ក្រសួងថាជំងឺថ្មីឈ្មោះ ម៉ូសាអ៊ិក ធ្វើឲ្យទិន្នផលដំឡូងមីធ្លាក់ចុះខ្លាំង

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា​ជំងឺ​ថ្មី​ម្យ៉ាង​កើត​លើ​ដំឡូង​មី​ឈ្មោះ​ថា​ ម៉ូសាអ៊ិក​ (Cassava Mosaic Disease-CMD) ធ្វើ​ឲ្យ​ទិន្នផល​ដំឡូង​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​បង្គាប់​ ទប់​ស្កាត់​ឲ្យ​មាន​ ប្រសិទ្ធ​ ភាព​កុំ​ឲ្យ​មាន​ការ​រាលដាល​ជំងឺ​ប្រភេទ​នេះ​។​

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី ០៥ ខែ កញ្ញា​លើក ​ឡើង​ថា​ជំងឺ​ម៉ូសាអ៊ិក ​ជា​ជំងឺ​កាច​សាហាវ​ បង្ក​ឡើង​ដោយ​វីរុស ជីមីនី ​ហើយ​អ្នក​ជំនាញ​រក​ឃើញ​ថា ​ជំងឺ​នេះ​វា​ធ្វើ​ឲ្យ​ទិន្នផល​ដំឡូង​មី​ធ្លាក់​ចុះ​ដល់​ទៅ ​៨០ភាគរយ​។

សេចក្ដី​ជូន​ព័ត៌មាន​លើក​ឡើង​ថា​៖ «ការ​រាត​ត្បាត​នៃ​ជំងឺ​វិរុស​ថ្មី​នេះ​ បើ​មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​ទេ​នោះ​ ពិត​ជា​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ផលិតកម្ម​ដំឡូង​មី​ និង​ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នា​ពេល​ខាង​មុខ​»។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ដដែល​បន្ត​ថា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ធ្វើ​ឲ្យ​ដំឡូង​មាន​ស្លឹករួញ​ មាន​ចំណុច​តូចៗ​ជា​ច្រើន​ពណ៌​លឿង​ ឬ​ព្រលែត​នៅ​លើ​ផ្ទៃ​ស្លឹក​ និង​ដើម​ក្រិន​លូតលាស់​ខ្សោយ​ជាង​ធម្មតា​ ហើយ​ការ​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ប្រើ​ពូជ​ដែល​មាន​ជំងឺ​ស្រាប់​ ហើយ​ឆ្លង​ទៅ​ចំការ​ផ្សេង​ទៀត​តាម​រយៈវីរុស​ពណ៌ស​ ដោយ​ការ​ជញ្ជក់​របស់​វា​។

សេចក្ដី​ជូន​ព័ត៌មាន​បន្ត​ថា​បច្ចុប្បន្ន​ជំងឺ​ម៉ូសាអ៊ិក​នេះ​ពុំ​ទាន់​មាន​ថ្នាំ​កសិកម្ម​ដែល​មាន​ប្រសិទ្ធភាព​អាច​កម្ចាត់​បាន​នៅ​ឡើយ​ទេ។​ ក្រសួង​បាន​ណែនាំ​ឲ្យ ​នាយកដ្ឋាន​កសិកម្ម​សហការ​ជា​មួយ​មន្ត្រីកសិកម្មរាជធានី-ខេត្ត​ដែល​ឆ្លង​ជំងឺ​នេះ​ ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ពិនិត្យ​ និង​តាម​ដាន​ ដើម្បី​កម្ចាត់​និង​ទប់​ស្កាត់​ការ​ឆ្លង​ទៅ​តំបន់​ ឬ​ខេត្ត​ផ្សេង​ទៀត​។ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា​ តើ​ខេត្ត​ណា​ខ្លះ​ដែល​កំពុង​កើត​មាន​ជំងឺ​នេះនោះ​ទេ​។​

បន្ថែម​លើ​នោះ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ចល័ត​ពូជ​ពី​ខេត្ត​ដែល​ឆ្លង​ជំងឺ​នេះ​ ទៅ​កាន់​ខេត្ត​ដទៃ​ទៀត​ ហើយ​ការ​នាំ​ចូលពូជ​ដំឡូងមី​ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​ និង​ គ្រប់គ្រង​ហានិភ័យ​ និង​ ការ​ផ្អាក​ដាំ​ដំឡូង​មី​ក្នុង​ចំការ​ណា​ដែល​សង្ស័យ​ថា​ឆ្លង​ជំងឺ​នេះ​រយៈពេល​មួយ​ឆ្នាំ ​ដោយ​ដាំដំ​ណាំ​ផ្សេងៗ​ជំនួស​ ដូច​ជា​ពោត​ សណ្ដែក​ជា​ដើម​ ហើយ​រាយការណ៍​ពី​បញ្ហា​ជំងឺ​នេះ​ទៅ​កាន់​មន្រ្តីជំនាញ​ដើម្បី​ទប់ស្កាត់​ និង​ រាយការណ៍​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ