តុលាការ​នឹង​ប្រកាស​សាលក្រម​​លើសំណុំរឿង​លោក កឹម សុខា​ នៅរសៀលនេះ​

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចថានឹងប្រកាសសាលក្រមពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា នៅរសៀលថ្ងៃសុក្រនេះ ខណៈតុលាការបើកសវនាការដោយពុំមានវត្តមានលោក កឹម សុខា និងក្រុមមេធាវីការពារក្តី។

ក្នុងសវនាការជិត២ម៉ោងនៅព្រឹកនេះ ចៅក្រមជម្រះក្តីលោក កែវ មុនី បានឲ្យក្រឡាបញ្ជីអានពាក្យសុំពន្យារពេលសវនាការបណ្តឹងសារទុក្ខឬបណ្តឹងជំទាស់ទៅសាលាឧទ្ធរណ៍និងបណ្តឹងដិតចិត្តឬហៅថាបណ្តឹងសុំប្តូរចៅក្រមជម្រះក្តីសំណុំរឿងនេះ ដែលស្នើសុំដោយមេធាវីលោក កឹម សុខា។

លើសពីនេះទៀត លោក កែម មុនី បានអនុញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌អានដីកាកោះមួយចំនួនដែលតុលាការសម្រេចឲ្យយកទៅជូនលោក កឹម សុខា ផងដែរ។ អំឡុងពេលសវនាការនោះ មន្ត្រីនគរបាលយុត្តិធម៌បានជម្រាបចៅក្រមក្នុងអង្គសវនាការថា ពួកគេបានយកដីកាកោះទៅជូនលោក កឹម សុខា ច្រើនដង តែមិនមានអ្នកចេញមកទទួល តែពួកគេថាបានយកទៅបិតនៅសសរជាប់របងទ្វារមុខផ្ទះលោកនៅខណ្ឌទួលគោក។

ក្រោយពីអានអង្គហេតុរួច ចៅក្រមជម្រះក្តីលោក កែវ មុនី នៅព្រឹកនេះបានប្រកាសបិទសវនាការភ្លាម ដោយលោកថាតុលាការនឹងប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា នៅម៉ោង២សៀលថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានគេចោទថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។ ក្រោយមកតុលាការបានចេញដីកាបង្គាប់ឲ្យចូលខ្លួនក្នុងនាមជាសាក្សីជាបន្តបន្ទាប់ តែលោកបានបដិសេធមិនចូលខ្លួនតាមដីកាកោះ។

លោក កឹម សុខា កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើជាងបីខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីចុងខែឧសភាពីសំណាក់អាជ្ញាធរនិងបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក។

សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមេដឹកនាំបក្សប្រឆំាងនោះផងដែរ។ ចំណែកអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្ស យល់ថា សំណុំរឿងនោះតុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ