របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាចេញផ្សាយថា នៅក្នុងឆ្នាំ២០១៧ កុមារដែលបានពិនិត្យ និង ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយនេះមានចំនួនជិត១លាននាក់ ហើយបើប្រៀបធៀបជាមួយឆ្នាំ២០១៦ មានចំនួនកើនឡើងប្រមាណ៧%។
ក្នុងរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីថ្ងៃទី៨ មករា បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងសៀមរាបបានទទួលព្យាបាលកុមារកម្ពុជាចំនួន៩០៩ ១៩២នាក់ ក្នុងនោះកុមារឈឺធ្ងន់ចំនួន១៦៧ ៧៩០នាក់ វះកាត់២៦ ៤៤២នាក់ វះកាត់បេះដូងបានចំនួន៤១៣នាក់។
គួររំលឹកផងដែរថាមន្ទីរពេទ្យគន្ធបុប្ផាបច្ចុប្បន្នបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស កាកបាទក្រហមកម្ពុជា និងសប្បុរសជនផ្សេងៗទៀត បន្ទាប់ពីម្ចាស់ស្ថាបនិកនៃមូលនិធិគន្ធបុប្ផា និងជាប្រធានមន្ទីរពេទ្យនេះលោកវេជ្ជបណ្ឌិត បេអ៊ាត រិចន័រ បានប្រកាសលាលែងពីដំណែងក្រោមហេតុផលលោកមានជំងឺ។
រហូតមកដល់ពេលនេះមូលនិធិគន្ធបុប្ផាបានរៃអង្គាសថវិកាជួយមកដល់កម្ពុជាមានទំហំប្រមាណជិត៤០០លានដុល្លារចាប់តាំងពីបង្កើតមកនៅឆ្នាំ១៩៩២៕