មនុស្ស​ស្លាប់​ជាង​១០​នាក់នៅ​កំពង់​ឆ្នាំង ខណៈអាជ្ញាធរសង្ស័យថា​ពុល​ស្រា

ប្រធានមណ្ឌលសុខភាពក្នុងឃុំមួយនៅខេត្តកំពង់ឆ្នាំងអះអាងថា មនុស្សយ៉ាចហោចណាស់ចំនួន១៤នាក់ បានស្លាប់ជាបន្តបន្ទាប់ ខណៈអាជ្ញាធរបានដាក់ការសង្ស័យថាការស្លាប់នេះអាចបណ្តាលមកពីការពុលស្រាស។

ប្រធានមណ្ឌលសុខភាពក្តុល អ្នកស្រី លី ចន្នី បានឲ្យវីអូឌីដឹងថាចំនួនអ្នកស្លាប់នៅក្នុងឃុំក្តុលសែនជ័យ បានកើតដល់ចំនួន១៤នាក់ ក្នុងនោះស្រី៤នាក់ បន្ទាប់ពីមានអាការៈពិបាកដកដង្ហើម ឆ្អល់ក្នុងពោះ និងសម្ពោធឈាមឡើងខ្ពស់ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ អ្នកស្រីថា អ្នកដែលស្លាប់ទាំងនោះគឺសុទ្ធតែមានប្រវត្តិជាអ្នកចូលចិត្តផឹកស្រា។

អ្នកស្រីថា៖ «គាត់ស្លាប់នៅកាល់ម៉ែត្រនោះមួយ ហើយស្លាប់តាមផ្លូវមួយ ហើយឥឡូវបញ្ជូនសាកសពមកយប់មិញពីរនាក់ហ្នឹងណា! ហើយម្នាក់ទៀតស្លាប់ព្រឹកមិញ ដោយសារគាត់មិនព្រមទៅមន្ទីរពេទ្យខេត្ត មិ្សលមិញគាត់មកដែរ ខ្ញុំឲ្យគាត់ទៅមន្ទីរពេទ្យទេ ខ្ញុំថាលោកអ៊ុំត្រូវតែទៅហើយ ព្រោះអីមានសញ្ញាមិនស្រួល ថប់ដង្ហើម មានចុកពោះមានអីអញ្ចឹងណា! តែគាត់អត់ទៅ គាត់ប្តេជ្ញាថា គាត់អត់ទៅទេ ដល់ពេលព្រឹកមិញម៉ោង៥ហ្នឹង គាត់ស្លាប់នៅផ្ទះទៅ។ តែប្រវត្តិគាត់ពីដើមមក គាត់ផឹកស្រាច្រើនណាស់អ៊ុំហ្នឹង»។

ស្នងការរងខេត្តកំពង់ឆ្នាំង លោក លី វីរៈ បានឲ្យវីអូឌីដឹងថា ហេតុការណ៍បណ្តាលឲ្យស្លាប់មនុស្សនេះកើតឡើងនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកាលពីដំបូងប្រជាជនក្នុងឃុំនេះ ពុំមានការចាប់អារម្មណ៍អ្វីទេ តែរហូតដល់ថ្ងៃមិ្សលមិញ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលពីការស្លាប់ជាបន្តបន្ទាប់នេះ។ លោកបានដាក់ការសង្ស័យទៅលើការទទួលទានស្រាស ដែលគេបានយកមកផឹកនៅក្នុងពិធីបុណ្យសពនៅក្នុងឃុំក្តុលសែនជ័យ។

លោកថា៖ «ទើបតែភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែ១២នេះ ទៅមានអ្នកខ្លះរបៀបថា សតិអារម្មណ៍អីអញ្ចឹងទៅឃើញគេស្លាប់ចឹងទៅ ក៏នឹកឃើញថា ខ្លួនឯងបានផឹកស្រាចឹងដែរមានបញ្ហាផ្លូវចិត្តចឹងទៅក៏នាំគ្នាផ្អើលមកពេទ្យចឹងទៅណា! […] ពីដំបូងថាមានគេទៅកំដរសពដែលបានស្លាប់ក្នុងខែ១១ ប្រហែលជាថ្ងៃទី១៥-១៦ ហ្នឹង! ដល់ចឹងនាំគ្នាកំដរម្ចាស់បុណ្យហ្នឹង គេទិញស្រាមកឲ្យផឹក ដល់ផឹកៗទៅតាំងពីនោះមានមនុស្សស្លាប់បន្តបន្ទាប់ អ្នកដែលផឹកហ្នឹងណា! ម្តងមួយៗ បន្តបន្ទាប់មកដល់ចុងក្រោយមកផ្អើលថ្ងៃ៨ ខែ១២នេះ»។

បើតាមស្នងការរងខេត្តកំពង់ឆ្នាំងរូបនោះ រហូតមកដល់ពេលនេះ មានកន្លែងបិទស្រាមួយកន្លែងនៅឃុំក្តុលសែនត្រូវបានបិទនិងឃាត់ខ្លួនម្ចាស់អាជីវកម្មម្នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ ចំណែកស្រាដែលត្រូវបានគេសង្ស័យថាពុលនោះ ត្រូវបាននគរបាលសេដ្ឋកិច្ចចុះចាប់យកមកធ្វើកោសល្យវិច័យហើយ។

នៅពេលវីអូឌីសួរថា តើស្រាសដែលពលរដ្ឋបានទទួលទានរហូតបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ មានជាតិមេតាណុលដែរឬទេ លោក លី វីរៈ មិនបានបកស្រាយបន្ថែមនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៥ ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន ជាពិសេសស្រាស បន្ទាប់ពីពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការពុលមេតាណុលដែលដាក់លាយក្នុងស្រា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ