មនុស្សពីរនាក់ស្លាប់​ដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម

(រូបថតពីហ្វេសប៊ុក​Sok Chamroeun)

សមត្ថកិច្ចអះអាងថាមនុស្សពីរនាក់ស្លាប់ក្នុងហេតុការណ៍លិចទូកដនៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសារខ្យល់កន្ត្រាក់ខ្លាំងកាលពីរសៀលថ្ងៃពុធ។

កាលពីយប់ថ្ងៃពុធ សមត្ថកិច្ចបានឲ្យដឹងថាមនុស្សមួយនាក់ស្លាប់និងពីរបីនាក់ទៀតបាត់ខ្លួន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្នងការរងខេត្តកណ្តាល លោក វ៉ែន សុវិន ប្រាប់វីអូឌីថារហូតមកដល់ពេលនេះ មនុស្សពីរនាក់ស្លាប់ ក្នុងនោះម្នាក់អាយុ៦១ឆ្នាំនិងក្មេងអាយុ២ឆ្នាំ ស្លាប់តែមិនទាន់រកឃើញសាកសពនៅឡើយទេ។ លោកបន្តថានៅលើទូកដនោះមានមនុស្ស៨នាក់ដែលក្នុងនោះ៦នាក់បានហែលចេញពីទូកនិងត្រូវបានជួយសង្រ្គោះ។

លោកបញ្ជាក់ថាសមត្ថកិច្ចកំពុងតែតាមចាប់អ្នកបញ្ជាទូក ដោយលោកថាឧបទ្ទវហេតុនេះអាចមកពីការធ្វេសប្រហែសរបស់អ្នកបញ្ជាទូក។ លោកឲ្យដឹងទៀតថាតាមរបាយការណ៍ ទូកដនោះដឹកម៉ូតូចំនួន៤គ្រឿង។

សមត្ថកិច្ចឲ្យដឹងថាទូកនោះដឹកអ្នកដំណើរឆ្លងកំពង់ដពីកោះកែវទៅសំរោងធំ ស្រុកកៀនស្វាយ ហើយបានក្រឡាប់លិចចាក់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទី នៅភូមិកោះកែវ ឃុំកោះកែវ ខណៈពេលដែលមានភ្លៀងខ្លាំងនិងមានខ្យល់កន្ត្រាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ