គណបក្សកាន់អំណាចបានបំភ្លឺថា គ្មានគម្រោងយកមន្ត្រីឃុំសង្កាត់របស់ខ្លួនដែលធ្លាក់ឆ្នោត មកធ្វើជំនួយការឬទីប្រឹក្សាមន្ត្រីរដ្ឋាភិបាល ដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ ដោយចាត់ទុកថា ការលើកឡើងបែបនោះថា ជារឿងមិនពិត។
ក្រសួងមហាផ្ទៃ បានចេញសេក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៨ខែមិថុនា បានលើកឡើងថា ថ្មីៗនេះមានការផ្សាយព័ត៌មានថា អង្គការសង្គមស៊ីវិល អ្នកនយោបោយបក្សប្រឆាំង ព្រួយបារម្ភអំពីការប្រើប្រាស់ថវិកាជាតិ ដោយគ្មានប្រសិទ្ធភាព ជុំវិញគម្រោងតែងតាំងមន្ត្រីឃុំសង្កាត់ចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ជាជំនួយការ ឬទីប្រឹក្សាមន្ត្រីរដ្ឋាភិបាល។
ក្រសួងបានច្រានចោល ក្តីបារម្ភនេះ ដោយបំភ្លឺថា រដ្ឋាភិបាលគ្មានគោលការណ៍ តែងតាំងមុខតំណែងមេឃុំ ជំទប់ ឬចៅសង្កាត់ ចៅសង្កាត់រងមួយចំនួន ដែលធ្លាក់ឆ្នោតនៅក្នុងអាណត្តិទី៤នេះ ដូចការលើកឡើងនោះទេ។
ប៉ុន្តែក្រសួងថា កន្លងទៅរដ្ឋាភិបាលមានតែគោលការណ៍ ក្នុងការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជំនួយការនៅតាមក្រសួង ស្ថាប័ននានា របស់រដ្ឋាភិបាល ចំពោះតែមេឃុំជំទប់ ឬចៅសង្កាត់ ចៅសង្កាត់រងមួយចំនួន ដែលមិនបានឈរឈ្មោះជាបេក្ខជន សម្រាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤តែប៉ុណ្ណោះ។
ក្រសួងលើកឡើងថា ជម្រើសបែបនេះ ក្នុងបំណងប្រើប្រាស់ធនធានមនុស្ស ដែលមានបទពិសោធន៍ និងសមត្ថភាពសម្រាប់ជួយការងារតាមក្រសួងស្ថាប័ន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់ថ្លែងក្នុងកម្មវិធីវិទ្យុអាស៊ីសេរីថា ការផ្តល់តំណែងណាមួយ ដល់មន្ត្រីឃុំសង្កាត់ ដែលធ្លាក់ឆ្នោត របស់បក្សកាន់អំណាចលោកថា ជាជម្រើសនៃគោលនយោបាយ របស់គណបក្សនីមួយៗ ដោយលោកសុំមិនធ្វើការបកស្រាយទេ។
ប៉ុន្តែមេបក្សប្រឆាំងរូបនោះថា ភាពត្រឹមត្រូវ ឬមិនត្រឹម ទុកឲ្យម្ចាស់ឆ្នោត ជាអ្នកវាយតម្លៃពេលបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខ។
មុនបោះឆ្នោតឃុំសង្កាត់ មានលិខិតរបស់លោកស្រី ម៉ែន សំអន ក្នុងនាមលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យអ្នកចុះពង្រឹងបក្សនៅតាមខេត្តនីមួយត្រៀមខ្លួន ទំនុកបម្រុងថវិកាដល់មេឃុំ និងចៅសង្កាត់ របស់គណបក្ស ដែលមិនជាប់ឆ្នោត។
ប៉ុន្តែក្រោយមកក៏មានលិខិតថ្មីមួយទៀត ដោយគណបក្សប្រជាជនកម្ពុជា តម្រូវឲ្យរដ្ឋមន្រ្តីតាមក្រសួងនីមួយៗត្រៀមទទួលមេឃុំ និងចៅសង្កាត់ដែលមិនជាប់ឆ្នោតមកធ្វើជាជំនួយការឬទីប្រឹក្សាវិញម្តង។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា សេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ អាចជាការជម្រះមន្ទិលមួយ។ ប៉ុន្តែលោក បានដាក់ជាសំនួរថា បើមន្ត្រីទាំងនោះ មិនបានឈរឈ្មោះដោយសារតែអសមត្ថភាព នោះការចាយវាយកវិកាជាតិនៅតែជបញ្ហាដដែល។
លោកថា៖ «ប៉ុន្តែបើការបំពេញការងារមានប្រសិទ្ធភាពការចំណាយថវិកាជាតិមិនមែនជាបញ្ហាទេ។ ប៉ុន្តែបើការបំពេញការងារហ្នឹងគ្មានប្រសិទ្ធភាព ហើយមន្ត្រីនៅក្នុងតំណាងហ្នឹងគាត់បំពេញការងារមិនបានល្អ ដោយសារតែប្រកាណាមួយនោះ ខ្ញុំគិតថាគឺជាសំនួរបន្តទៅប្រជាពលរដ្ឋ ទៅនឹងការចាយវាយថវិកាជាតិ ទៅនឹងប្រសិទ្ធភាព»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការផ្តូរជំហរមិនតែងតាំងមន្ត្រីធ្លាក់ឆ្នោត ក្នុងជួររដ្ឋាភិបាលបែបនេះ លោកថា អាចជាការផ្តល់ទំនុកចិត្តដល់ម្ចាស់ឆ្នោតឡើងវិញ ។
លោកថា៖ «ការសម្រេចចិត្តចុងក្រោយនេះ ទាក់ទិននឹងបែបបទរដ្ឋបាលផង និងបែបនយោបាយផង ដែលគាត់ក្នុងនាមជាបក្សកាន់អំណាច។ អញ្ចឹងអាចពិចារណាមើលឃើញថាមិនសូវជាចំណេញ បានជាមានការសម្រេចចិត្តនេះ»។
បើតាមការអះអាង របស់អ្នកនយោបាយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា អាចបាត់បង់អស់មេឃុំជិត៥០០ និងក្រុមប្រឹក្សាជាង៤ពាន់នាក់ទៀត។