សាលារាជធានីភ្នំពេញ ប្រកាសដាក់កំហិតឲ្យអាជីវករបញ្ឈប់យកចិញ្ចើមផ្លូវសាធារណៈដើម្បីលក់ដូរ ដែលអាជ្ញាធរថា នាំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈនិងកកស្ទះចរាចរណ៍។
ក្នុងសេចក្តីណែនាំកាលពីថ្ងៃអង្គារម្សិលមិញ សាលារាជធានីបានដាក់កំហិតក្នុងរយៈពេលពីរសប្តាហ៍ ឲ្យអាជីវករបញ្ឈប់សកម្មភាពលក់ដូរ ឬចតរថយន្ត ឬម៉ូតូនៅតាមចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី៨ខែសីហានេះតទៅ។ ប៉ុន្តែសេចក្តីណែនាំដដែលនេះមិនបានបង្ហាញពីចំណាត់ការយ៉ាងណាឡើយ បើសិនជាអាជីវករនៅតែប្រើប្រាស់ផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន។
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ប្រធានផ្នែកទីផ្សារនៅភោជនីយដ្ឋាន «ង៉ន» ដែលស្ថិតនៅជិតវិមានឯករាជ្យ លោក សៅ វីរៈ បានលើកឡើងថា វាពិតជាមានការលំបាកក្នុងការធ្វើតាមសេចក្តីណែនាំនេះ ដោយលោកថាផ្លូវថ្នល់នៅប្រទេសកម្ពុជានៅតូចនៅឡើយ ដែលជាហេតុពុំសូវមានកន្លែងឲ្យអតិថិជនចតរថយន្តឬម៉ូតូ។
លោកថា៖ «ទីមួយ Space(កន្លែងចត) នៅមុខផ្ទះវាអត់មាន ហើយបើនៅប្រទេសផ្សេងៗទៀតគេធ្វើបានហើយ ប៉ុន្តែស្រុកខ្មែរយើង អត់ទាន់ធ្វើបានភ្លាមទេ ដោយសារផ្លូវវាតូច។ ចឹងកន្លែងចតៗអីហ្នឹង វាអត់សូវមានទេ»។
យ៉ាងណាក្តីលោកថា លោកនឹងអនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាលចង់បាន ក៏ប៉ុន្តែលោកថា សូមឲ្យអាជីវករគ្រប់រូបអនុវត្តបានទាំងអស់គ្នា ដើម្បីឲ្យមានភាពស្មើគ្នា ហើយត្រូវជួយសហការគ្នា ទើបទទួលបានលទ្ធផលល្អប្រសើរ។
ដោយឡែក អាជីវករម្នាក់ លក់បាយតាមចិញ្ចើមថ្នល់ នៅម្តុំផ្សារបឹងកេងកង អ្នកស្រី រឿន នីដា អាយុ៣៥ឆ្នាំ ថាប្រសិនបើមានការបិទការលក់ដូរបែបនេះមែន អាជីវករដូចជាអ្នកស្រី ពិតជាលំបាកហើយ ដោយសារវាជាកន្លែងរកស៊ីរបស់ខ្លួន ហើយថាប្រសិនបើបិទ សំណូមពរឲ្យបិទទាំងអស់គ្នា ទាំងអាជីវករលក់ដូរធំៗផងដែរ។
អ្នកស្រីលើកឡើងថា៖ «អារឿងគេប្រកាសហ្នឹង វាល្អ គឺវាល្អហើយ ក៏ប៉ុន្តែអាជីករខ្លះក៏រស់បានតាមតែចិញ្ចើមថ្នល់ដែរ មិនអញ្ចឹង? បើសិនគាត់បិទអារឿងចតអីហ្នឹង ដូចពួកបងអី មិនដឹងលក់នៅកន្លែងណា វាអត់មានទីតាំងឲ្យចតទេ មិនមែនតែកន្លែងបងទេ និយាយទៅហាងគេធំៗ ក៏លយជាងយើងនៅនេះផង។ បើសិនជាគេបិទបានទាំងអស់គ្នា ទូទាំងប្រទេសហ្មង អាហ្នឹងវាល្អហើយ តែខ្លាចតែបិទអាកន្លែងតូច ហើយអាកន្លែងធំៗអត់ បើបិទពួកបងដូចបិទឆ្នាំងបាយយើងចឹង»។
វិធានការរំដោះចិញ្ចើមផ្លូវពីសំណាក់អាជ្ញាធររាជធានីនេះ ត្រូវបានដាក់ចេញតាំងពីជំនាន់ លោក ប៉ា សុជាតិវង្ស នៅកាន់តំណែងជាអភិបាលក្រុងភ្នំពេញមកម្ល៉េះ ប៉ុន្តែគម្រោងនេះមិនបានសម្រេចទេ ទើបអភិបាលរាជធានីដែលចូលកាន់តំណែងថ្មី លោក ឃួង ស្រេង ប្រកាសអនុវត្តបន្ត៕