ជំនន់ទឹកភ្លៀងបន្ដលិចផ្ទះនិងដំណាំកសិកម្មពលរដ្ឋចំនួននៅខេត្ដសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 2:41 PM | សន្ដិសុខ | 0 | 2497 ទឹកលិចស្រូវនិងផ្ទះពលរដ្ឋនៅស្រុកជីក្រែង

អាជ្ញាធរស្រុកមួយចំនួន នៅខេត្ដសៀមរាប​ អោយដឹងថា លំនៅឋាននិងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅស្រុកជីក្រែង បានលិចលង់ ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៦ខែតុលា​។

សមាជិកក្រុមប្រឹក្សាស្រុកជីក្រែង លោក សម សូរិយា ប្រាប់វីអូឌី នៅព្រឹកថ្ងៃទី៩ខែតុ​លា​​​នេះថា លំនៅឋាននិងដំណាំកសិកម្មរបស់ពលរដ្ឋទាំងនោះ មានចំនួន៦ភូមិ ស្ថិតនៅក្នុងឃុំចំនួន៤ ដែលលោកថា ​មានឃុំគោកធ្លកលើ ឃុំគោកធ្លកក្រោម ឃុំពង្រលើ និងឃុំកំពង់ក្ដី។ លោកថា​ ការលិចលង់នេះ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែតុលានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ដែលលោកថា​ធ្វើអោយប៉ះពាល់ដល់ដំណាំកសិកម្មជាង១០០ហិកតា ខណៈលំនៅឋាននិងដំណាំស្រូវពួកគាត់ចំនួន៦ភូមិរងការលិចលង់ធ្ងន់ធ្ងរ។

លោកបន្ដថា៖ «ភូមិកំពង់ក្ដី ដែលប៉ះពាល់ធ្ងន់ធ្ងរ មានពីរភូមិប្រហែលជា៣៥ហិចតា ដែលស្រូវតែកំពុងតែផើមហើយ​ហ្នឹងបែកហើយ។ មានភូមិអន្សោងពង និងភូមិត្រាចប៉ះពាល់ធ្ងន់ធ្ងរជាងគេបាទ។ ពីរភូមិហ្នឹងលិចទាំងអស់តែម្ដងបាទ»។

ដោយឡែក អភិបាលស្រុកស្វាយលើ លោក ស៊ិក ប៊ុនស៊ិន​ អោយដឹងដែរថា ជំនន់ទឹកភ្លៀង មិនត្រឹមតែប៉ះពាល់ដល់ពលរដ្ន នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ដសៀមរាប​ប៉ុ​ណ្ណោះ​​​​ទេ​ ប៉ុន្ដែទឹកភ្លៀងនេះ បានលិចលង់នៅតំបន់មួយចំនួន នៅលើភ្នំគូលស្រុកស្វាយលើ​ផង​ដែរ ខណៈដែលទំនប់ទឹកមួយកន្លែង នៅភូមិអន្លង់ធំ បានបាក់ធ្លាយ ដោយសារធ្លាក់ខ្លាំងជា​បន្ដបន្ទាប់។ ប៉ុន្ដែលោកបន្ដថា មកដល់ថ្ងៃនេះ ទឺកជំនន់បានស្រកបន្ដិចវិញ និងមិនមានប៉ះពាល់​ដល់លំនៅឋានពលរដ្ឋនោះទេ។ លោកថា ទឹកដែលលិចខ្លាំងគឺស្ថិតនៅតំបន់ទេសចរណ៍ធ្លាក់ភ្នំគូលេន។

VOD មិនអាចទាក់ទង អ្នកនាំពាក្យសាលាខេត្ដសៀមរាប លោក លី សំរិទ្ធិ ដើម្បីសាកសួរបន្ថែមបាននៅឡើយទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។

សូមជំរាបថា ជំនន់ទឹកភ្លៀងនេះ បានកើតឡើងតាំងពីថ្ងៃទី២ខែតុលានេះ ដែលធ្វើឲ្យផ្ទះពលរដ្ឋ និងផ្លូវកំណត់ផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប រងការលិចលង់។ ប៉ុន្ដែមកដល់ពេលនេះ មិនមានរបាយការណ៍បញ្ជាក់ពីទំហ៊ំនៃការខូចខាតដំណាំកសិកម្មនិងពលរដ្ឋបាននៅឡើយទេ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required