រដ្ឋាភិបាលថារកឃើញជំងឺផ្ដាសាយបក្សីជាថ្មីនៅខេត្តកំពង់ចាម

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 4:23 PM | សុខភាព | 0 | 4052

រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះឡើងជាថ្មីដែលកើតឡើងលើសត្វបក្សី នៅក្នុង​ខេត្តកំពង់ចាម ហើយអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

នៅថ្ងៃទី ០៩ ខែធ្នូនេះ នាយករដ្ឋាប្រយុទ្ធប្រឆាំងជំងឺឆ្លងបានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា​ថ្មីៗ នេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីនៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្ត​កំពង់ចាម។

នាយករដ្ឋាប្រយុទ្ធប្រឆាំងជំងឺឆ្លងបន្តថាករណីជំងឺនេះពុំទាន់មានឆ្លងលើមនុស្សទេ តែមន្រ្តីជំនាញក្រសួង​សុខាភិ​បាល​​កំពុងបន្តតាម​ស្ថានភាព​ជំងឺយ៉ាង​យកចិត្តទុកដាក់បំផុត។

ជាមួយគ្នានោះដែរនាយករដ្ឋាប្រយុទ្ធប្រឆាំងជំងឺឆ្លង ក៏អំពាវនាវឲ្យពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់​អំពីការ​ចំលង​ជំងឺនេះ ដោយកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច។

នាយករដ្ឋាប្រយុទ្ធប្រឆាំងជំងឺឆ្លងបន្ថែមថាអ្នកឆ្លងជំងឺនេះមានអាចមានរោគសញ្ញាគ្រុនក្តៅលើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ហើយបើមានករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីទទួលថ្នាំសម្រាប់ព្យាបាលជំងឺនេះ។

នាយករដ្ឋាប្រយុទ្ធប្រឆាំងជំងឺឆ្លងក៏បានលើកឡើងដែរថាចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើង​ធ្លាប់កើត​មានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុង នោះ ៣៧ ករណី​បាន​ស្លាប់៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required