បញ្ជីបោះឆ្នោតនៅឃុំមួយក្នុងខេត្តបន្ទាយមានជ័យមានតែឈ្មោះមនុស្សតែអត់រូបថត

ប្រភពរូបភាពពីហ្វេសប៊ុក

សកម្មជនបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យអះអាងថា អាជ្ញាធរពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តនេះបា​ន​អ​នុ​វត្តខុសនីតិវិធីអំឡុងធ្វើបញ្ជីបោះឆ្នោតថ្មី ដោយថាការបិទបញ្ជីឈ្មោះដំបូងនេះ ពួកគេរក​ឃើញ​ថាព​​​ល​រ​ដ្ឋមួយចំនួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែគ្មានរូបថតសម្រាប់​បញ្ជាក់អត្តស​ញ្ញាណ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់ប្រកាសថា លក្ខខណ្ឌអាចចុះ​ឈ្មោះ​បោះឆ្នោតបាន​ គឺត្រូវ​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងត្រូវទៅបង្ហា​ញមុ​ខនៅ​ចំ​​ពោះ​មុខមន្ត្រីចុះ​ឈ្មោះបោះឆ្នោត​នៅឃុំ​សង្កាត់ដែលខ្លួនរស់នៅ។

ប៉ុន្តែសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំអូស្រឡៅ ស្រុកម៉ាឡៃ លោក កង រិទ្ធិ អះអាងថា ការ​បិទប​ញ្ជី​​​​ឈ្មោះដំបូងនៅក្នុងឃុំនេះ លោកថាក្រុមការងារលោកបានរកឃើញថា មានពលរដ្ឋ​បីនាក់​នៅ​ភូមិ​ផ្សេង​គ្នា មានឈ្មោះក្នុងបញ្ជី តែគ្មានរូបថត។ លោកថា ករណីនេះជាការអនុវត្តផ្ទុយនឹងនីតិវិធីរបស់ គជប។

លោកថា៖ «មានភូមិបឹងរាំងម្នាក់ និងភូមិថ្មីពីរនាក់ [ក្នុងឃុំអូស្រឡៅ ស្រុកម៉ាឡៃ]​។ អញ្ចឹង​មានភា​ពមិន​ប្រក្រ​តីហើយ។ ធម្មតាយើងទៅចុះឈ្មោះទាល់តែយើងទៅបានចុះបាន តែនេះទៅជាអ​ត់មានម​នុស្សបែ​រជាថតអត្រា​នុពលដ្ឋានដាក់ អញ្ចឹងវាមិនប្រក្រតីហើយ។ អញ្ចឹងបានខ្ញុំ​ទៅសុំពាក្យ​បណ្តឹងរ​បស់គា​ត់ម៉ិញ ហើ​យឃុំក៏គេមិនសួរដេញដោយអីដែរ គាត់គ្រាន់តែឲ្យពាក្យបណ្តឹងយើងមក»។

VOD មិនទាន់អាចទាក់ទងមេឃុំអូស្រឡៅ លោក ឃុត ហឿន ដើម្បីបញ្ជាក់ពីមូលហេតុនេះ បាន​នៅឡើ​​យទេនៅថ្ងៃអង្គារនេះ។

ប៉ុន្តែបើ​តាមមន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេកំពុងឲ្យក្រុមការងារចុះជួបពលរដ្ឋដែលបានចុះឈ្មោះ ហើយ​តែមិន​បានថតរូបទាំងនោះ ដោយថាដើម្បីស្វែងរកព័ត៌ពិតពីករណីនេះ។

អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា លើកឡើងថា គជប លើកទឹកចិត្តឲ្យ​អ្នកដែលរកឃើ​ញ​ភាពមិន​ប្រ​ក្រតី​ដាក់ពាក្យបណ្តឹងមក គជប។

​លោក ហង្ស ពុទ្ធា បញ្ចាក់ថា ករណីនេះបើរកទៅឃើញថាមិន​មែនជាកំហុសប​ច្ចេក​ទេស​ ​លោក​ថាមន្ត្រី​ពា​ក់​​​ព័ន្ធ​​​នៅក្នុងឃុំនោះ នឹងទទួលការពិន័យផ្នែករដ្ឋបាល។

លោកថា៖ «យើងមិនទាន់ថាយ៉ាងម៉េចដោយសាចាំពិនិត្យមើលរឿងហ្នឹង ឲ្យបានច្បាស់ថាមកពីហេតុអី។​ ប៉ុ​ន្តែ​ក្រុ​មអ្នកចុះឈ្មោះបោះឆ្នោតត្រូវតែទទួលខុសត្រូវ ព្រោះគាត់មិនអាចថត សៀវភៅដាក់អញ្ចឹងទេ គាត់​ត្រូវ​តែថតមនុស្សផ្លាល់ ហើយបើ គជប ស្រាវជ្រាវទៅរកឃើញថា អត់មានមនុស្សវិញ អាហ្នឹង​គា​ត់ត្រូវទ​ទួ​ល​ពិន័​យ​ហើយ ពិន័យផ្នែករដ្ឋបាល»។

ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា គិតត្រឹមថ្ងៃអង្គារនេះ គជប មិនទាន់ទ​ទួល​បានពា​ក្យប​ណ្តឹង​ពីរាជធានីខេត្តផ្សេងទៀត ដូចករណីនៅស្រុកម៉ាឡៃ ខេត្តប​ន្ទាយមានជ័យនោះនៅឡើយទេ ។

បើតាម គជប គណបក្សនយោបាយ ដែលជាភាគីពាក់ព័ន្ធ មានសិទ្ធិប្តឹងជំទាស់ រយៈពេល១០ថ្ងៃ បើ​ពួក​គេ​រ​ក​ឃើញភាពមិនប្រក្រតី នៃបញ្ជីបោះឆ្នោតនេះ ចា​​​ប់ពី​ថ្ងៃ​​ទី៣ដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ