EU ពិចារណាកាត់ជំនួយគាំទ្រការរៀបចំការបោះឆ្នោតនៅកម្ពុជា

សហភាពអឺរ៉ុបកំពុងពិចារណាសើរើទំនាក់ទំនងជាមួយកម្ពុជា និង ការពិនិត្យលើការ​កាត់ជំនួយដែលគាំទ្រលើ​ដំណើរ​​​ការ​​រៀបចំការ​បោះឆ្នោតនៅ​កម្ពុជានាពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar បានថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មានខ្លីមួយ​កាលពីថ្ងៃសុក្រថា បានៅ​​រយៈពេលប៉ុន្មានថ្ងៃខាងមុខ សហភាពអឺរុបនឹង​បង្ហាញលទ្ធផល​មួយអំពីការសើរើទំនាក់​ទំនង​ជា​មួយ​កម្ពុជា ជាពិសេស​គឺជុំវិញ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ នាឆ្នាំ២០១៨។

លោក George Edgar  បានបន្ថែមថាគណៈកម្មការអឺរ៉ុប​កំពុងធ្វើការសម្រេច​ចិត្តថា​តើ នឹងបន្តផ្តល់ជំនួយដល់​ គ.ជ.ប ទៀតឬយ៉ាងណា បន្ទាប់ពីសមាជិក គ.ជ.ប ៣រូប មកពីអតីតបក្សសង្គ្រោះជាតិលាលែង ពីតំណែងក្រោយ​ ​បក្ស​​ប្រឆាំងធំនេះត្រូវបានរំលាយ ហើយអ្នកថ្មី ៣រូបត្រូវបានតែងតាំងជំនួស។

លោក George Edgar បានថ្លែងថាលទ្ធផល​ដែលនឹងចេញនោះ ​បាន​មក​ពីកិច្ច​ពិភាក្សា ក្នុងស្នាក់ការ​ធំ ទីក្រុងព្រុយ​សែល ពាក់​ព័ន្ធ​នឹង​​ដំណើរការ​អនុវត្តរបស់រដ្ឋាភិបាលកម្ពុជាដែលឃ្លាតពីគន្លង​លទ្ធិ​ប្រជាធិបតេយ្យ ដូចបានចែង​នៅ​​ក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា ហើយត្រូវបានគាំទ្រដោយដៃគូអន្តរជាតិរួមទាំងសហភាពអឺរ៉ុបផងដែរ។

ការលើកឡើងពីការសើរើពីទំនាក់ទំនងនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសារ។

ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការ​ចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការ​សម្រេច របស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ