គង់ សុធារិទ្ធិ ​​បង្អួត​​ភរិយានិង​កូនប្រុស

លោក ​​​​គង់ សុធារិទ្ធិ និងភរិយាព្រមទាំងកូនប្រុស (វង្ស សុម៉ាលីន)

មានមនុស្សតិចណាស់ដែលបានដឹងថា ភរិយារបស់លោក គង់ សុធារិទ្ធិ គឺជាអ្នកណា ខណៈដែលក្រោយស្ងប់ស្ងាត់ព័ត៌មានស្នេហាជាមួយតារាចម្រៀង អ្នកនាង កែវ ច័ន្ទសម្ផស្ស ជាដៃគូចម្រៀង លោកក៏ត្រូវគេផ្គូផ្គងថាពាក់ព័ន្ធជាមួយអ្នកនេះជាមួយអ្នកនោះ ដែលនារីទាំងនោះត្រូវគេប៉ាន់ស្មានថាជានារីស្ដុកស្ដម។

ទើបតែក្នុងពិធីខួបកំណើតកូនប្រុសកាលពីយប់ថ្ងៃទី៨ វិច្ឆិកាមុននេះប៉ុណ្ណោះ ដែលលោកបង្អួតភរិយានិងកូនប្រុសយ៉ាងសមញ្ញ ដើម្បីបង្ហាញថាអ្វីដែលធ្លាប់ចចាមរ៉ាមមិនមានការពិត។

លោក គង់ សុធារិទ្ធិ បញ្ជាក់ថា ភរិយារបស់លោកមិនមែនជាអ្នកសិល្បៈ ហើយក៏មិនមែនជានារីទ្រព្យស្ដុកដែលបានប្រើលុយទិញដូរស្នេហារបស់លោកនោះដែរ តែនាងគ្រាន់តែជានារីសមញ្ញដែលលោកពេញចិត្ត។

លោកថាភរិយារបស់លោក គឺជាបុគ្គលនៅកាសែតភ្នំពេញប៉ុស្ដិ៍ខាងផ្នែកទីផ្សារ ដោយនាងនិងលោកបានស្គាល់ និងស្រឡាញ់គ្នាប្រមាណ៤ឆ្នាំមកហើយ។

ទំនាក់ទំនងរបស់លោកបានកើតមានឡើងតាមរយៈហ្វេសប៊ុក បន្តបន្ទាប់មកក៏មានការគាំទ្រពីខាងចាស់ទុំ។ យ៉ាងណាក៏ដោយលោកបានទទួលស្គាល់រូបលោកនិងភរិយាបានរួមរស់គ្នា ដោយមិនបានរៀបការរហូតដល់បង្កើតបានកូនប្រុសម្នាក់ទុកជាចំណងដៃ ទើបលោកនិងនាងសម្រេចចិត្តសំពះផ្ទឹម។ លោកថាពិធីកាលពីយប់ថ្ងៃទី៨ វិច្ឆិកា គឺជាពិធីខួបអាពាហ៍ពិពាហ៍គម្រប់១ឆ្នាំ តែជាពិធីខួបកំណើតកូនប្រុសគម្រប់២ឆ្នាំ ដែលមនុស្សភាគច្រើនស្ដាប់ទៅគឺរាងបញ្ច្រាសបន្តិច។

លោក គង់ សុធារិទ្ធិ និយាយថា៖ «ពួកខ្ញុំតាំងពីមានកូនមក គឺបើកចំហអត់គិតមានការរិះគន់អីទេ ម្យ៉ាងទោះជាពួកខ្ញុំមានកូនមុនរៀបការ តែពួកខ្ញុំនៅតែបានរៀបការ ហើយសំខាន់គឺពួកយើងស្រឡាញ់គ្នា!»។

លោកថាភរិយារបស់លោកមានឈ្មោះថា ហ៊ុន ចាន់ណេត អាយុ៣០ឆ្នាំ និងជាបុគ្គលិកខាងផ្នែកកាសែតភ្នំពេញប៉ុស្ដិ៍ប្រមាណច្រើនឆ្នាំមកហើយ ដែលលោកក៏ចាត់ទុកថាជារឿងកម្រមួយដែលតារាសិល្បៈបានភ្ជាប់និស្ស័យជាមួយនារីបម្រើការនៅខាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

លោកថាភរិយារបស់លោកកាលពីមុនមានការប្រច័ណ្ឌច្រើន ប៉ុន្តែក្រោយពេលមានកូននិងបានសំពះផ្ទឹមជាមួយគ្នា គឺនាងមានការយោគយល់កាន់តែច្រើននូវទំនាក់ទំនងរវាងលោកនិងអ្នកសិល្បៈក្នុងពេលលោកចេញច្រៀង ទើបធ្វើអោយលោកអាចបន្តអាជីពឡើងច្រៀងលើឆាក ដោយគ្មានបញ្ហាជាមួយដៃគូចម្រៀងទូទៅ។

ក្នុងនោះនាងក៏មិនសូវខ្វាយខ្វាយនឹងការផ្គូផ្គងពីបុគ្គលណាម្នាក់ រឿងលោកស្និទ្ធិស្នាលជាមួយតារានេះឬជាមួយតារានោះនោះផង។ យ៉ាងណាមិញ លោកក៏បានបង្ហាញទស្សនៈខ្លាចចិត្តភរិយា ដោយមិនហ៊ានបង្កើតភាពស្និទ្ធិស្នាលជាមួយតារាសិល្បៈណាម្នាក់ នាំអោយមានព័ត៌មានផ្ដេសផ្ដាសដូចគ្រាដែលលោកនិងអ្នកនាង កែវ ច័ន្ទសម្ផស្ស ត្រូវបានគេផ្គូផ្គងនោះដែរ។

លោកថាភរិយារបស់លោកមកទល់ពេលនេះ កាន់តែយល់ពីលោក ហើយនាងក៏ជាមនុស្សតែម្នាក់ ដែលបានជំរុញអោយលោកអាចបន្តជោគជ័យយ៉ាងរលូនទាំងការងារក្របខណ្ឌរដ្ឋនិងការងារជាតារាចម្រៀងក្នុងពេលតែមួយ។

លោក គង់ សុធារិទ្ធិ បន្តថាលោកគឺជាមន្ត្រីនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានតួនាទីបញ្ជាក់ថានៅក្រសួងវប្បធម៌ លោកគឺជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន ដែលតំណែងនេះលោកទទួលបានតាំងពីឆ្នាំ២០១៥ បន្ទាប់ពីលោកប្រលងជាប់ជាមន្ត្រីពេញសិទ្ធិនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីឆ្នាំ២០០៨។

លោកថាតំណែងនេះបានជួយអោយលោកទទួលបានឱកាសចេញចូលក្រៅប្រទេសស្ទើរមិនមានពេលសម្រាក។

ក្នុងនោះលោកក៏ជាទទួលខុសត្រូវរឿងទទួលបដិសណ្ឋាកិច្ចមន្ត្រីទូតនិងចាត់ចែងកម្មវិធីដោះដូរវប្បធម៌រវាងកម្ពុជានិងបរទេស ទាំងនៅក្នុងស្រុកនិងក្រៅស្រុកផងដែរ។ លោកថាមុនពេលទទួលបានតំណែងផ្លូវការក្នុងក្រសួងវប្បធម៌ លោកក៏ធ្លាប់ប្រលងធ្លាក់មួយលើកដែរ អ៊ីចឹងហើយទើបលោកសម្រេចចិត្តបាត់មុខពីការច្រៀងរាំមួយរយៈ បន្ទាប់ពីបានក្លាយខ្លួនជាមន្ត្រីរបស់ក្រសួងវប្បធម៌ភ្លាមៗ ដែលនាំទៅដល់ការសង្ស័យថាលោកលាឈប់សិល្បៈ ដោយសារតែរឿងខូចចិត្តនឹង កែវ ច័ន្ទសម្ផស្ស និងខ្លះប្រហែលមានទំនាក់ទំនងជាមួយនារីដែលគេមិនពេញចិត្តអោយលោកបន្តសិល្បៈ។

លោកថាពេលនេះព័ត៌មានចចាមអារ៉ាមត្រូវបានបញ្ចប់ហើយ បន្ទាប់ពីលោករមែងសម្ញ៉ែងភរិយានិងកូនប្រុសអោយមហាជនបានឃើញដោយលែងលាក់លៀម។ អ្នកនាង ហ៊ុន ចាន់ណេត ជាភរិយាបានអះអាងថា កូនប្រុសរបស់ខ្លួនគឺមានឈ្មោះថា គង់ រិទ្ធីស័ក្ត ដោយតាមគម្រោង គឺនាងនឹងយកកូនទី២នៅពេលកូនច្បងអាយុបាន៥ឆ្នាំដើម្បីកុំអោយប៉ះពាល់ការងាររបស់នាងនៅស្ថាប័នកាសែតភ្នំពេញប៉ុស្ដិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ