ប្រទេសកម្ពុជានិងឡាវ ដែលមានព្រំដែនជាប់គ្នា បានឯកភាពគ្នាឲ្យប្រជាជននៃប្រទេសទាំងពីរប្រើប្រាស់ប័ណ្ណសំគាល់សម្រាប់ធ្វើដំណើឆ្លងកាត់ព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ ក្នុងពិធីសម្ពោធអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោក ហ៊ុន សែន បានថ្លែងថា កម្ពុជានិងឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោកបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។
កាសែតក្នុងស្រុកធ្លាប់បានផ្សាយថា នៅអំឡុងថ្ងៃទី១ មករា ២០១១ ដល់ថ្ងៃទី៣០ ឧសភា ២០១១ មានប្រជាពលរដ្ឋខ្មែរចំនួន១នាក់ ត្រូវបានទាហានព្រំដែនឡាវបាញ់សម្លាប់ និង១០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ទាក់ទងនឹងការឆ្លងដែនចូលទឹកដីឡាវ៕