គណបក្សមួយថាមេភូមិភាគច្រើនចេះតែដើរបំភិតបំភ័យពលរដ្ឋ ជាជាងធានាសន្ដិសុខភូមិឃុំ

គណបក្សមួយ ដែលមិនជាប់តំណែងមេឃុំចៅសង្កាត់សោះ បានស្នើឲ្យគណបក្សដែលឈ្នះឆ្នោត កែសម្រួល និងអប់រំមេភូមិ ដោយថា ពួកគេភាគច្រើនចេះតែដើរតាមដាន បំភ័យពលរដ្ឋ ជាជាងរក្សាសន្ដិសុខភូមិឃុំ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រទី៩មិថុនាឆ្នាំ២០១៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវដល់គណបក្ស ដែលឈ្នះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ធ្វើការណែនាំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដោយសម្របសម្រួល និងបោះឆ្នោតជ្រើសរើសមេភូមិដោយប្រជាពលរដ្ឋផ្ទាល់ និងមិនគួរប្រកាន់បក្ខពួកនយោបាយឡើយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្កេតឃើញថា ជាង៣អាណត្តិមកនេះ មេភូមិភាគច្រើនមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ប៉ុន្ដែបែរជាយកពេលវេលា ដើរតាមដាន ឃ្លាំមើល និងបំភិតបំភ័យប្រជាពលរដ្ឋ ព្រោះតែប្រកាន់និន្នាការនយោបាយ។

គណបក្សមួយនេះ ក៏ស្នើដល់រាជរដ្ឋាភិបាលរៀបចំឲ្យមានកម្មវិធីនយោបាយជាតិពង្រឹងសមត្ថភាពមេភូមិ ដើម្បីជាប្រយោជន៍ពលរដ្ឋ និងអភិវឌ្ឍភូមិឃុំ។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សួស យ៉ារ៉ា ថា ការលើកឡើងនេះ គ្រាន់តែជាមតិយោបល់ និងផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហើយ។ លោកក៏ច្រាលចោលការលើកឡើងរបស់គណបក្សនេះ ដែលថា មេភូមិដើរបំភិតបំភ័យពលរដ្ឋ​ ដោយលោកអះអាងថា រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាពភូមិឃុំ និងការគោរពសិទ្ធិពលរដ្ឋ។

​លោកថា៖ «អ្វីដែលគាត់និយាយហឹ្នងគឺមិនស្របនឹងច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា […]អ្វីដែលគាត់និយាយ ជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ​ហើយបើយើងគិត គឺថាប្រជាជនមានសន្ដិភាព ហើយប្រទេសបានធ្វើការអនុវត្តលទ្ធិប្រជាធិបតេយ្យ បោះឆ្នោតឃុំសង្កាត់បានល្អ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សលោកនឹងទទួលយកអនុសាសន៍ក្នុងន័យស្ថាបនា ដើម្បីប្រយោជន៍ពលរដ្ឋ និងការអភិវឌ្ឍជាតិ។ ប៉ុន្ដែលោកថា គណបក្សសង្គ្រោះជាតិមានគោលនយោបាយក្នុងការអប់រំនិងពង្រឹងសមត្ថភាពមេភូមិហើយ ដោយលោកធានាថា ពួកគេនឹងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន។

លោកថា៖«យើងស្ដាប់នូវរាល់មតិយោបល់ទាំងអស់ ក្នុងន័យស្ថាបនា យើងស្ដាប់ទាំងអស់ ប៉ុន្ដែ ធ្វើម៉េចក៏ដោយគណបក្សសង្គ្រោះជាតិ គេមានគោលនយោបាយរបស់គេ សំខាន់គេអប់រំមេភូមិហ្នឹង ដែលជាមេដឹកនាំប្រជាធិបតេយ្យ និយាយឲ្យខ្លីតែម្ដង»។

ការជ្រើសរើសមេភូមិ នឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាឃុំសង្កាត់ បន្ទាប់ពីដឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤​ នេះចប់។ សម្រាប់ការបោះឆ្នោតលើកនេះ ឃុំសង្កាត់ក្នុងប្រទេសកម្ពុជា មានចំនួន១៦៤៦ ក្នុងនោះមានជាង១ម៉ឺន៤ពាន់ភូមិ (១៤ ៣៨៣ភូមិ)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ