បទយកការណ៍៖ ម្ដាយលោក កែម ឡី នៅតែយំនឹកអាឡោះអាឡៃកូន ខណៈក្រុមគ្រួសារសុំឲ្យបង្ហាញវីដេអូឃាតកម្ម

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

 

អង្គុយនៅលើគ្រែឈើ ខាងមុខផ្នូរកូនប្រុស ដោយមើលទៅហាក់ក្សត់ខ្សោយកម្លាំងជាខ្លាំង ព្រោះវ័យកាន់តែជរា ម្ដាយលោក កែម ឡី អ្នកស្រី ភោគ សេ អាយុ៧៩ឆ្នាំ បានប្រាប់អ្នករាយការណ៍ព័ត៌មានយើងជាមួយនិងទឹកមុខពោរពេញដោយក្ដីសោកសង្រែងថា អ្នកស្រីនៅតែនឹកស្រណោះដល់កូនប្រុសជានិច្ច ពីព្រោះរៀងរាល់ថ្ងៃ អ្នកស្រីតែងតែបោសសម្អាតផ្នូរនិងជូតរូបសំណាកលោក កែម ឡី មិនដែលអាក់ខានឡើយ។

អ្នកស្រីថា៖ «សំរាមច្រើនក៏ត្រូវតែបោស សំរាមតិចក៏ត្រូវតែបោស ព្រលឹមឡើងត្រូវបោសនេះ បោសនោះ ជូតនេះ ជូតនោះ ហើយយើងនៅផ្ទះចេះតែបោសទៅ យើងមិនធ្វើ អត់មានអ្នកធ្វើ។ ថ្ងៃតិចឡើង ចូកស្មៅ ចូកអីទៅ ចូលស្មៅក្បែររបងអីអ៊ីចឹងទៅ អាណាដុះឡើងអីចូកតិចអ៊ីចឹង។ នៅតែនឹកកូន នឹកឃើញថា ហ៊ឹម កូនស្លាប់ទៅហើយ អារម្មណ៍នៅតែនឹកឃើញអ៊ីចឹង ​នៅមិនទាន់ស្លាប់»។​

អ្នកស្រីបានរៀបរាប់ឲ្យយើងដឹងដោយលាយឡំទឹកភ្នែករលីងរលោងថា ក្នុងចិត្តរបស់អ្នកស្រីស្ទើរមិន​ជឿសោះថា កូនប្រុសរបស់គាត់បានស្លាប់ទៅហើយ ដោយថាគាត់នឹងចំណាយពេលវេលានៃជីវិតចុងក្រោយដើម្បីបោសសម្អាតនិងមើលថែផ្នូរកូនប្រុសរបស់គាត់។ អ្នកស្រីថា​ លោក កែម ឡី ជាមនុស្សស្លូតបូត សុភាពរាបសា និងមិនចេះបង្កជម្លោះជាមួយអ្នកណាទេ។

អ្នកស្រីថា៖ «ស្រឡាញ់ត្រង់ថាស្លូត មិនចេះរករឿងអ្នកណា។ នឹកឃើញគ្រប់សព្វទាំងអស់ នឹកឃើញថា ដឹងថាគេសម្លាប់ហើយ ប៉ុន្ដែចិត្តនឹកឃើញថា កូនអញមិនទាន់ស្លាប់នៅភ្នំពេញនោះ ទៅឃើញកូនហើយនៅតែថាកូនមិនទាន់ស្លាប់។ នឹកឃើញគ្រប់ពេល គ្រប់វេលាអ៊ីចឹងទៅ ដេកយប់ក៏១ម៉ោង ២ម៉ោង ទៅ ភ្ញាក់ឡើង រូបថតគ្រប់កន្លែង មានតែដេកនៅចាំហ្នឹង អង្គុយចាំរហូតទៅ»។

អ្នកស្រីនិយាយថា ចាប់តាំងពីមានការដង្ហែសពលោក កែម ឡី​ មកបញ្ចុះនៅស្រុកកំណើតក្នុងខេត្តតាកែវ មានប្រជាពលរដ្ឋជាច្រើនដែលអាណិតស្រឡាញ់ចំពោះរូបលោក ទាំងក្នុងស្រុក និងក្រៅប្រទេស បានឈាងចូលមកគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។

អ្នកស្រីថា៖ «មកហូរហែរចឹងរហូត តិចក៏មាន ច្រើនក៏មាន គេមកដើម្បីចង់ដឹងមើល គេអាណិតអាសូរអ៊ីចឹងទៅ គេចេះតែមកអ៊ីចឹងទៅ អ្នកមកនិយាយតែប៉ុណ្ណឹង មកយំតែអ៊ីចឹង ប្រុសក៏យំ ស្រីក៏យំ។ ២-៣-៤-៥-៦ខែហើយ នៅតែគេមក គេនឹករលឹក បែបគេនឹករលឹក ដូចខ្ញុំអ៊ីចឹងដែរ»។

កំពុងផ្ដេកខ្លួនសម្រាកលើកៅឈើមួយ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់ ឪពុកមាលោក កែម ឡី គឺលោក កែម ភារុន បានឲ្យផ្ដល់បទសម្ភាសន៍ថា ដោយសារនឹករលឹកដល់ក្មួយប្រុសពេក លោកបានឆ្លៀតពេលពីការងារ ដោយខំធ្វើដំណើរពីទីក្រុងភ្នំពេញ ដើម្បីមកគោរពវិញ្ញណក្ខន្ធលោក កែម ឡី នៅខេត្តតាកែវនេះ។ លោកបន្ថែមថា គ្រប់ពេលដែលលោកបានមកអុជធូបនៅមុខផ្នូរលោក កែម ឡី គឺធ្វើឲ្យលោកអាចរំសាយទុក្ខកង្វល់បានខ្លះ។

លោកថា៖ «មកមើលក្មួយ នឹកក្មួយ បាទ យើងមានសេចក្ដីនឹករំលឹក ជួលកាលមួយខែ ខ្ញុំមក២ដង ៣ដង តាមកាលៈទេសៈរបស់យើងដែលអំណោយផល យើងចេះតែឆ្លៀតមក បើថាយើងមកអចិន្ដ្រៃយ៍ យើងអត់ទេ។ ដល់អ៊ីចឹង អនុស្សាវរីយ៍យើង មា និងក្មួយមិនអាចបំភ្លេចបាន ប្រហែលជាយើងមិនអាចបំភ្លេចបានអស់មួយជីវិត។ បើថាដូចបច្ចុប្បន្នកាលនេះ សន្ទុះចិត្តនៃសេចក្ដីស្រឡាញ់វាធំធេង»។

លោក កែម ភារុន បានរំលឹកថា នៅថ្ងៃដែលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់នោះ លោក និងក្រុមគ្រួសារបានព្យាយាមដើរចូលទៅក្នុងកន្លែងកើតហេតុ ដើម្បីសុំឲ្យម្ចាស់ស្ដារម៉ាតនោះបង្ហាញវីដេអូឃាតកម្ម ប៉ុន្ដែលោកថា មានស្រីម្នាក់សំបុរសរ រាងស្ដើង ដោយសង្ស័យជាម្ចាស់ផ្សារម៉ាត បានប្រើពាក្យសម្ដីគំរោះគំរើយដាក់លោកទៅវិញ។​

លោកថា៖ «ប៉ុន្ដែកាលហ្នឹង ក្នុងគំនិតខ្ញុំ ស្មានតែនាងហ្នឹង ជាអ្នកដឹកនាំក្នុងម៉ាត ប៉ុន្ដែមិនដឹងតួនាទីនាងហ្នឹងជាស្អីទេ ដែលគេស្អីឲ្យខ្ញុំហ្នឹងណាស់ គេថាស្អីមិនមែនតួនាទីអ្នកឯងជាស្អី មកសុំកាមេរ៉ាគេហ្នឹង ហើយថាយកទៅធ្វើអី ព្រោះកាមេរ៉ាហ្នឹង គេទុកធ្វើការរបស់គេ បើសិនគេឲ្យយើងគេបានអីធ្វើការ»។

លោកបានអំពាវនាវដល់រដ្ឋាភិបាលឲ្យជួយរកយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់លោក ដោយថា ជនជាប់ចោទឈ្មោះ «ជួប សម្លាប់» នោះ អាចមិនមែនជាឃាតករពិតប្រាកដឡើយ។ លើសពីនេះ លោកក៏បានស្នើសុំដល់ម្ចាស់ស្ដារម៉ាតបញ្ចេញវីដេអូឃាតកម្មជាសាធារណៈ ជាជាងចេះតែបន្ដលាក់បាំង។

លោកថា៖ «ខ្ញុំអត់ជឿ គ្មានឃាតកឯណា មកធ្វើសេះអាឡេះសេអាឡេ រត់ត្រឹកៗមើលតែក្មេងហាត់ប្រាណ ខ្ញុំមិនជឿ […] បាទ ខ្ញុំចង់បានដែរ ខ្ញុំបានណាស់ ចង់បានអារូបភាពជាក់ស្ដែង ចេញពីកាមេរ៉ាហ្នឹង ព្រោះធម្មតា នៅស្ដារម៉ាតមួយៗ ធំណាស់ស្ដារម៉ាតហ្នឹង មិនមែនតូចទេ វាមិនដែលកាមេរ៉ាអត់មានម៉ែមមូរី បើសិនជាមានដាច់ភ្លើង ក៏ឋិតក្នុងការសង្ស័យរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងបញ្ចេញកាមេរ៉ាសុវត្ថិភាពមកឲ្យពួកខ្ញុំមើល។ ប្រទេសមួយទាំងមូល យ៉ាងណាក៏ត្រូវមានយុត្តិធម៌»។

គិតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ គឺមានរយៈពេលកន្លះឆ្នាំហើយ ដែលលោក កែម ឡី ត្រូវបានខ្មាញ់កំភ្លើងបាញ់សម្លាប់កណ្តាលរាជធានីភ្នំពេញ ហើយយុត្តិធម៌សម្រាប់រូបលោកនិងក្រុមគ្រួសារ ហាក់ទំនងនៅឆ្ងាយដូចជើងមេឃ ខណៈទាំងសាច់ញាត្តិនិងមជ្ឈដ្ឋានទូទៅ បន្តទទូចឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូកាម៉េរាសុត្ថិភាព និងធ្វើការកាត់ទោសជនពាក់ព័ន្ធទាំងឡាយ។

ទោះជាយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៦ បានផ្ញើលិខិតមួយជូនអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដោយប្រាប់ពីដំណឹងនៃការសម្រេចបិទបញ្ចប់ការស៊ើបសួរករណីឃាតកម្មលើ លោក កែម ឡី។ ប៉ុន្ដែលិខិតដដែលនេះ មិនបានបញ្ជាក់លម្អិតអំពីលទ្ធផលស៊ើបអង្កេតនោះទេ។

ថ្វីបើមានការលើកឡើងផ្សេងៗគ្នា ជុំវិញការបិទបញ្ចប់ការស៊ើបសួររបស់តុលាការ ករណីឃាតកម្មលើលោក កែម ឡី នេះ សម្រាប់អ្នកវិភាគបញ្ហាសង្គម លោក មាស នី នៅតែយល់ថា ការបិទបញ្ចប់នីតិវិធីស៊ើបសួរនេះ អាចជាល្បិចបោកបញ្ឆោត ដើម្បីស្ទាបស្ទង់មតិប្រជាពលរដ្ឋ ថាតើពួកគេភ្លេចរឿងនេះ ហើយឬនៅ។

លោកថា៖ «តាំងពីដើម យើងថា រដ្ឋាភិបាលបានបង្ហាញនូវស្ថានភាពមួយ ដែលដូចជាមិនចង់ធ្វើការតាមដានរកយុត្តិធម៌ឲ្យលោក កែម ឡី ទេ បើយើងមើលតាំងពីដើមមក អត់មានបានរកឃើញអីដែលថ្មី តាំងពីមកទេ។ បើប្រៀបធៀបករណីឃាតកម្មដទៃទៀត គឺរដ្ឋាភិបាលតែងតែដុតដៃដុតជើងចាប់បានភ្លាមៗ ប៉ុន្ដែករណីមួយនេះ ទោះកើតនៅកណ្ដាលថ្ងៃត្រង់ ហើយនៅទីសាធារណៈ ដែលពលរដ្ឋរាប់រយនាក់បានមើលឃើញ ប៉ុន្ដែនៅតែមិនមានស្អី ដែលជាការរីកចម្រើនក្នុងការតាមដាន។ វា ជាភាពអាម៉ាស់មួយរបស់រដ្ឋាភិបាល ។ […] លោក កែម ឡី ជាមនុស្សដែលគេស្គាល់គាត់ច្រើន បើសិនរដ្ឋាភិបាលមានបំណងចង់លេបរឿងហ្នឹងមួយទុក ខ្ញុំគិតថាមិនខុសគ្នាពីលេបដុំថ្មទេ»។

ចំពោះម្ដាយលោក កែម ឡី អ្នកស្រី ភោគ សេ និងសាច់ញាត្តិដទៃទៀត បានសំដែងក្ដីអស់សង្ឃឹម ដោយថាពួកគេមិនជឿអាជ្ញាធរ នឹងជួយរកយុត្តិធម៌សម្រាប់កូនប្រុសរបស់គាត់បានឡើយ ខណៈពេលវេលានៃឃាតកម្ម បានអូសបន្លាយជាងកន្លះឆ្នាំទៅហើយ។​

អ្នកស្រីថា៖ «ចង់ ចង់ឲ្យបាន គេរកឃើញ មិនឃើញអីឲ្យតែគេរកទៅ ដូចមិនសង្ឃឹមបានទេ ប៉ុន្ដែយើងចេះតែសង្ឃឹមៗ ទៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ