រដ្ឋាភិបាល៖ អង្គការសមាគមដែលបើកសាខា ត្រូវ​ជូនដំណឹង​ជាលាយ​លក្ខណ៍​អក្សរ​មុន​អនុវត្តការងារ

ក្រសួងមហាផ្ទៃ

រដ្ឋាភិបាលបានឲ្យដឹង​ថា អង្គការសមាគម ដែលកំពុង​ធ្វើសកម្មភាពក្នុង​ប្រទេសកម្ពុជា ហើយ​មាន​បំណង​បើ​ក​​​​​​សាខា​បន្ថែម ​​ត្រូវ​ជូនដំណឹង ជាលាយ​លក្ខណ៍​អក្សរទៅ​ក្រសួង​មហា​ផ្ទៃ ឬស្ថាប័នពាក់ព័ន្ធ​ មុន​អនុ​វត្ត​ការ​ងារ​របស់ខ្លួន ដោយថា ដើម្បី​ឲ្យស្របតាម​ច្បាប់ សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បា​ល។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២តុលា ដែល VOD ទើបទទួលបាននៅថ្ងៃទី៩ខែតុលានេះ មានខ្លឹមសារថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវ​តាមច្បាប់កំណត់ ហើយមានបំណងធ្វើ​សកម្មភាព នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្តណាមួយ អាចជូនដំណឹងដោយផ្ទាល់ជា​លាយ​លក្ខណ៍​​អក្សរ​ក្នុង​រយៈពេល៣ថ្ងៃ និងភ្ជាប់នូវគម្រោងសកម្មភាពរបស់ខ្លួន​ បញ្ជូន​ទៅក្រសួងមហាផ្ទៃ ឬ រដ្ឋ​បា​ល​​រាជធា​នី ខេត្តនោះ​ អំពីការបើកសាខា​បន្ថែមនៅក្នុង​រាជធានី ឬបណ្តាខេត្តនានា មុន​អនុ​វត្ត​សកម្ម​ភាព​របស់​​ខ្លួន។

លិខិតដដែលបញ្ជាក់​ថា បើអង្គការ សមាគម មិនធ្វើតាមការណែនំានេះទេ​ ហើយអង្គការ សមាគមនោះ ចុះ​ធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋធ្វើបាតុកម្មនានា ឬធ្វើឲ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់ សាធារណៈ និង​សន្តិសុខជាតិ គឺ​រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មានសិទ្ធិ បញ្ឈប់ ឬផ្អាកសកម្ម​ភាព ឬលុប​ឈ្មោះ​ អង្គការ សមាគមនោះ ចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថា អង្គការ សមាគម ត្រូវ​តែជូនដំណឹង​ជាលាយលក្ខណ៍អក្សរ ទៅក្រសួងមហាផ្ទៃ ឬស្ថាប័នរដ្ឋបាលរាជធានី ខេត្តនានា ពាក់ព័ន្ធការធ្វើលិខិតជាលក្ខណ៍អក្សរជូនដំណឹង​ទៅ​ក្រសួង​ពីការ​បើក​​សាខា មុនអនុវត្តស​កម្មភាព​របស់​ខ្លួន​​ ​ ដោយថាកុំឲ្យស្ថាប័នរដ្ឋយល់ថា អង្គការ សមាគម ប្រឆំាងរដ្ឋាភិបាល ដូចកាលពីកន្លងទៅ។

លោកនិយាយថា «យើងដឹងហើយថា សកម្មភាពរបស់ពួកយើង[សង្គមស៊ីវិល​] មិនមែនសកម្មភាពអ្វីមួយដែលធ្វើការដើម្បីប្រឆំាងទៅរដ្ឋាភិបាលទេ ផ្ទុយទៅវិញជាអង្គការដែលជាដៃគូរបស់រដ្ឋាភិបាល​​​ ដើម្បីធ្វើការចូ​​រួម ក្នុងការស្តា ឬក៏ជួយសហការណ៍ជាមួយរដ្ឋាភិបាលវិញទេដើម្បីការពារទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដោយស្របទៅលើច្បាប់អន្តរជាតិ ហើយនិងច្បាប់ជាតិ ជាពិសេសច្បាប់កំពូលរបស់ប្រទេសយើង គឺរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្តង​​​»

របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់ក្រសួងមហាផ្ទៃ បានបង្ហាញ​ឲ្យ​ដឹងថា ​សមា​គម អង្គការ​មិនមែនរដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ៤៧១៥ ក្នុងនោះ​សមាគម ​មាន​ចំនួន​១៨៣២ អង្គការ​មិនមែន​រដ្ឋាភិបាល​ មាន​ចំនួន​២៨៨៣​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ