ពលករកម្ពុជាទៅចុះបញ្ជីជាកម្មករស្របច្បាប់នៅថៃតិចជាងការរំពឹងទុក

ពលករកម្ពុជាទៅចុះបញ្ជីជាកម្មករស្របច្បាប់នៅថៃ (Asian Thai)

ក្រសួងការងារបានជូនដំណឹងថា ពលករកម្ពុជាមិនទាន់ស្របច្បាប់ដែលកំពុងធ្វើការនៅថៃទៅចុះបញ្ជីបានជាង២០ម៉ឺននាក់នោះ គឺទាបជាងការរំពឹងទុក ខណៈនៅជាង១០ម៉ឺននាក់ទៀត កំពុងតែរស់នៅ និង ធ្វើការងារទាំងខុសច្បាប់។​

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការងារកម្ពុជាចេញផ្សាយនៅថ្ងៃទី៧ ខែ សីហា ឲ្យដឹងថា ពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានជាង៣០ម៉ឺន ប៉ុន្តែក្នុងរយៈពេលដែលតម្រូវចុះបញ្ជីទទួលភាពស្របច្បាប់ចាប់ពីថ្ងៃទី២៤ខែកក្កដាដល់ថ្ងៃទី៧ខែសីហា មានអ្នកចុះឈ្មោះបានតែ២០ម៉ឺននាក់​(២០៣ ៧៣២នាក់) នៅសល់ប្រមាណ​១០ម៉ឺននាក់ទៀត។​

ចំណែកមន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា មូលហេតុដែលពលករខុសច្បាប់ចុះបញ្ជីបានតិចនេះ ដោយសារខ្វះការផ្សព្វផ្សាយ ការប្រើវេលា និងប្រាក់ច្រើន​។​

កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលថៃរៀបចំឲ្យពលករខុសច្បាប់ដែលធ្វើនៅក្នុងប្រទេសនេះទាំងអស់បំពេញលក្ខខណ្ឌដើម្បីទទួលបានភាពច្បាប់។​ និតិវិធីបំពេញលក្ខខណ្ឌមាន ៣ដំណាក់កាល គឺទី១ ថៅកែ​ថៃទៅចុះឈ្មោះពលករពីថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ០៧ សីហា ទី២ ពីថ្ងៃទី ០៨ សីហា ដល់ថ្ងៃទី ០៩​កញ្ញា ពលករត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង និង ចុងក្រោយ ពលករ ស្នើសុំ​លិខិត​ ស្នាក់នៅ និងបណ្ណការងារ ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ និងមន្ត្រីអន្តោប្រទេស និងក្រសួងការងារថៃ៕

ហូ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ