រដ្ឋាភិបាលបានសម្រេចផ្អាកសេចក្ដីព្រាងច្បាប់សម្រាប់គ្រប់គ្រងដីកសិកម្មទៅវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងទៅនឹងអ្នកផ្ដួចផ្ដើមបង្កើតច្បាប់នេះ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីនៅតាមរោងចក្រនានាស្ថិតនៅម្ដុំតំបន់ចម្ការដូង កាលពីថ្ងៃម្សិលមិញនេះ លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗចំពោះអ្នកផ្ដួចផ្ដើមបង្កើតច្បាប់សម្រាប់គ្រប់គ្រងដីកសិកម្ម ដោយលោកថា ប្រសិនបើមិនចាំបាច់ទេ មិនចាំបាច់ធ្វើទេ ហើយលោកបញ្ជាទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឲ្យធ្វើការពិនិត្យមើលចំពោះករណីនេះឡើងវិញ។
ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់លោក ហ៊ុន សែន នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីដីកសិកម្មនេះ ត្រូវបានផ្អាកសិន។
សេចក្ដីព្រាងច្បាប់សម្រាប់គ្រប់គ្រងដីកសិកម្ម ដែលមាន ១៣ជំពូក និងត្រូវជា ១០៨មាត្រានោះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១០។ ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីព្រាងច្បាប់នោះថា សំណើច្បាប់នេះ មានគោលបំណងកំណត់ការគ្រប់គ្រងដីកសិកម្ម នៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា តំណាងក្រុមកសិករមកពី ២៤ខេត្ត កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមកនេះ បានជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់នេះ ដោយលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ មានចេតនាបើកផ្លូវឲ្យក្រុមហ៊ុនឯកជនរំលោភយកដីរបស់ពួកគេ៕