លោកស្រី មូរ សុខហួរ ៖បើរំលាយCNRP តើអាចរំលាយអារម្មណ៍ពលរដ្ឋបានទេ?

លោកស្រី មូរ សុខហួរ កាលពីពេលកន្លងទៅ។

អនុប្រធានគណបក្សសង្គ្រោះជាតិ​លោកស្រីមូរ សុខហួរ ​ថ្លែង​ថា​ គណបក្ស​កាន់​អំណាច​អាច​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោកស្រី ​បាន​គ្រប់​ពេល​វេលា​ ប៉ុន្តែ​លោកស្រីចោទ​ជា​ សំនួរ​ថា​ តើ​ក្រោយ​ពី​រំលាយ​បក្ស​នេះ​ហើយ​ តើ​អាច​រំលាយ​អារម្មណ៍​ពលរដ្ឋ​បាន​ទេ​។​

លោកស្រី មូរ សុខហួរ​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ភ្ជាប់​ជា​មួយ​ បទសម្ភាសន៍​របស់​លោកស្រី​ ជា​មួយ​កាសែត​ភ្នំពេញប៉ុស្តិ៍​ដោយ​លើក​ឡើង​ថា​ ស្ថានភាព​បក្ស​ប្រឆាំង​ពេល​នេះ​ អាច​ប្រឈម​នឹង​ការ​រំលាយ​គ្រប់​ពេល​វេលា​។​ លោកស្រី​ថា​ គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​៣លាននាក់​ ដែល​មិន​អាច​រំលាយ​អារម្មណ៍​របស់​ពួក​គេ​បាន​ទេ​។​

លោកស្រី​សរសេរ​ថា​ ៖«ចង់​រំលាយ​គណបក្សសង្គ្រោះជាតិ​នៅ​ពេល​ណា​ក៏​បាន​ដែរ​ តែ​ខ្ញុំ​សួរ​វិញ​!!! អ្នក​បោះឆ្នោត​ឲ្យ​សង្គ្រោះជាតិ​ជាង​ ៣លាននាក់​ តើ​រំលាយ​អារម្មណ៍​ រំលាយ​សម្បជញ្ញៈ​ រំលាយ​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ជាង​ ៣លាន ​នាក់​បាន​ទេ​

លោកស្រី​ មូរ សុខហួរ ​ថ្លែង​ទៀត​ថា​ បើ​សិន​ជា​គណបក្សកាន់​អំណាច​មិន​ចង់​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នោះ​ គឺ​គណបក្ស​កាន់​អំណាច​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​ទៅ​។ លោកស្រី​ជំរុញ​ឲ្យ ​ប្រើ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​នេះ​ គឺ​បាន​ផល​ច្រើន​សម្រាប់​ជាតិ​និង ប្រជាពលរដ្ឋ​។​

ក្រោយ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្សសង្គ្រោះជាតិ​លោក កឹម សុខា ​កាល​ពី​ចុង​សប្តាហ៍​មុន​នោះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រជាជនកម្ពុជា​ បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា​ គណបក្សសង្គ្រោះជាតិ​អាច​ប្រឈម​នឹង​ការ​រំលាយ​ចោល​ បើ​សិន​ជា​មិន​ព្រម​ជ្រើសរើស​តំណាង​ថ្មី​តាម​ការ​តម្រូវ​របស់​ច្បាប់​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ