សង្គមស៊ីវិល៖ គ.ជ.ប គួរស្នើទៅរដ្ឋាភិបាលធ្វើឲ្យស្ថានភាពនយោបាយមានភាពប្រសើរឡើង

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 11:43 AM | បោះឆ្នោត | 0 | 1671

អង្គការសង្គមស៊ីវិលយល់ថា គ.ជ.ប គួរស្នើឲ្យរដ្ឋាភិបាល ជួយបន្ធូរបន្ថយស្ថានការណ៍នយោបាយបច្ចុប្បន្ន ខណៈពួកគេយល់ថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត មានចំនួនតិច បើធៀបនឹងការចុះឈ្មោះឆ្នាំ២០១៦។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេត របស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា មានកត្ដាមួយចំនួន បង្អាក់ទឹកចិត្តពលរដ្ឋ មិនចង់ទៅចុះឈ្មោះបោះឆ្នោត ដូចជា វិទ្យុឯករាជ្យមួយចំនួន ដែលធ្វើការអប់រំពលរដ្ឋ ត្រូវបានផ្អាកសកម្មភាព ផ្សព្វផ្សាយពីព័ត៌មានបោះឆ្នោត មិនទូលំទូលាយដូចមុន ជាពិសេសនោះ លោកថា គឺបញ្ហាស្ថានការណ៍នយោបាយបច្ចុប្បន្ន។

លោក កន សាវាង្ស យល់ថា គ.ជ.ប គួរស្នើទៅរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយ នៅមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ។ ចំពោះបញ្ហាពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស លោកថា គ.ជ.ប គួររៀបចំ បង្កើតឲ្យមានការិយាល័យបោះឆ្នោត តាមតំបន់ជាប់ព្រំដែន ដោយថា ដើម្បីអនុញ្ញាតឲ្យពួកគេ បានចូលរួមបោះឆ្នោតដូចពលរដ្ឋឯទៀត។

ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥តុលាកន្លងទៅ ម្ចាស់ជំនួយធំៗ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គឺលោក ចច អេឌហ្គឺ បានចោទសួរ គ.ជ.ប អំពីចំនួនអ្នកចុះឈ្មោះបោះឆ្នោត ថា មានចំនួនតិច ហើយ គ.ជ.ប ឆ្លើយតបវិញ ដោយថា នឹងបង្កើនការផ្សព្វផ្សាយ ចំពោះបញ្ហានេះ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយទៀត កាលពីពេលកន្លងទៅ សមាជិក គ.ជ.ប លោក រ៉ុង ឈុន បានថ្លែងថា ​ចំ​នួន​អ្នក​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ មាន​ការ​ធ្លាក់​ចុះ​ខុសពី​ការ​រំពឹង​ទុកនោះ​ ​គឺ​មក​ពីភ្លៀង​ធ្លាក់​ច្រើន​ នីតិវិធី​នៃ​ការ​បំពេញ​ឯកសារ​បញ្ជាក់​ទីលំនៅ ការ​ធ្វើ​ចំណាកស្រុក ពិសេស​ពាក់​ព័ន្ធ​នឹង​បរិយា​កាស​នយោបាយ ។ លោកស្នើ ឲ្យ​គណបក្ស​នយោបាយ​ ​​ងាក​មក​រក​តុចរចា ដើម្បី​​សម្រួល​បរិយាកាសនយោបាយ ​ឲ្យ​ល្អ​ប្រសើ​រ​ឡើង​វិញ​ ទាំង​ពេល​នេះ និង​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។

លោក​ថា៖«ពីព្រោះ​ការ​ជជែក​គ្នា​វា​នឹង​ទទួល​បាន​ផល​វិជ្ជមាន ដោយ​សារ​លទ្ធផល​កន្លងមក ​ដោយ​សារ​ការ​ជជែកគ្នា​បាន​ដាក់​ស្ថាប័ន ​គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ នេះ​ជា​សមិទ្ធផល​របស់​អ្នក​នយោ​បាយ​​ដែល​បាន​ខិត​ខំប្រឹងប្រែង​ និង​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​ជាតិ​ និង​អន្តរជាតិ។ លទ្ធផល​បន្ទាប់​ទៀត​​នោះ​គឺ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​យើង​ទទួល​បាន​លទ្ធផល​ល្អ​ទាំងជាតិ​អន្តរជា​តិ​សរសើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ល្អ អាហ្នឹង​ក៏​ជា​លទ្ធផល​នៃ​អនុស្សាវរីយ៍​នៃ​អ្នក​នយោបាយ​បាន​ចរ​ចា​គ្នា​​ហ្នឹង​ដែរ​»។

បើតាមរបាយការណ៍ គ.ជ.ប ឲ្យដឹងថា រយៈពេល ថ្ងៃ ចាប់គិតពីថ្ងៃទី១​កញ្ញា ដល់ថ្ងៃទី៦តុលាឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រមាណជាង ៣សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ខណៈចំនួនប្រជាពលរដ្ឋ ដែលរំពឹងថា នឹងមកចុះឈ្មោះសរុប មានចំនួន ១,៦លាននាក់៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required