ក្រុមយុវជនត្រូវសមត្ថកិច្ចរារាំងខណៈយកកម្រងផ្កាទៅដាក់នៅកន្លែងឃាតកម្មលើលោក កែម ឡី

រូបភាពពី Facebook

យុវជន​មួយ​ក្រុម​មក​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​អាជ្ញាធរ​រារាំង​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈដែល​ពួកគេ​យក​កម្រង​ផ្កា​ទៅ​ដាក់​នៅ​ក្នុង​ម៉ាត ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ជាទី​ដែល​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​មុន។

អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាអ្នកស្រី អ៊ូ ទេពផល្លីន បានលើកឡើងថា ក្រុមអ្នកស្រីគ្រាន់តែដាក់ផ្កា និងរូបថត​លោកបណ្ឌិត កែម ឡី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់លោកក្នុងនាមជាមិត្តភក្តិតែប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរ បានរារាំងអ្នកស្រី។

អ្នក​ស្រី​បន្ថែម​ថា សមត្ថកិច្ច ៣​ឡាន ត្រូវ​បាន​ដាក់​ពង្រាយ​ឡោម​ព័ទ្ធ​នៅ​ទីនោះ ដែល​អ្នក​ស្រី​ថា បាន​រារាំង​ក្រុម​អ្នក​ស្រី​ដែល​មាន​គ្នា​តែ៤​នាក់​មិន​ឲ្យចូល​ទៅ​ដាក់​កម្រង​ផ្កា​ទេ។

អ្នកស្រីថា៖ “មានក្រុមប៉ូលិសឡោមព័ទ្ធជុំវិញហ្នឹងហើយហ្នឹង គាត់ថា គ្នាគាត់មាន ៣ឡាន  មិន​សម​ណា​​គ្នា​ខ្ញុំ​មាន​គ្នា​តែ ៤​នាក់ មិន​គួរ​ណា​ដាក់​ប៉ូលិស​ដល់ទៅ ៣ឡានទេ។ […] សុំគាត់តែ ៥នាទី ក៏គាត់អត់អនុញ្ញាតឱ្យយើងដែរ គេអត់អនុញ្ញាតតែម្តង។ គេថា គេទទួលបញ្ជាពីថ្នាក់លើ សាលាក្រុង ហើយទាល់តែយើងមានការអនុញ្ញាតពីសាលាក្រុង ទើបគេឱ្យធ្វើ”

អ្នកស្រីបញ្ញាក់ថា ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតស្នើរសុំក្រុមហ៊ុន Chevron ​រួច​ហើយ ដើម្បីផ្តល់ឱកាសឱ្យយុវជន និងក្រុម​អង្គការ​សង្គម​ស៊ីវិល​​ដាក់​ផ្កាគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង១០ព្រឹកថ្ងៃនេះ។

ចំណែក​សមាជិកសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ លោក សាន ណារិទ្ធិ បានប្រាប់វីអូឌីថា ក្រុម​យុវជនរបស់លោក មានគ្នាមិនច្រើន​ ដែលបង្ករ​អសន្តិសុខ​​នោះ​ទេ។

លោកថា៖ “យើង​ចូលទៅគោរពវិញ្ញាណក្ខណ្ឌគាត់ ឱ្យគាត់បានដឹងថា ពួកយើងទៅធ្វើបុណ្យ​ឱ្យគាត់នៅស្រុកកំណើតរបស់គាត់។ មាន​អាជ្ញាធរ​មក​រារាំង​ពួក​ខ្ញុំ​មិន​ឱ្យធ្វើការដាក់ផ្កា ទោះ បីជា​យើង​ប្រាប់ថា យើងមាន​សិទ្ធិក្នុងការ​រៀបចំ​កម្មវិធី​ក្នុងនាម​ជា​បុគ្គលក៏ដោយ ក៏គាត់​នៅ​តែ​រារាំង​ពួក​យើង​យ៉ាង​ខ្លាំង។ ខ្ញុំយល់ថា នេះជាការបង្អាក់ទឹកចិត្តរបស់យុវជនដែលគិតគូរពីបញ្ហាប្រទេសជាតិ ហើយគាត់អត់បានលើកតម្កើង​អ្នកគិតគូទាំងនោះទេ ហើយ​អ្នក​ដែលគិតគូពីផលប្រយោជន៍ជាតិបែរជាមករារាំងទៅវិញ ពួកយើងគ្រាន់តែទៅគោរព​បួន​ប្រាំ​នាទី មិនទៅប៉ះពាល់ដល់សន្តិសុខសង្គមទេ”

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស នៅ​ក្នុង​ម៉ាត​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៧​ស្ថាប័ន បាន​លើក​ឡើង​ថា យុត្តិធម៌​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ សម្រាប់​សព​អ្នក​វិភាគ​នយោបាយ​រូប​នេះ រួម​ទាំង​ក្រុម​គ្រួសារ មិត្ត​ភក្តិ និង​សហការី​របស់​លោក។

ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​ការ​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ពេញ​លេញ​ក្នុង​នោះ​មាន​ទាំង​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​នៅ​ការ៉ាស់​សាំង​​របស់​ក្រុមហ៊ុន​កាល់តិច​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ