អង្គការអន្ដរជាតិមួយទៀតថ្កោលទោសករណីបន្ដឃុំខ្លួនអ្នកស្រី ទេព វន្នី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:13 AM | សិទ្ធិមនុស្ស | 0 | 1196 អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិមួយបន្ថែមទៀត ថ្កោលទោស ការសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសលើសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យនៅដដែល។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយ ដែលមានឈ្មោះថា “Front Line Defenders” បានថ្កោលទោសសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានតម្កល់សាលាក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយបន្ដឃុំខ្លួនសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ខណៈដែលអ្នកស្រីជាប់ឃុំអស់ពេលជិត១ឆ្នាំហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

អង្គការ Front Line Defenders ទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់ និងត្រូវដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ដោយអង្គការនេះយល់ថា សកម្មភាពតវ៉ារបស់អ្នកស្រី ទេព វន្នី ធ្វើឡើងដោយសន្ដិវិធី និងត្រឹមត្រូវតាមច្បាប់ ក្នុងគោលបំណងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ឬ Human Rights Watch ក៏បានរិះគន់សាលាឧទ្ធរណ៍ដែរ ដោយថា តុលាការបានរំលោភអំណាច ហើយថា ការសម្រេចរបស់តុលាការមួយនេះ បង្កប់ដោយហេតុផលនយោបាយ។ អង្គការនេះរិះគន់ទៀតថា ជាញឹកញាប់ រដ្ឋាភិបាលកម្ពុជាតែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងប្រឆាំង និងអ្នកតវ៉ាប្រឆាំងផ្សេងទៀត។​

ទោះបីមានមតិរិះគន់ពីមជ្ឈដ្ឋានអន្ដរជាតិក្ដី អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ឆ្លើយតបថា​ លោកមិនចាប់អារម្មណ៍នឹងប្រតិកម្មរិះគន់របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិទាំងនេះទេ ដោយថា តុលាការកម្ពុជាបានសម្រេចយ៉ាងត្រឹមត្រូវ តាមនីតិវិធីច្បាប់។

លោកថា៖ «អាហ្នឹងមិនជាការអញ្ចឹងទេ ខាងតុលាការ គេកាត់ទៅតាមផ្លូវច្បាប់ នីតិវិធីនៃច្បាប់តើទៅតាមបទល្មើសដែលគាត់បានប្រព្រឹត្តិ មានពាក់ព័ន្ធនឹងការងារនយោបាយអីណា បាអត់មានពាក់ព័ន្ធអីទេ ធ្វើតាមនិតិវិធីផ្លូវច្បាប់។ អាហ្នឹងជាសិទ្ធិបស់គេ គេថាម៉េចថាទៅអាហ្នឹង ដឹងម៉េចដែរ ជាសិទ្ធិបស់គេ ការពិតវាមិនចឹងផង»។

សកម្មជនតំបន់បឹងកក់ម្នាក់ គឺអ្នកស្រី សុង ស្រីលាភ ឲ្យ VOD ដឹងថា បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចដូចនេះ ក្រុមអ្នកតវ៉ាជម្លោះដីធ្លីបានសំដែងការខកចិត្ត ដោយថា នឹងរៀបចំយុទ្ធនាការទាមទារដោះលែង អ្នកស្រី ទេព វន្នី នៅថ្ងៃទី១៥សីហាខាងមុខនេះ សម្រាប់រយៈពេល១ឆ្នាំ នៃការជាប់ពន្ធនាគាររបស់តំណាងពួកគេ។ អ្នកស្រី  យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីម្សិលមិញនេះ ធ្វើឡើងដោយពុំត្រឹមត្រូវ និងមានភាពមិនប្រក្រតីជាច្រើន ដែលមិនអាចទទួលយកបាន។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអង្គការអាដហុក​​ និងរកយុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទពីបទជេរប្រមាថ និងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» លើក្រុមសន្តិសុខខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required