មន្ត្រីជាន់ខ្ពស់របស់វៀតណាមថ្លែងបង្ហាញក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរបស់អាមេរិក លោក ដូណល ត្រាំ ទៅកាន់ប្រទេសវៀតណាម នៅចុងសប្តាហ៍នេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសទាំងពីរ។
តាមគម្រោងលោកដូណល ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងដា ណាង ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ និង អាទិត្យចុងសប្តាហ៍នេះ ដើម្បីចូលរួមប្រជុំកំពូល វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(APEC)។
អនុរដ្ឋមន្ត្រីការបរទេសរបស់វៀតណាមលោក Bui Thanh Son ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា នៅពេលក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំសហរដ្ឋអាមេរិកនេះ គឺនឹងមានការផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងការទំនាក់ទំនងគ្នា។នេះបើតាមសារព័ត៌មាន Vietnam News។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានក្លាយជាដៃគូអភិវឌ្ឍន៍ធំបំផុតរបស់វៀតណាម ហើយកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មទ្វេរភាគីកើនឡើង២០%រាល់ឆ្នាំ ដែលនៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឡើងដល់ ៥២,៣ ពាន់លានដុល្លារ។