រដ្ឋាភិបាលថាចំនួនកម្មករដួលសន្លប់ក្នុងឆ្នាំ២០១៧តិចជាងឆ្នាំ២០១៦

រូបភាពកម្មការនី ដួលសន្លប់កាលពីពេលកន្លងទៅ

មន្ត្រីរដ្ឋាភិបាលអះអាថា កម្មករដួលសន្លប់នៅឆ្នាំ២០១៧មានចំនួនតិចជាងពីឆ្នាំ២០១៦ ដោយថា ការថយចុះនោះ ដោយសារ ក្រសួងការងារបានជំរុញទៅម្ចាស់រោងចក្រសហគ្រាសទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះបរិយាកាសខាងក្នុង និងខាងក្រៅរោងចក្រដោយរៀបចំប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន។

ប្រធានបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ លោក ជាវ ប៊ុនរិទ្ធ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី៩ខែមករាថា នៅឆ្នាំ២០១៦ មានកម្មករ កម្មការិនីដួលសន្លប់សរុបចំនួន១៦០៣នាក់ ខណៈ ឆ្នាំ២០១៧ មានមានកម្មករ កម្មការិនីដួលសន្លប់ត្រឹមតែនាក់១១៦០ប៉ុណ្ណោះ គឺថយចុះការដួលសន្លប់ចំនួន៤៤៣ នាក់ ។

លោក ជាវ ប៊ុនរិទ្ធ បញ្ជាក់ថា ការថយចុះ នៃការដួលសន្លប់នេះដោយសាររដ្ឋាភិបាលបានយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់កម្មករដោយតម្រូវឲ្យរោងចក្រសហគ្រាសនីមួយៗបង្កើតឱ្យមានគិលានដ្ឋាន ការផ្សព្វផ្សាយអប់រំដល់កម្មករឱ្យមានការយល់ដឹងពីការថែទាំសុខភាព និងសុវត្ថិភាពក្នុងពេលបំពេញការងារ ព្រមទាំងរៀបចំ បរិស្ថានស្អាតនៅក្នុង និងក្រៅរោងចក្រ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា របាយការណ៍របស់ក្រសួងការងារដែលថាចំនួន កម្មករដួលសន្លប់ថយចុះនោះមិនត្រឹមត្រូវ១០០%ឡើយ ដោយថា តាមស្ថានភាពជាក់ស្តែងគឺមានកម្មករបានដួល សន្លប់ច្រើនជាងនេះ។

លោកបន្ថែមថា «តាមពិតបើយើងនិយាយពីអ្នកសន្លប់មិនមែនប៉ុណ្ណឹងទេ អ្វីដែលរបបសន្តិសុខសង្គមស្រងឈ្មោះ យកមកហ្នឹងគឺយកតែអ្នកដែលទៅមន្ទីពេទ្យព្យាបាល ហើយគេរាប់បញ្ចូលដើម្បីបង់លុយទេ ប៉ុន្តែសម្រប់អ្នកដែល សន្លប់ធម្មតាមួយពីរៗនៅតាមរោងចក្រហ្នឹង គឺអត់បានរាប់ទេ បើយើងរាប់ទាំងអាហ្នឹងទៀតតិចបំផុតក៏មានចំនួន ៤០០ ទៅ៥០០នាក់ទៀតដែរក្នុងមួយឆ្នាំៗ។ ឥលូវនឹងតាមរោងចក្រក្នុងមួយថ្ងៃៗឬក៏មួយខែមានអ្នកដួលសន្លប់ ម្នាក់ពីរនាក់រហូតហ្នឹង»

បាយការណ៍ចុងក្រោយនៃបេឡាជាតិរបបសន្តិសុខសង្គម បង្ហាញថា កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសព្វថ្ងៃមានចំនួន៨០ម៉ឺននាក់ ក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ជាង១ ០០០រោងចក្រសហគ្រាស។
របាយការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គមនេះដែរ បានបង្ហាញថា មូលហេតុមានករណីដួលសន្លប់ដោយ សារមកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ។

លោនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះជួបជាមួយក្រុមកម្មករម្តងៗលោកតែងតែក្រើនរម្លឹកដល់មន្រ្តីក្រោមឱវាទ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់បញ្ហា កម្មករដួលសន្លប់នៅតាមរោងចក្រ ដោយថា ដើម្បីលើកកម្ពស់សុវត្ថិភាពជូនកម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ