អតីតសមាជិក២នាក់នៃគណៈកម្មការបុណ្យលោក កែម ឡី នៅថ្ងៃចន្ទនេះ ស្នើសុំតុលាការពន្យារពេលចូលបំភ្លឺ ដោយថាពួកគេ ជាប់បំពេញការងារនៅក្រៅប្រទេស និងពុំបានទទួលដីកាកោះអញ្ជើញ ករណីបណ្តឹងដោយប្រធានបក្សមួយ ពាក់ព័ន្ធរឿងថវិកាបុណ្យសព លោក កែម ឡី។
ប្រាប់វីអូឌីយ៉ាងខ្លីនៅព្រឹកនេះ លោក ប៉ា ងួនទៀង ដែលជាអតីតសមាជិកម្នាក់នៃគណៈកម្មាការបុណ្យសព មានប្រសាសន៍ថា លោកសម្រេចពឹងពាក់មេធាវី ដើម្បីស្នើសុំពន្យារពេលនៃការចូលបំភ្លឺនៅតុលាការដែលបានកំណត់នៅព្រឹកថ្ងៃនេះ ដោយថាលោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។
ចំណែកអតីតសមាជិកនៃគណៈកម្មាការបុណ្យសពលោក កែម ឡី ម្នាក់ទៀត គឺ លោក មឿន តុលា ក៏ស្នើសុំចូលបំភ្លឺនៅតុលាការផងដែរ ដោយថា លោកពុំទាន់ទទួលបានដីកាផ្ទាល់ដៃនៅឡើយ ហើយទើបត្រឡប់មកពីបរទេស។ នេះបើយើងតាមពាក្យសុំលើកពេលចូលបំភ្លឺ ចុះថ្ងៃទី៦ខែតុលា។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញ អតីតសមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ដែលមាន លោក ប៉ា ងួនទៀង លោក មឿនតុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ តាមបណ្តឹងរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងបច្ច័យបុណ្យសពលោក កែម ឡី។
អតីតសមាជិកម្នាក់ទៀត គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលត្រូវបានកោះហៅចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ខាងមុខ គឺធ្លាប់បានបញ្ជាក់ជំហរ មិនចូលបំភ្លឺនៅតុលាការភា្លមៗ ដោយព្រះអង្គមានថេរដីកាថា ព្រះអង្គជាសង្ឃ ដូច្នេះ បើមានបញ្ហាអីអាចប្តឹងទៅស្ថាប័នសង្ឃ ដើម្បីរកដំណោះស្រាយ។
អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់បានលើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមានតួនាទីកាន់លុយបុណ្យនោះទេ ហើយរាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់គណនេយ្យធនាគាររបស់ភរិយានៃសពលោក កែម ឡី។ អតីតសមាជិកនៃគណៈកម្មការ ក៏បានច្រានចោលការចោទ លើភាពមិនច្បាស់លាស់នៃបណ្តឹង ហើយថា ការប្តឹងនេះ គឺរឿងនយោបាយច្រើនជាង៕