លោក ហ៊ុន សែន៖ ឲ្យចាយលុយបរទេសដើម្បីទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 3:04 PM | សេដ្ឋកិច្ចអភិបាលកិច្ចល្អ | 0 | 2360 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា  មិនមានវិធានការទប់ស្កាត់ការចរាចរណ៍សាច់ប្រាក់បរទេសនៅលើទីផ្សារនោះទេ ដោយលោកអះអាងថា ដើម្បីទាក់ទាញភ្លៀវទេសចរនិងអ្នកវិនិយោគបរទេស ឲ្យចាប់អារម្មណ៍បណ្តាក់ទុននិងមកកំសាន្តនៅកម្ពុជា​ច្រើនឡើង​បន្ថែមទៀត។

ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយធ្វើឡើង​នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ កាលពីថ្ងៃអង្គារម្សិលមិញ ស្តីពីការវិនិយោគ រៀបចំដោយសមាគមជប៉ុនកម្ពុជា និងអង្គការពាណិជ្ជកម្មរបស់ជប៉ុនសម្រាប់ទំនាក់ទំនងជាមួយដៃគូរក្រៅប្រទេស​(JETRO)។ លោកលើកឡើងថា កម្ពុជាមិនទាន់ធ្វើរៀលរូបនីយកម្មនោះទេ ដោយលោកយល់ឃើញថា ការចរាចរសាច់ប្រាក់បរទេស អាចសម្រួលនិងទាក់ទាញដល់ភ្ញៀវទេសចរ អ្នកវិយោគបរទេសមកកម្ពុជាបន្ថែមទៀត។

លោកថ្លែងថា «យើងខ្ញុំអនុញ្ញាតឲ្យទីផ្សារកាត់សេចក្តីតាមរយៈតើប្រើប្រាស់រូបិយប័ណ្ណមួយណា ដូចជាកម្មករដែលធ្វើការតាមបណ្តារោងចក្រសហគ្រាស បើសិនជាគេស្រុះស្រួលរវាងថៅកែជាមួយនឹងកម្មករ បើកជាប្រាក់រៀលក៏សូមអញ្ជើញបើកជាប្រាក់រៀល បើកជាប្រាក់ដុល្លារក៏សូមបើកជាប្រាក់ដុល្លារ យើងខ្ញុំមិនទាន់ធ្វើរៀលរូបនីយកម្មនោះទេ»។​

អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ យល់ថា ការអនុញ្ញាតឲ្យចរាចរណ៍លុយបរទេសនៅលើទីផ្សារធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ​ ព្រោះលោក​ថា អាចធ្វើឲ្យទំនិញបរទេសឡើងថ្លៃ។​

លោកបញ្ជាក់ថា «ផលប៉ះពាល់ធំសំខាន់គឺទាក់ទងជាមួយនិងលទ្ធិភាពរបស់រដ្ឋាភិបាល​ នៅក្នុងការគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុរបស់ជាតិ គោលនយោបាយរូបិយវត្ថុ ហើយណាមួយទៀត វាអាចថាទាក់ទងជាមួយនឹងការចាយប្រាក់ដុល្លារអីចឹង ការប្រែប្រួលនៃអត្រាប្តូរប្រាក់ របស់ប្រាក់ដុល្លារអីជាដើម គឺវាអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា»។

កាលពីថ្ងៃទី៧ខែកក្កដាកន្លងទៅ ក្រសួង​ពាណិជ្ជកម្មចេញសេចក្តីប្រកាសមួយ​ ដោយ​​តម្រូវ​ឲ្យ​គ្រប់​ហាង​ទំនិញ​នៅ​ក្នុង​ប្រទេសទាំងអស់​​ បិតស្លាក​តម្លៃទំនិញដែលលក់​លើ​ទីផ្សារ​ជា​ប្រាក់​រៀល​ ដើម្បីធានា​ដល់​ការរីក​ចម្រើន​សេដ្ឋកិច្ច​ទីផ្សារ​សេរីរបស់​ប្រទេសនិងលើក​ស្ទួយ​​រូបិយវត្ថុជាតិ «ប្រាក់​រៀល​»៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required