តុលាការ​សម្រេច​ចោទ​ប្រកាន់​អ្នក​កាសែត​ជន​ជាតិ​អូស្ត្រាលីម្នាក់ ​ករណីការ​លួច​ព័ត៌មាន

អ្នក​កាសែត​អូស្ត្រាលី លោក Jame Ricketson (ABC)

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទ​ប្រកាន់​ អ្នក​ការ​សែត​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ទាក់​ទងទៅ​នឹង​ការ​សង្ស័យថាបានចូល​មក​លួច​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា។

ស្នងការរងនគរបាលរាជធានីភ្នំពេញលោក លូ រ៉ាបូ មានប្រសាសន៍ប្រាប់វីអូឌីកាលពី​ថ្ងៃទី០៥មិថុនាថា កាលពីថ្ងៃទី៣មិថុនា អាជ្ញាធរបានឃាត់ខ្លួនអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ នៅសួនមាត់ទន្លេ​ មុខព្រះបរម​រាជវាំង​ បន្ទាប់​ពីមានការ​សង្ស័យ​ទៅលើ​អ្នកការ​សែតរូបនេះ​ថាបាន​ចូលមក​រស់នៅខុសច្បាប់នៅកម្ពុជា។

លោកថា៖ «ឃាត់នៅមាត់ទន្លេ។ យើងត្រួតពិនិត្យធម្មតាហ្នឹងណា ឃើញជនបរទេស គួរឲ្យសង្ស័យយើងសួរនាំគាត់រកមើលលិខិតស្នាមអីអញ្ចឹងទៅគាត់វាអត់មាន ហើយសួរគាត់រកលិខិតស្នាមថា រស់ឯណាអញ្ចឹងទៅ គាត់អត់ឆ្លើយតបទាំងអស់ អត់សហការអញ្ចឹង មានតែគាត់លួចនៅស្រុកខ្មែរខុសច្បាប់បើគាត់អត់មានលិខិតស្នាមផង »

​ទោះជាយ៉ាង​ណា ​ក្រោយ​ពី​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ​លោក លី សុផា​ណា ​បាន​ឲ្យ​អ្នក​សារព័ត៌មាន​តាមសារ​អេឡិច​ត្រូនិច​តេលេ​ក្រាមថា ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​រាជធានីភ្នំពេញលោក ​សៀង សុខ បាន​សម្រេច​ចោទ​ប្រកាន់អ្នក​កា​សែត​​ជន​ជាតិ​អូស្ត្រាលី​ម្នាក់នេះ ​​ពី​បទ​ប្រមូល​ព័ត៌មាន ​ដែល​អាច​ធ្វើ​ឲ្យ​អន្ត​រាយ​ការ​ការពារជាតិ តាម​មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ នឹង​បានបញ្ជូន​សុំ​ណុំ​រឿង​នេះ​ ទៅ​កាន់​ចៅ​ក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត។

បើ​តាម​មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ លោក Ricketson អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធ​នាគារពី៥ ទៅ​១០ឆ្នាំ​។

វី​អូ​ឌី​ នៅមិនទាន់អាច​ទាក់​ទង​ស្ថាន​ទូត​អូស្ត្រាលី ​ដើម្បី​សុំ​ប្រតិកម្ម​ពីការ​ចាប់​ខ្លួនជន​ជាតិ​ខ្លួន​នេះ ​បាន​នៅ​ឡើយ​ទេ។

គួរបញ្ជាក់​ផង​ដែរ​ថា លោក Jame Ricketson គឺជាផលិតករភាពយន្តជនជាតិអូស្ត្រាលី ដែលភាពយន្ត​របស់គាត់ភាគច្រើន​ជាប្រភេទ​បទយកការណ៍ និងជាភាពយន្តឯកសារ។ កាលពីឆ្នា២០១៤​លោកធ្លាប់​ត្រូវ​បានតុលាការ​កម្ពុជា​កាត់ទោសម្តង​ហើយ​ដោយ​ដាក់ពន្ធនាគារចំនួនពីរឆ្នាំពីបទបង្ខូចកេ្ករ៍ ពាក់ព័ន្ធ​នឹង​ការគំរាម​ផ្សព្វផ្សាយ​ថាវិហារ Citipointe បានធ្វើអាជីវកម្មលក់កូនក្មេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ