លោក ហ៊ុន សែន ស្វាគមន៍លោក យូ ហុកគ្រី​ត្រូវតែងតាំងជាអនុប្រធានទី១នៃរដ្ឋសភា

លោក​ យូ ​ហុកគ្រី នៅក្នុងសភា (រូបភាពពីផេកសង្គមនិងយុតិ្តធម៍)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងការស្វាគមន៍ដល់លោក យូ ហុកគ្រី ដែលត្រូវបានតែងតាំងជា​អនុប្រធានទីមួយនៃរដ្ឋសភាជំនួសតំណែងលោក កឹម​ សុខា បន្ទាប់ពីបក្ស​សង្គ្រោះជាតិត្រូវបានរំលាយ។

លោក ហ៊ុន សែន បានសរសេរសម្ដែងការស្វាគមន៍បែបនេះ លើទំព័រហ្វេសប៊ុក​របស់​ខ្លួនកាល​ពីថ្ងៃទី​០៨ ខែ វិច្ឆិកាម្សិលមិញ ក្រោយលទ្ធផលនៃសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥​ បានបោះឆ្នោតជ្រើសតាំង​មន្រ្តី​ជាន់​ខ្ពស់មកពីបក្ស ហ្វ៊ុនស៊ិនប៉ិចលោក យូ ហុកគ្រី ​ជាអនុប្រធានទីមួយនៃរដ្ឋសភា។

លោកហ៊ុន សែន បានលើកឡើងថា៖​ «ខ្ញុំសូមស្វាគមន៍​ ឯឧ​ យូ​ ហុកគ្រី​ ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១នៃរដ្ឋសភាជាតិថ្ងៃនេះ។»

ការបោះឆ្នោតជ្រើសតាំងអនុប្រធានទី១នៃរដ្ឋសភាជំនួសតំណែងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បែបនេះ ធ្វើឡើងក្រោយគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា តាម​បណ្ដឹង​របស់ក្រសួងមហាផ្ទៃ ដែលទាមទារដោយគណបក្សចំនួន ២ គឺបក្សយុវជនកម្ពុជារបស់លោក ​ពេជ្រ​ ស្រស់ និង​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិចរបស់សម្ដេចក្រុមព្រះ។

ក្រោយរំលាយគណបក្សសង្រ្គោះជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែលមិនជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ នោះ ទទួល​បាន​​កៅអី​តំណាងរាស្រ្តចំនួន​៤១ ​​ដែល​ក្នុងនោះត្រូវ​បាន​ជ្រើសរើសតំណែងជាអនុប្រធានទី១ នៃសភាចំនួន១ និង​៥​​ រូប ជាគណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ផង​ដែរ។

ការរំលាយគណបក្សសង្គ្រោះជាតិដែលត្រូវបានបោះឆ្នោតគាំទ្រដោយឆន្ទះពលរដ្ឋជាង ៣លាននាក់នោះ ត្រូវបាន​មជ្ឈដ្ឋានជាតិ និងអន្តរជាតិរិៈគន់ និងថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ថា​បានរំលោភសិទ្ធិមនុស្ស ​និងធ្វើឲ្យដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាមួយគ្នានោះដែររដ្ឋាភិបាលក​ម្ពុជាក៏រងការដាក់សម្ពាធពីអន្តរជាតិដូចជាការដាក់ទណ្ឌកម្មបិទទិដ្ឋាការមិនឲ្យ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាលចេញចូលសហរដ្ឋអាមេរិក ​ការបញ្ឈប់ទំនាក់ទំនងផ្ដល់ជំនួយពីប្រទេស ស៊ុយអ៊ែត ការពិចារណាដកជំនួយគាំ​ទ្រ​ការ​បោះឆ្នោតពីសភាពអ៊ឺរ៉ុប និងការគម្រាមដាក់ទណ្ឌ​កម្មសេដ្ឋកិច្ចផងដែរ។

ទោះបីជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការ​ចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការ​សម្រេច របស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ