គ.ជ.ប ថាទទួលបានសម្ភារៈចុះឈ្មោះបោះឆ្នោត៩៥ភាគរយពីសហភាពអ៊ឺរ៉ុប

សម្ភារៈចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប ទទួលបាន (រូបភាពពីហ្វេសប៊ុក អ្នកនាំពាក្យ គ ជ ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថាប័ននេះទទួលបានឧបករណ៍ឬសម្ភារៈស ម្រាប់ចុះឈ្មោះឆ្នោតឃុំ/សង្កាត់ពីសហភាពអ៊ឺរ៉ុបប្រមាណ៩៥ភាគរយ ដោយលោកថា៥ភាគរយទៀត គ.ជ.ប នឹងទទួលបានយ៉ាងយូរត្រឹមសប្តាហ៍ក្រោយនេះ។

ឧបករណ៍ឬសម្ភារៈ៩៥ភាគរយដែលទទួលបាននោះរួមមាន កុំព្យូទ័រ ឧបករណ៍ស្កេនក្រយ៉ៅដៃ កំាមេរ៉ា ប្រមាណ២៤០០ឈុត។ ដោយឡែកនៅខ្វះ៥ភាគរយទៀត ផ្នែកម៉ាស៊ីនភ្លើង។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងនៅថ្ងៃអង្គារនេះថា ឧបករណ៍ឬសម្ភារៈទាំងនោះ គ.ជ.ប ទទួលបានពីសហភាពអ៊ឺរ៉ុបនៅថ្ងៃទី១៩ ខែកក្កដា ឆ្នំា២០១៦។ លោកបន្តថា យ៉ាងយូរនៅសប្តាហ៍ក្រោយ គ.ជ.ប នឹងទទួលបានសម្ភារៈគ្រប់ចំនួន សម្រាប់បំរើឲ្យការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក ហង្ស ពុទ្ធា បញ្ជាក់ថាមុនបោះចុះឈ្មោះបោះឆ្នោតនោះ គ.ជ.ប ក៏បានប្រកាសជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនោះប្រមាណ៦១០៣នាក់ សម្រាប់បំរើការចុះឈ្មោះបោះឆ្នោតតាមឃុំ/សង្កាត់ទូទំាងប្រទេស។

បើតាម គ.ជ.ប អ្នកមានសិទ្ធិបោះឆ្នោតអាចឡើងដល់ជាង១០លាននាក់។ បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់ គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៥ខែឧសភាបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាពដោយលោកបានរិះគន់ការលើកឡើងកន្លងមកថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។

ការថ្លែងរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ