ពលរដ្ឋខ្មែរនៅបរទេសធ្វើយុទ្ធនាការទាមទាឲ្យដោះលែងលោក កឹម សុខា

រូបភាពពីហ្វេសប៊ុក

ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ អូស្រ្តាលី​ កាណាដា​ និង​ សហរដ្ឋអាមេរិក​ បាន​ចាប់​ផ្ដើម​ និង​ បន្ត​ធ្វើ​យុទ្ធនា​ការ​តវ៉ា​រៀងរាល់​ចុង​សប្ដាហ៍​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក​ កឹម សុខា​ដោយ​គ្មានលក្ខខណ្ឌ​។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី​ប្រមាណជាង​ ៥០០​ នាក់​បាន​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃសៅរ៍​នេះ​ នៅ​មុខ​សាលា​ក្រុង​ Springvale​ ​ក្រុង Melbourne ​រដ្ឋ Victoria​ ប្រទេសអូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ លោក​ កឹម សុខា ​និង​ធានា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក ហុង លីម ​សមាជិក​សភា​ប្រទេស​អូស្រ្តាលី​បាន​ហៅ​របប​ដឹកនាំ​របស់​ លោក ហ៊ុន សែន ​ថា​ជា​ការ​ដឹកនាំ​ប្រទេស​បែប​របប​ផ្ដាច់​ការ​ រំលោភ​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ដោយ​ប្រើប្រាស់​កំលាំង​ទ័ព​គម្រាម​កំហែង​ និង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា​។

​លោក ហុង លីម ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុងប៉ារីស​ទាំង​អស់​ រួម​គ្នា​តវ៉ា​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា​ និង​ ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ជា​មួយ​គ្នា​នេះ​ដែរ​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​-អាមេរិកកំាង​ក៏​នឹង​ដឹកនាំ​អ្នកគំាទ្រ​ នៅ​តាម​បណ្តា​ប្រទេស​នានា​ បារំាង​ កាន់ណាដា​ និងសហដ្ឋអាមេរិក​ ឲ្យ​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ​ ដើម្បី​ប្រឆំាង​ការ​ចាប់​ខ្លួន​មេដឹក​នាំ​គណបក្សប្រឆំាង​លោក កឹម សុខា​។

ទោះ​បី​ជា​យ៉ាង​ណា​លោក នាយករដ្ឋមន្រ្តី​ និង​ មន្រ្តី​រដ្ឋាភិបាល​បាន​អះអាង​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា​នេះ​ថា​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​សុទ្ធ​សាធ​ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​។

ក្រោយ​ពី​ចាប់​ខ្លួន​មេ​បក្សប្រឆំាង​លោក កឹម សុខា​ តំណាង​អង្គការ​សហប្រជាជាតិ​ និង​ស្ថានទូត​ធំៗ​រួម​មាន​ អង់គ្លេស​ អូស្ត្រាលី​ អាមេរិក​ និង​សហភាព​អឺរ៉ុប​និង​ប្រទេស​មួយ​ចំនួន​ទៀត​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ជុំវិញ​ការ​ចាប់​ខ្លួន​មេ​បក្ស​រូប​នោះ​ ហើយ​ពួក​គេ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​គំរាមកំហែង​លើ​គណបក្សប្រឆាំង​។ ប៉ុន្តែ​ប្រទេស​កុម្មុយនីស្តចិន​បាន​គាំទ្រ​ចំណាត់​ការ​របស់រដ្ឋាភិបាលកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ