លោក ត្រាំ ជួប​ពិភាក្សា​ជាមួយ​មហា​សេដ្ឋី​ចិន លោក Jack Ma ផ្ដោត​លើ​ការ​បង្កើត​ការងារ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មហា​សេដ្ឋី​ចិន លោក Jack Ma (AFP)

អនាគត​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មហា​សេដ្ឋី​ចិន លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​នេះ ដោយ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​ការងារ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​អាស៊ី។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ AFP។

លោក ត្រាំ ដែល​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​នៅសប្ដាហ៍​ក្រោយ​នេះ បាន​យក​រឿង​បង្កើត​ការងារ​ធ្វើ​ជា​ការ​សន្យា​សម្រាប់​រដ្ឋបាល​របស់​លោក បើទោះបី​ជា​លោក​មិន​ធ្លាប់​កាន់​តំណែង​ក្នុង​រដ្ឋការ​ក៏​ដោយ។

ក្រុម​ការងារ​របស់​លោក ត្រាំ បាន​និយាយ​ថា ជំនួប​រវាង​មហា​សេដ្ឋី​អចលន​ទ្រព្យ​រូប​នេះ និង​មហា​សេដ្ឋី​ចិន ផ្ដោត​ទៅ​លើ​វិធី​ដែល​ក្រុមហ៊ុន Alibaba អាច​បង្កើត​ការងារ​ចំនួន ១​លាន​កន្លែង​​នៅ​អាមេរិក តាម​រយៈ​ការ​បង្កើត​អាជីវកម្ម​តូចៗ​ចំនួន ១​លាន នៅ​អាមេរិក ដើម្បី​លក់​ទំនិញ​ទៅ​ចិន និង​តំបន់​អាស៊ី។

បន្ទាប់​ពី​អម​ដំណើរ​លោក Jack Ma ចុះ​ទៅ​ជាន់​ផ្ទាល់​ដី​នៃ​ទីស្នាក់ារ​កណ្ដាល​ក្រុមហ៊ុន​លោក​នោះ លោក ត្រាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “យើង​មាន​ជំនួប​ដ៏​អស្ចារ្យ”។ លោក ត្រាំ បាន​កោត​សរសើរ​មហា​សេដ្ឋី​ចិន​រូប​នេះ​ថា ជា​សហគ្រិន​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ