គ.ជ.ប កែតម្រូវឲ្យ CNRP ឈ្នះ CPP វិញ នៅឃុំព្រៃផ្ដៅ ខេត្ដតាកែវ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកែតម្រូវលទ្ធផលបោះឆ្នោតនៅឃុំមួយ ក្នុងខេត្តតាកែវ ដោយថា គណបក្សសង្គ្រោះជាតិ យកឈ្នះលើបក្សកាន់អំណាចវិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកែតម្រូវលទ្ធផលបោះឆ្នោត ក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយថា គណបក្សសង្គ្រោះជាតិទទួលបាន ២ ៦២២សំឡេង។ ចំណែក​ គណបក្សប្រជាជនកម្ពុជាទទួលបាន ២ ៥៣៨សំឡេង តាមពីក្រោយដោយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១៨៤សំឡេង។

បើតាមសេចក្ដីប្រកាស មុនកែតម្រូវលទ្ធផលនេះ គ.ជ.ប បានចុះផ្សាយថា គណបក្សប្រជាជនឈ្នះលើគណបក្សសង្គ្រោះជាតិ ដោយសំឡេង ២ ៥៧៩ ទល់នឹង ២ ៥៤៨ ពោលគឺលើស ៣១សំឡេង។

ចំពោះការកែតម្រូវនេះ គ.ជ.ប ថា ដោយសារកំហុសឆ្គងបញ្ហាបច្ចេកទេស​នៃការបញ្ចូលទិន្នន័យ។

នៅថ្ងៃសុក្រនេះដែរ ក្រុមអ្នកលេងបណ្ដាញសង្គម បានចែកចាយបន្ដគ្នា នូវលទ្ធផលបោះឆ្នោតបឋមមួយទៀត ក្នុងឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបែរជាទទួលបាន ២០៩៥សំឡេង ដោយឈ្នះលើគណបក្សប្រជាជន និងបក្សសង្គ្រោះជាតិ។ ករណីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បង្ហោះភ្ជាប់នូវទម្រង់ ១១០៥ ដែលនៅក្នុងទម្រង់នោះ គណបក្សសង្គ្រោះជាតិទទួលបានសំឡេង ២ ០៩៥ ឈ្នះលើគណបក្សប្រជាជន ដែលមាន១ ៤៣៥ សំឡេង និងតាមពីក្រោយដោយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងថា ក្រុមការងារកំពុងពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញពីឃុំសង្កាត់​ ដែលមានភាពមិនប្រក្រតី។ លោកអះអាងថា គ.ជ.ប នឹងស្រាវជ្រាវ ដោះស្រាយបញ្ហាមិនប្រក្រតីទាំងអស់នេះ ទោះបីជាប្រភព ឬកង្វល់នោះ ចេញពីបណ្ដាញសង្គមក៏ដោយ។

ក្នុងលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន អះអាងថា គណបក្សលោកទទួលជ័យជំនះយ៉ាងធំធេង ដោយទទួលបានតំណែងជាមេឃុំ ចៅ​សង្កាត់ជាង១ ១៥០ ស្មើ​នឹង​៧០ភាគរយ នៃឃុំសង្កាត់សរុប១ ៦៤៦។

យ៉ាងណាក៏ដោយ គ.ជ.ប បានអំពាវនាវសាធារណៈជនកុំឲ្យជឿលើបណ្ដាគណបក្សនយោបាយ ដែលផ្សាយលទ្ធផលក្រៅផ្លូវការណាមួយ មុន គ.ជ.ប។ ហើយលទ្ធបោះឆ្នោតផ្លូវការយ៉ាងណានោះ គ.ជ.ប ថានឹងប្រកាសត្រឹមថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧។

តាមសេចក្ដីប្រកាស គ.ជ.ប ថាខ្លួនបានផ្សាយលទ្ធផលបោះឆ្នោតបឋមគ្រប់ឃុំសង្កាត់ទាំងអស់ហើយ ក្នុងចំណោមឃុំសង្កាត់ ១៦ ៤៦ទូទាំងប្រទេស ដែលទិន្ន័យទាំងនោះ ប្រជាពលរដ្ឋ អាចចូលទៅរកនៅលើគេហទំព័រគជប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ