ពលរដ្ឋនៅតំបន់ឧទ្យានអង្គរបារម្ភថាអាជ្ញាធរជាតិអប្សរាផ្ដើមរុះរើផ្ទះក្រោយបោះឆ្នោតរួច

ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយបារម្ភថា អាជ្ញាធរជាតិអប្សរា រុះរើលំនៅឋានពួកគេ បន្ទាប់ពីសាងសង់ផ្ទះ ក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កា​ត់​អាណត្ដិទី៤នេះ​កន្លងមក។

ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់វីអូឌី នៅថ្ងៃនេះថា មុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ដោយឲ្យសង់លំនៅឋានក្នុងតំបន់ហាមឃាត់នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច លោកថា មន្ដ្រីស្ថាប័ននោះ បានហាមឃាត់ និងគម្រាមដឹកយកសំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។

លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួកគាត់សម្ដែងការព្រួយបារម្ភពីការបាត់បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។

លោកបន្ដថា៖ «អប្សរា គេហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់ពេលបោះឆ្នោតហើយរំលងបានពីរថ្ងៃ អប្សរាគេហាមឃាត់គេថា មិនឲ្យយើងធ្វើបើធ្វើបន្ដទៀតគេយកអីវ៉ាន់ទាំងអស់បាទបើគរុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភដែរ»។

ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាតឲ្យពួកគាត់សង់ផ្ទះមុនបោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែក​ជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។

អ្នកស្រីបន្ដថា ពល​រដ្ឋ​ខ្លះបានជ្រកក្រោមតង់កៅស៊ូ និងខ្លះទៀតជ្រកក្រោមខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​ មន្ដ្រីអាជ្ញាធរជាតិអប្សរាគម្រាម​ដឹកសម្ភារៈយកទៅរក្សាទុក។ អ្នកស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹងជួយដោះស្រាយបញ្ហា​ជូនពួកគាត់បាន។

អ្នកស្រីបន្ដថា៖ «គ្នាផ្ទះតូចៗដាក់តែគោមួយ ដាក់មិនកើតមិនឲ្យគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។ ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេក នៅកណ្ដាលវាលស្រែ​ ខ្ញុំឃើញចឹង ខ្ញុំស្រណោះអាណិត យើងអ្នកស្រុកអ្នកស្រែ វាពិបាក​វេទនាណាស់ រុះរើផ្ទះអស់»។

ករណីនេះ VOD មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយទូរស័ព្ទនៅក្រៅសេវា។

ទោះជាយ៉ាងណា អ្នកឃ្លាំមើកការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់​ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោស​នា​រកសំលេង​ឆ្នោតនោះ គ្រាន់តែចង់បានប្រ​ជា​ប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុ​ណ្ណោះ​។​ លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះ ​អាជ្ញាធរជាតិអប្សរាគួររៀប​ចំឲ្យមានដំណោះស្រាយមួយសមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បីកាត់បន្ថយជម្លោះប្រ​សើរ​ជាងការគម្រាមកំហែង។

កាលពីម្សិលមិញ វីដេអូខ្លីបមួយ ដែលផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីជម្លោះគ្នារវាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះ គម្រាមដឹកសម្ភារៈ និងរុះរើផ្ទះពលរដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ