ចិន​ឲ្យ​កម្ពុជា​នាំចូលអង្ករ​២០ម៉ឺនតោនក្នុង​មួយឆ្នាំដោយគ្មានពន្ធ

(រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រ ទី៩ ខែកញ្ញានេះថា នាយករដ្ឋមន្រ្តីចិនបានប្រកាសផ្តល់ឲ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនចំនួន២០ម៉ឹនតោន ក្នុងមួយឆ្នាំដោយមិនបង់ពន្ធ។

លោក ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុករបស់លោកបន្តថា នៅក្នុងប្រទេសឡាវ លោក និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាន (Li Keqiang)បានពិភាក្សាគ្នាយ៉ាងល្អលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលក្នុងនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសន្យាថា លោកនឹងធ្វើការជាមួយថ្នាក់ដឹកនាំចិនដើម្បីពង្រីកទីផ្សារសម្រាប់នាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើនៅប្រទេសឡាវរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា នេះ។

បើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានសរសរដែរថា លោកនឹងដឹកនាំគណប្រតិភូកម្ពុជាទៅកាន់ទីក្រុងណាននីងនៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ដើម្បីចូលរួមពិពណ៌អាស៊ាន-ចិន។

ពិពណ៌អាស៊ាន-ចិន លើកទី១៣ នឹងរៀបចំឡើងនៅទីក្រុងណាននីង ខេត្តខ្វាងស៊ី ប្រទេសចិនរយៈពេល៤ថ្ងៃ។ ពិពណ៌នេះ នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ