ពេជ្រ សោភា សារភាពថាពិតជាលែងប្ដី

អ្នកនាង ពេជ្រ សោភា និងលោក ឡៅ ឆលី ជាស្វាមី កាលពីពេលកន្លងទៅ​ (ប្រភពហ្វេសប៊ុក)

នៅទីផុតតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានសារភាពចេញពីមាត់របស់ខ្លួនហើយថា អ្នកនាងនិងលោក ឡៅ ឆលី ជាស្វាមី ពិតជាបែកគ្នាមែនបន្ទាប់ពីចំណងស្នេហ៍របស់នាងនិងស្វាមី ស្ងប់ស្ងាត់ខុសប្លែកប្រក្រតី និងតែរមែងត្រូវបាននាងនិងម្ដាយចេញមុខការពារថាមិនមានរឿងអ្វីនោះនោះ។ យ៉ាងណាមិញ អ្នកនាងអះអាងថាហេតុផលនៃការលែងលះ គឺមិនមែនដោយសារតែនាងមានជំងឺប្រចាំកាយនាពេលកន្លងមកនោះឡើយ។

ពេជ្រ សោភា បានថ្លែងនៅចំពោះមុខអ្នកកាសែតកាលពីយប់ថ្ងៃទី៨ ខែតុលា ក្នុងជំនួបឡើងច្រៀងប៉ុស្ដិ៍លេខ៥ ជាមួយតារាថៃនាង ខេតទ្រីយ៉ា អ៊ីងលីស ដោយថារវាងនាងនិងស្វាមី ដែលបានសំពះផ្ទឹមជាមួយគ្នាកាលពីដើមខែកុម្ភៈនោះ បានលែងគ្នាមែន ប៉ុន្តែមកពីនាង និងស្វាមី មិនមែនអេតាស៊ីវិល ហើយការសម្រេចចិត្តបែកគ្នាក៏ក្នុងបំណងទុកមុខឲ្យគ្នារៀងខ្លួន ទើបដំណឹងបែកបាក់មិនបានបែកធ្លាយ។

ពេជ្រ សោភា បន្តថាហេតុផលដែលអ្នកនាងសម្រេចចិត្តបន្តនៅហង្សមាស គឺដោយសារតែនៅស្រឡាញ់សិល្បៈ និងមកពីហេតុផលពីនាងសម្រេចចិត្តបែកផ្លូវស្វាមី ដែលនាំឲ្យគម្រោងចេញទៅរស់នៅអាមេរិកលែងមាននោះឯង។ អ្នកនាងថារវាងអ្នកនាង និងស្វាមីបានសម្រេចចិត្តលែងគ្នាដោយមានចាស់ទុំដឹងឮប្រមាណ១ឆ្នាំមកហើយ ប៉ុន្តែមកពីនាងនិងម្ដាយមិនចង់វែងឆ្ងាយ ទើបបន្តបិទបាំងដើម្បីកុំឲ្យមានការសួរនាំវែងឆ្ងាយ។

នាងបានទទួលស្គាល់ថានៅលើលោកនេះមិនមានអាថ៌កំបាំងនោះទេ ហើយមកពីនាងមិនចង់វិចស្ពាយព័ត៌មានមិនពិតដដែលហើយដដែលទៀត នៅពេលទំនាក់ទំនងនាងនិងស្វាមីត្រូវបានបញ្ចប់យូរហើយ ទើបនាងសម្រេចចិត្តទម្លាយការពិត។

ពេជ្រ សុភា ឲ្យដឹងថា៖ “លើលោកហ្នឹង អត់មានអាថ៌បាំងទេ! ឥឡូវ ខ្ញុំសារភាពតាមត្រង់ថារវាងខ្ញុំ និងស្វាមីគឺពួកយើងជាពួកម៉ាក (លែងលះ) ប្រមាណ១ឆ្នាំមកហើយ។ ខ្ញុំនិយាយប៉ុណ្ណឹងយល់ហើយ

នាងថា រូបនាងបានសម្រេចចិត្តលែងលះជាមួយស្វាមី បន្ទាប់ពីរួមរស់ជាមួយគ្នាតែក្នុងមួយរយៈខ្លី ហើយក៏សុំគ្នាទុកមុខរាប់អានវិញ ដោយសារតែម្នាក់ប្រកាន់ជំហររស់នៅអាមេរិកដោយមិនចង់រើបង្វេចមកស្រុកខ្មែរ ហើយម្នាក់ទៀតក៏មិនចង់រត់ចោលស្រុកខ្មែរ និងស្រឡាញ់ងប់ងល់តែសិល្បៈ។

នាងបន្តថា តាំងពីមុនរៀបការហូតដល់ជីវិតអាពាហ៍ពិពាហ៍ ការបែកបាក់រវាងរូបនាងនិងស្វាមីអត់មានបញ្ហាឈ្លោះប្រកែកគ្នានោះទេ ហើយដោយសារតែហេតុផលនេះហើយ ទើបដំណឹងលែងលះសឹងនឹងគ្មានបែកខ្ចាយមកទល់ពេលនេះ។

នាងនិយាយថា៖ “ពួកខ្ញុំតាំងពីដើមមកគឺដូចតែពួកម៉ាកចឹង! ទើបដល់ពេលយើងសម្រេចចិត្តបែកគ្នាក៏នៅតែរាប់អានគ្នាដូចពួកម៉ាក និយាយទៅមកដល់ពេលនឹងក៏នៅតែល្អនឹងគ្នា ដូចពួកម៉ាកអត់មានថាបែកគ្នាហើយខឹងគ្នា ឬនិយាយអាក្រក់ពីគ្នាអីទេ

នេះជាលើកទី១ ដែល ពេជ្រ សោភា បានប្រកាសថារវាងនាងនិងលោក ឡៅ ឆលី អាណិកជនខ្មែរនៅអាមេរិកពិតជាបែកបាក់គ្នាមែន។ កន្លងមកព័ត៌មានមួយនេះត្រូវបានអ្នកជិតដិតទម្លាយនិងលើកឡើងដដែលជាច្រើនមកហើយ ប៉ុន្តែត្រូវបាននាងច្រានចោល និងថារវាងនាងនិងស្វាមីនៅតែមានសភាពធម្មតា បើទោះជាស្ថាភាពចុងក្រោយគឺម្នាក់នៅអាមេរិកនិងម្នាក់នៅកម្ពុជា។

មុននេះបន្តិចនាងបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ PNN ថាស្នេហានាងអត់មានបញ្ហាដូចអ្វីដែលបានលើកឡើង។ ក្នុងនោះម្ដាយរបស់នាងក៏បានប្រកាសថាជីវិតស្នេហារវាងនាង និងស្វាមី អត់មានដំណឹងបែកបាក់ណាមួយនោះផង។

ពេជ្រ សោភា និយាយថាតាំងពីរៀបការជាមួយឡៅ ឆលី កាលពីថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៥ លោកបានចុះមកកម្ពុជាតែប៉ុន្មានលើកប៉ុណ្ណោះ ហើយក៏មកក្នុងរយៈខ្លីគ្រប់ពេលចុះមក ទើបធ្វើឲ្យការបែកបាក់មិនសល់អនុស្សាវរីយ៍ច្រើនឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ