វិភាគ៖ តើកម្ពុជាទទួលបានឯករាជ្យពេញលេញហើយឬនៅ ?

រូបភាពពីហ្វេសប៊ុករបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រវត្តិសាស្ត្របង្ហាញថា បារាំងបានដាក់អាណានិគមត្រួតត្រាកម្ពុជាជិតមួយរយឆ្នាំ ពោលគឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ទើបប្រគល់ឯករាជ្យឲ្យកម្ពុជាវិញ ។

ឯករាជដែលបារាំងប្រគល់ឲ្យជាប្រវត្តិសាស្ត្រនេះ បានមកពីការធ្វើព្រះរាជបូជនីយកិច្ច របស់សម្តេចព្រះនរោត្តមសីហានុ ដែលព្រះអង្គពេលនោះ បានដឹកនាំចលនាតស៊ូ ប្រឆាំងនឹងរបបគ្រប់គ្រងបែបអាណានិគមមួយនេះ រហូតទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

គិតត្រឹមថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៦នេះ កម្ពុជាបានឯករាជ្យ ៦៣ឆ្នាំហើយ។ ហើយទិវាបុណ្យជាតិនេះ រដ្ឋាភិបាល តែងតែប្រារព្វធ្វើឡើង រៀលរាល់មួយឆ្នាំម្តង ដើម្បីរំឭកពីបូជនីយកិច្ច របស់សម្តេចព្រះនរោត្តមសីហនុ ដែលព្រះពេលនោះបានលះបង់ព្រះកាយពល បង្កើតចលនាតស៊ូប្រឆាំង នឹងរបបគ្រប់គ្រងបែបអាណានិគម រហូតជំរុញឲ្យបារាំង ព្រមទទួលស្គាល់ឯករាជ្យ ពេលលេញរបស់កម្ពុជា។

តើ៦៣ឆ្នាំមកនេះកម្ពុជាមានឯករាជ្យពេញលេញហើយឬនៅ ?

អ្នកវិភាគនយោបាយ បង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ៦៣ឆ្នាំមកនេះ កម្ពុជាបានឆ្លងផុតពីរបបអាណានិគមនិយមបារាំង តែថាពេលនេះកម្ពុជាកំពុងស្តិតក្រោមរបបអាណានិគមនិយមបែបថ្មី ពីប្រទេសជិតខាង។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ក្រោយបារាំងដកកងទ័ពទាំងអស់ចេញពីកម្ពុជា ឈប់ដាក់អាណានិគមលើកកម្ពុជា លោកថាកម្ពុជាទទួលបានឯករាជ្យប្រមាណជា១៧ឆ្នាំ កម្ពុជាក៏មានការត្រួតត្រាពីបរទេសឡើងវិញ ក្រោយពីសម្តេចសីហនុត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ១៩៧០ តាមរយៈធ្វើរដ្ឋប្រហារ របស់លោក លន់ នល់ និងការឈ្លានពានពីប្រទេសវៀតណាមនៅឆ្នាំ១៩៧៩។

លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា ក្រោយពីកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាក៏នូវតែរងសម្ពាធពីការជំរុញរបស់អង្គការសហប្រជាជាតិ ឲ្យគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ តាមកិច្ចព្រមព្រៀងនានាដែលកម្ពុជាផ្តល់សច្ចាប័ន។ ប៉ុន្តែលោកវិភាគថា គោលការណ៍សិទ្ធិមនុស្សនេះ រដ្ឋាភិបាលមិនទាន់គោរពបានពេញលេញទេ ដែលជាកត្តាធ្វើឲ្យមានការជំរុញជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា បច្ចុប្បន្ននេះ កម្ពុជាមានឯករាជ្យ តែលោកថា ឯករាជ្យនោះមិនពេញលេញ ស្ថិតក្នុងភាពផុយស្រួយ ដោយថា កម្ពុជាពេលនេះ រស់នៅ ពឹងផ្អែកលើជំនួយពីបរទេសនៅឡើយ។

លោកថា៖«ខ្ញុំគិតថាកម្ពុជាមានឯករាជ្យពិតប្រាកដហើយ តែនៅត្រង់ថា រាល់ការសម្រេចចិត្តយើងពឹងផ្អែកទៅលើជំនួយបរទេស ពឹងផ្អែកទៅលើមហាមិត្តចិន ដោយសាតែយើងពុំមានលទ្ធភាពម្ចាស់ការ ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយខ្លួនឯងយើងអត់មានថវិការគ្រាប់គ្រាន់ ។

កន្លែងនេះ ទាក់ទិនទៅលើសមត្ថភាពនៃអ្នកដឹកនាំទេ មិនពាក់ព័ន្ធទៅនឹងសិទ្ធិ ឬឯករាជ្យភាពទេ ទី១។ ទី២ទាក់ទិននឹងប្រទេសជិតខាងទោះបីជាគេមិនដាក់ឥទ្ធិពលលើយើង ប៉ុន្តែបើយើងអត់ពង្រឹងខ្លួនទេ អាហ្នឹង ភាពឯករាជ្យរបស់យើងក៏ឈានទៅរកការបាត់បង់ដែរ។

បានន័យថា យើងនូវក្រោមឥទ្ធិពលនៃការដាក់សម្ពាធពីប្រទេសជិតខាងហើយ។ យើងមើល នៅពេលយើងមានជម្លោះជាមួយថៃ ថៃបិទព្រំដែន យើងអត់អាហារទទួលទាន និងទំនិញប្រើប្រាស់។យើងមានទំនាស់ ជាមួយវៀតណាម យើងអត់ភ្លើងប្រើប្រាស់ ។ត្រង់នេះហើយជាភាពបាត់ម្ចាស់ការ របស់យើង»។

បើតាមលោក ឯម សុវណ្ណារ៉ា ការដែលម្ពុជាទៅឱបជើងចិនជាភាពផុយស្រួយមួយទៀតនៃការពង្រឹងឯករាជ្យរបស់កម្ពុជា។

លោកថា៖«គេចាប់ចាំអាដួងចិត្តយើងបាននឹង គេអាចឲ្យយើងគាំទ្រគេ នូវគ្រប់ពេលដែលគេចង់បាន នៅលើឆាកអន្តរជាតិ ដូចជាកិច្ចប្រជុំតំបន់អាស៊ាន  អីហ្នឹង សុទ្ធសឹងកើតចេញពីឥទ្ធិពលនៃទំនាក់ទំនងមហាអំណាចហ្នឹងហើយ  ។

បើតាមពិតទៅប្រទេសណា ក៏គេចង់ដាក់ឥទ្ធិពលលើយើងដែរ ក៏ប៉ុន្តែអាភាពឯករាជ្យ របស់យើង វាមានតើ ។ ប៉ុន្តែវាអាស្រ័យលើមនសិការនិងភាពរឹងមាំ របស់មេដឹកនាំ យើងមួយៗទេបាទ»។

 

បើតាមលោក ឯម សុវណ្ណារ៉ា អ្នកនយោបាយជំនាន់មុនបានទាមទារឯករាជ្យពីបារាំងវិញ ជាមោទនជាតិ ប៉ុន្តែលោកថា បារាំងក៏បានកាត់ទឹកដីកម្ពុជាក្រោម ចំនួន២១ខេត្ត ឲ្យទៅវៀតណាម គ្រប់គ្រង រហូតបច្ចុប្បន្ន ដែលលោកថា អ្នកនយោបាយខ្មែរ មិនទាន់ទាមទារបានមកវិញនៅឡើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត លោក សូ ចន្ថា វិភាគប្រហាក់ប្រហែលដែរថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ លោកថា ប្រទេសនានា លើពិភពលោកមិនអាច ចូលឈ្លានពាន កម្ពុជាពេញមុខដូចពេលមុនៗទេ។

ប៉ុន្តែលោក សូ ចន្ថា វិភាគថា កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងរបបអាណានិគមបែបថ្មី ពីប្រទេសជិតខាង ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច។

លោកថា៖« ទី១គឺឥទ្ធិពលនយោបាយ ពាក់ព័ន្ធនឹងការសម្រេចចិត្តនយោបាយនៅកម្ពុជា យើងឃើញថា បើទោះបីរដ្ឋមនុញ្ញបានចែងយ៉ាងច្បាប់អំពីប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និតិរដ្ឋអីជាដើម។ប៉ុន្តែកម្ពុជាយើង ហាក់នៅតែកម្ពុជាយើង ហាក់ដូចជានូវប្រើប្រព័ន្ធមួយ មិនឆ្លុះបញ្ជាំងពីប្រជាធិបតេយ្យទេ ក៏ប៉ុន្តែហាក់ដូចជាងាកទៅប្រើប្រាស់វប្បធម៌ បែបកុម្មុយនីស្តច្រើនជាងទៅវិញ។

ពាក់ព័ន្ធនឹងអាណានិគមន៍បែបថ្មី ដែលយើងមើលឃើញ ទាក់ទិននឹងសេដ្ឋកិច្ច យើងឃើញថាកម្ពុជាយើង ហាក់ដូចជាមិនទាន់ធ្វើឲ្យសេដ្ឋកិច្ចជាតិរឹងម៉ាំហើយអាចឈរជើង ធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងទេ ហើយនៅប្រើប្រាស់ផលទ្ធផលនៃប្រទេសជិតខាងទេ ប្រសិនបើប្រទេសជិតខាង អញ្ចឹងបើសិនជាប្រទេសជិតខាង ធ្វើការបិទច្រក ឬក៏មានទំនាស់នឹងគ្នា ពេលនោះវាជាបញ្ហា ហើយជាការជះឥទ្ធិពលទៅដល់ចរន្តសេដ្ឋ ដល់កម្ពុជាយើង ។ អញ្ចឹងចំនុចទាំងអស់នេះ ជាឥទ្ធិពលថ្មី នៅក្នុងសម័យថ្មីនៅក្នុងកម្ពុជានោះ»។

បើតាមអ្នកវិភាគ ដើម្បីឲ្យកម្ពុជាទទួលបានឯករាជ្យពិតប្រាកដ ទី១កម្ពុជាត្រូវកសាងធនធានមនុស្ស ទី២ក្រុមមេដឹកនាំ ត្រូវតែជាអ្នកស្រឡាញ់ជាតិ ពោលគឺធ្វើការបម្រើជាតិ មិនបម្រើបរទេស ទី៣ត្រូវពង្រឹងវិស័យសេដ្ឋកិច្ច ឈានទៅឈប់ពឹងជំនួយបរទេស និងទី៤ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។

ប៉ុន្តែកន្លងទៅធនធានមនុស្សសំខាន់ មួយចំនួនដែលលេចថ្លោ នៅកម្ពុជា ត្រូវគេបាញ់ សម្លាប់ ដូចជា តារាតម្តែងដ៏ល្បីឈ្មោះ ពិសិដ្ឋ ពិលីកា កញ្ញាទូច ស៊ុននិច អ្នកការពារសិទ្ធិកម្មករ លោក ជា វិជ្ជា អ្នកការពារបរិស្ថាន លោក ឈុត វិទ្ធី និងអ្នកជ្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក កែម ឡី ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ