណា តំណាងរាស្រ្តពីររូបគឺលោក ឈាង វុន និងលោក ជាម យៀប បានលើកឡើងពីករណីលោក កឹម សុខា និងបានរិះគន់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។ តំណាងរាស្រ្តទាំងពីររូបថារដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តបក្សប្រឆាំងនោះទេ។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែមីនា លោក ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តកំពង់ស្ពឺអន្តរាគមន៍ទៅតុលាការជួយឲ្យមានការដោះលែងស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងជម្លោះដីធ្លី។ លោកក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យករណីនេះជាបន្ទាន់។ ភ្លាមៗនោះ ពលរដ្ឋទាំងពីរនាក់ត្រូវបានដោះលែង។ លោក ហ៊ុន សែន បានបញ្ជាក់ថាការបញ្ជានេះមិនបង្ហាញថាតុលាការស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលនោះទេ។

តុលាការកម្ពុជាត្រូវបានសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនរិះគន់ថាមិនឯករាជ្យ ដោយស្ថិតនៅក្រោមរដ្ឋាភិបាលនិងអ្នកមានអំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ