​បទសម្ភាសន៍​៖​ លោក ម៉ម សូណង់ដូ ត្រៀម​ប្តឹង​បក​លើ​ការ​ចោទ​លោក​ថាពុករលួយ​

លោក ម៉ម សូណង់ដូ (រូបថត៖ ទេព សូនី)

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ដែល​ទើបតែ​បង្កើត​ឡើង​មាន​អាយុ​ប្រហែល​មួយ​ខែ​នោះ កំពុង​មាន​ការ​ប្រេះឆា​រវាង​ប្រធាន​បក្ស ជាមួយ​អនុប្រធាន​បក្ស​។

លោក ហ៊ាង ឫ​ទ្ធី អនុប្រធាន​បក្សបាន​អះអាង​ថា លោក​បាន​ប្តឹង​លោក ម៉ម សូណង់ដូ ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោលដោយ​ចោទ​ថា ប្រធាន​បក្ស​ចាយលុយអត់​មាន​តម្លាភាព​។​

VOD៖​ តើ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​មាន​ការវិវត្ត​ដល់​ណា​ហើយស្រប​ពេល​មាន​ព័ត៌មាន​ថា អនុប្រធាន​គណបក្ស​ពីរ​រូប​បាន​ប្តឹង​ទៅ​តុលាការ​ដើម្បី​រំលាយ​បក្ស​នេះ​?

ម៉ម សូណង់ដូ​៖ ដំណើរការ​នៅ​រឹងមាំ​ដដែល រឹងមាំ​ជាង​មុន​ទៀត ព្រោះ​និយាយ​ពី​បញ្ហា​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ឡើង​តែ​ល្បី​ឡើង​។ អា​រឿង​ហ្នឹង​គេ​ចង់​ប្តឹង​ពូ ដើម្បី​រំលាយ​គណបក្ស ដោយសារ​តែ​ពូចាយវាយអត់​ត្រឹមត្រូវ មាន​អំពើ​ពុក​លួ​យ​។ ពូអស់សំណើច ព្រោះថាសុទ្ធតែ​បណ្ឌិត​ច្បាប់ យើង​មាន​សិទ្ធិ​ប្តឹង​ហើយ តែ​យើង​ត្រូវ​មាន​ភស្តុតាង​។ ​បើ​ពូ​ចាយ​ទាល់​គណបក្ស​ពូ​មាន​លុយ ហើយ​បើ​អត់​មាន​លុយ​ចាយ​មេច​កើត​?…​អ្វី​ដែល​បង្ក​បញ្ហា​គឺ​រឿង​មួយ​ទៀត​ដែល​ពូ​ធ្វើ​កិច្ចសន្យា​ថា បើ​ពូ​មិនបាន​៥០​បូក​១ ពូ​ដកចេញ ហើយ​អ្នក​ទាំងអស់​ហ្នឹង គេ​ស្រុះស្រួល​ជាមួយ​គណបក្ស​ផ្សេង​ទៀត គេ​នឹកឃើញ​ថា បើសិនជា​ពូ​អត់​បាន​៥០​បូក​១ ពូ​នឹង​ចាកចេញ​ពី​ប្រធាន​គណបក្ស​។​ដូច្នេះ​គណបក្ស​នេះ​ជា​របស់​គេ …​ពូ​អស់សំណើច​អា​បញ្ហា​អស់​ហ្នឹង​។​

VOD៖ មកដល់ពេលនេះ ថា​តើ​តុលាការ​បាន​កោះហៅ​លោក​ទៅ​ឆ្លើយបំភ្លឺ​ឬ​ដោះស្រាយ​លើ​បណ្តឹង​ហ្នឹង​ឬ​នៅ​?

ម៉ម សូណង់ដូ​៖​ ពូ​ចង់​ឲ្យ​តុលាការ​កោះហៅ​ពូ​ភ្លាមៗ​ដែរ​ដើម្បី​ទៅ​បំភ្លឺ​។ ​បើសិន​ជា​តុលាការ​មិន​បាន​កោះហៅ ពេល​បុណ្យ​ភ្ជុំ​ចប់​ពូ​គ្រោង​ធ្វើ​ស​ន្និសីទ​កាសែត មិន ហ៊ាង ឫ​ទ្ធី ប្តឹង​ពូ​ទេ គឺ​ពូ​ប្តឹង​វិញ​។ ​ការនិយាយ​អ្វីដែល​មិន​ពិត​វា​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​គណបក្ស​នយោបាយ​មួយ​ធំ​ណាស់​។ ដូច្នេះ​កាលណា​យើង​ប្តឹង​អ្នកណា​មួយ​ពុករលួយ​យើង​អាច​ប្តឹង​បាន​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់​ទាក់ទង​នឹង​ស្ថាបនិក​គណបក្ស​៨៨​នាក់ តើ​ម្នាក់ៗ​ចូល​ប៉ុន្មាន​?​ ចូល​សូន្យ​ដុល្លារ​ហ្នឹង​។ ​ការធ្វើដំណើរ​សព្វថ្ងៃ​លុយ​ន​ណា​? លុយ​ពូ​ហ្នឹង​។​ តើ​លោក ហ៊ាង ឫ​ទ្ធី បាន​ដាក់​លុយ​ប៉ុន្មាន​ចូល​ក្នុង​គណបក្ស​? លោក ញ៉ែម វណ្ណ​ថន បាន​ដាក់​លុយ​ប៉ុន្មាន​ចូល​ក្នុង​គណបក្ស​ហ្នឹង​? សូន្យ​ហ្នឹង​។​ លោក ហ៊ាង គឹម​សឿង ដែល​ជា​ប្អូនបង្កើត ហ៊ាង ឫ​ទ្ធី​ ដាក់ចូល​ប៉ុន្មាន​? គឺ​សូន្យ​ដុល្លារ​ហ្នឹង គ្មាន​ន​ណា​ដាក់​។ …​ហ៊ាង ឬ​ទ្ធី ជា​អនុប្រធាន  ញ៉ែម វណ្ណ​ថន ជា​អគ្គលេខាធិការ ហ៊ាង គឹម​សឿង ជា​អគ្គលេខាធិការរង​។​ដូច្នេះ ក្រុម​គាត់​៣​នាក់​កាន់​កិច្ច​ក្តោប​ទាំងអស់ បើ​គ្មាន​កំហុស​មួយ​មិនមែន​ពូ​ទេ គឺ​កំហុស​៣​នាក់​ហ្នឹង​។​

VOD៖​ មាន​មតិ​លើកឡើង​ដូចជា​ចំអក​ថា គណបក្ស​នេះ​ទើប​តែ​បង្កើត​មិនទាន់​បាន​មួយ​ខែ​ផង​ក៏​ចាប់ផ្តើម​ប្រេះស្រាំ​នឹង​គ្នា​។​ តើ​លោក​គ្រោង​បន្តដំណើរ​ទៅមុខទៀត ឬ​គណបក្ស​នេះ​អាច​រួបរួម​ជាមួយ​គណបក្ស​ដែល​ទើបនឹង​បង្កើត​ថ្មី​?

ម៉ម សូណង់ដូ​៖ ​ពូ​អត់​មាន​រួបរួម​ជាមួយ​ន​ណា​ទេ ហើយ​ពូ​មិន​ត្រឹម​បន្ត​ទេ គឺ​ត្រូវ​យក​ឈ្នះ​តែ​ម្តង​។ ​គណបក្ស​សព្វថ្ងៃនេះ មិន​អាច​ពឹង​ទៅលើ​គណបក្ស​ណាមួយ​ច្បាស់លាស់​ទេ​។​អ្នក​នយោបាយ​ផ្សេង​ទៀត គាត់​មិន​បាន​គោរព​ឆន្ទៈ​ពលរដ្ឋ ហើយ​ច្រើន​ក្បត់​។ ​គាត់​ចូល​ចិត្ត​តែ​រឿង សើម​មាត់ ហើយ​បុណ្យស័ក្តិ​។ ពូ​ត្រូវ​សាកល្បង អត់​មាន​អ្វី​ខាត​ទេ ព្រោះ​ស្រុក​ខ្មែរ វា​លិចលង់​ទៅហើយ​។ ​បើសិនជា​ពូ​មានសំណាង​អាចជួយ​ស្តា​ប្រទេសជាតិ​បាន​ពូ​សប្បាយចិត្ត​។ ​បើសិនជា​អត់​បាន អាហ្នឹង​ទៅតាម​វាសនា ដែល​បាន​ចារសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​! បើ​មិន​បាន​ឈ្នះ មិនមែន​ពូ​អត់​ឈ្នះ​ទេ​។ ​អ្វី​ដែល​ពូ​មាន​ឆន្ទៈ​ជួយ​បម្រើ​ប្រទេសជាតិ ​ពូ​បាន​យកគំនិត​ពូ​ទៅ​អនុវត្ត​ហើយ​។ ​ដូច្នេះ​ពូ​ឈ្នះ​ហើយ​។ ហើយ​បើ​មិន​មាន​ជំនឿ​ជា​មួយពូ អាហ្នឹង​វាសនា​ប្រជាពលរដ្ឋ​ទេមិនមែន​វាសនា​ពូ​ទេ​។​

VOD៖​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ធ្លាប់បាន​ចូលរួម​បោះឆ្នោត​ដែរ ប៉ុន្តែ​អត់​បាន​អាសនៈ​ទេ​។ ​ឥឡូវនេះ​គណបក្ស​ឈ្មោះ​ដដែល​នេះ នឹង​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ទេ ហើយ​មាន​គោលនយោបាយ​អី​ពិសេស​ជាង​មុន?​ តើ​រំពឹងថា​នឹង​ទទួលបាន​អាសនៈ​ទេ​?

ម៉ម សូណង់ដូ​៖​ ពូ​ចង់​ឆ្លើយ​អញ្ចេះ​វិញ​។​ ពូ​បាន​បើក​ម្តង​ហើយ​កាលពី​ឆ្នាំ​១៩៩៨ ឃើញ​ថា​វា​អត់​បាន​ការ​ពូ​រំលាយ​គណបក្ស​ហ្នឹង​ទៅវិញ​។​ ប៉ុន្តែ​ពូ​សួរ​ប្អូន​។ គណបក្ស​ផ្សេងៗ​ដែល​គេ​តស៊ូ​មកដល់​ឥឡូវ តើ​​​គេ​ជួយ​អី​ដល់​ពលរដ្ឋ​? នៅតែ​​ភូតភរ​ដដែល​ហ្នឹង​។ ​ពូ​ធ្វើ​ម្តងនេះ​ធ្វើ​យកឈ្នះ​ម្តង មិន​ដូច​គណបក្ស​ផ្សេង​ទៀត​បើ​ខ្លួនឯង​មិន​បានការ គួរ​រំលាយចោល​ទៅ ហើយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ដែល​ប្រជាព​រដ្ឋ​ចង់បាន​។​

VOD៖ ​តើ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ពេលនេះ​មាន​អ្វី​ថ្មី​ជាង​គណបក្ស​ផ្សេង​ដែល​អត់​មាន​អាសនៈ​នោះ​?

ម៉ម សូណង់ដូ​៖ ​អ្វី​ដែល​អ្នក​ទាំងអស់​នោះ​ធ្វើ​មិនបាន ពូ​ត្រូវធ្វើ​ឲ្យបាន​។ ​ពូ​មានគំនិត​ប្លែកៗ​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាក់ទង ព្រំដែន ជីវភាព​ប្រជាពលរដ្ឋ រឿង​អប់រំ រឿង​សុខាភិបាល រឿង​បោះឆ្នោត​តាម​បែប​ស​មាមាត្រ​ ឬ​ឯកត្តនាម ហើយ​ក៏​ពូ​ចង់ដោះស្រាយ​រឿ​ង​ភេទ​ទី​៣ ពី​កំណើត​។ ​វា​មាន​ការ​ជឿនលឿន​ច្រើន​ដែល​អ្នក​ទាំងអស់​នោះ​មិន​បាន​គិត​។​

VOD៖​ លោក​រំពឹង​ថា អ្នក​ភេទ​ទី​៣ នៅ​កម្ពុជា​ប៉ុន្មាន​នាក់ នឹង​គាំទ្រ​គោលនយោបាយ​នេះ​?

ម៉ម សូណង់ដូ​៖ ​ពូ​អត់​ធ្វើ​ហ្នឹង​ដើម្បីឲ្យ​គេ​គាំទ្រ​ពូ​ទេ​។ ពូ​ឃើញថា សព្វថ្ងៃ​នៅ​ក្នុង​ពិភពលោក ភេទ​ទី​៣​ពី​កំណើត​មាន​ច្រើន​ណាស់​។ ប្រទេស​គេ​ធ្វើ​ច្បាប់​ការពារ​អ្នក​ទាំងអស់​ហ្នឹង​។ ហើយ​ពូ​ស្រប​តាម​គេ​ដែល​យក​បញ្ហា​ហ្នឹង​មក​ដោះស្រាយ​។​ ពូ​ឃើញថា​ភេទ​ទី​៣មិនមែន​ជា​អ្នក​ភ្លើ​ជាងគេ មនុស្ស​ហ្នឹង​កើត​មក​ឆ្កួត ឬ​មាន​ជំងឺ​ទេ​គឺ​មក​ពី​ហ្សែ​ន​។ ​ពូ​ត្រូវ​រក​ច្បាប់​មួយ​ដើម្បី​ការពារ​គ្នា​។​ ពូ​មិនមែន​ចង់បាន​សន្លឹក​ឆ្នោត​ពី​អ្នក​ទាំងអស់​ហ្នឹង​ទេ​។​

VOD៖​ ឆ្លងកាត់​តាម​ការបកស្រាយ​ឃើញថា គោលនយោបាយ​របស់​គ​ណ​បក្ស​នេះ មិនសូវ​ខុសប្លែក​ពី​គណបក្សផ្សេង​ទេ​?

​ម៉ម សូណង់ដូ​៖​ អត់​ទេ ខុសគ្នា​១០០%​។​ អត់​ដូច​ទេ បើ​ពូ​ដូច​គេ ក៏​ទៅ​អត់​រួច​ដែរ ហើយ​អ្នក​ទាំងអស់​ហ្នឹង​និយាយ​ភរ អត់​មាន​សមត្ថភាព អត់​មាន​ការ​ឈ្លាសវៃ​ជួយ​ដោះស្រាយ​ទេ​។ ​កុំ​យក​ពូ​ទៅ​ប្រៀបធៀប​គណបក្ស​ផ្សេងទៀត ពូ​អត់​គាំទ្រ​ទេ​។​

VOD៖​ អ៊ីចឹង​ឃើញ​មាន​គោលនយោបាយ​ប្លែក​ជាងគេ ​គឺ​គាំទ្រ​ឲ្យមាន​ភេទ​ទី​៣ រៀបការ​ស្របច្បាប់​?

ម៉ម សូណង់ដូ​៖​ ប្អូន​មើលឃើញ​ប៉ុណ្ណឹង តែ​ពូ​មើលឃើញ​ច្រើនជាង​ហ្នឹង​។ ​ពូ​មិនមែន​ទាក់ទង​រឿង​ភេទ​ទី​៣​ដើម្បី​ឈ្នះឆ្នោត​ទេ​។​ អាហ្នឹង​ពូ​ចង់​ធ្វើ​មនុស្ស​ពិចារណា​ទៅ​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ភេទ​ខុសគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ