លោក ត្រាំ តែង​តាំង​កូន​ប្រសារ​ប្រុស​ធ្វើ​ជា​ទីប្រឹក្សា​សេតវិមាន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧​ ម៉ោង 2:21 PM | អន្តរជាតិ | 0 | 5021

លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​តែង​តែ​កូន​ប្រសារ​ប្រុស​របស់​លោក​ឈ្មោះ ជែរ៉េដ ឃូស្ន័រ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន ដែល​នេះ​គឺ​ជា​ការ​ផ្ដល់​រង្វាន់​មួយ​ដល់​បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​ថា ជា​អ្នក​បញ្ចេញ​គំនិត​នៅ​ពីក្រោយ​ការ​បោះ​ឆ្នោត​របស់​លោក ត្រាំ ប៉ុន្តែ ការ​តែង​តាំង​នេះ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​ខាង​ផ្នែក​ផ្លូវ​ច្បាប់ និង​ក្រម​សីលធម៌។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ជែរ៉េដ ឃូស្ន័រ គឺ​ជា​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ និង​ជា​ចាង​ហ្វាង​ទស្សនាវដ្ដី មាន​វ័យ ៣៦​ឆ្នាំ ដែល​មាន​មុខ​មើល​ទៅ​ដូច​កូន​ក្មេង។ បុរស​រូប​នេះ នឹង​ក្លាយ​ជា​សមាជិ​ក​វ័យ​ក្មេង​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក ត្រាំ ដោយ​ត្រូវ​ធ្វើការ​ជិត​ដិត​ជាមួយ​ប្រធាន​ផ្នែក​បុគ្គលិក និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ។

លោក ត្រាំ បាន​ប្រកាស​ថា លោក ជែរ៉េដ គឺ​ជា​ទ្រព្យ​ដ៏​មហា​សាល និង​ជា​ទីប្រឹក្សា​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ចាប់​តាំង​ពី​យុទ្ធនាការ​រហូត​ដល់​ការ​ផ្លាស់​ប្ដូរ​អំណាច ហើយ​លោក​ថា លោក​មាន​មោទនភាព​ដែល​មាន​លោក ជែរ៉េដ ស្ថិត​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​រដ្ឋបាល​របស់​លោក។

ការ​តែង​តាំង​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង ២​ថ្ងៃ​មុន​នឹង​លោក ត្រាំ គ្រោង​ធ្វើ​សន្និសីទ​កាសែត​លើក​ដំបូង​របស់​លោក ចាប់​ពី​តាំង​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

លោក ឃូស្ន័រ ដែល​បាន​រៀបការ​ជាមួយ​កូន​ស្រី​ច្បង​របស់​លោក ត្រាំ នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ផ្ដល់​គំនិត​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ផ្ដោត​ទៅ​លើ​សារ​ផ្សព្វផ្សាយ​លើ​បណ្ដាណ​ព័ត៌មាន​សង្គម៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required