ក្រុម​មេធាវីដាក់ពាក្យស្នើសុំក្នុងសប្តាហ៍នេះ​ឲ្យ​លោក​កឹម​ សុខា បាន​នៅ​ក្រៅ​ឃុំ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

ក្រុម​មេធាវីការ​ពារក្តី​ឲ្យ​អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ កំពុងតែរៀបចំពាក្យស្នើសុំ ហើយថា នឹងដាក់ទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ដើម្បី​ស្នើឲ្យកូនក្តីបាននៅក្រៅឃុំបណ្តោះអាសន្ន។​

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនា​គារ​ត្រពាំង​ផ្លុង ក្រោម​ការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប ​នៃការថ្លែង​របស់​លោក​​នៅក្នុងប្រទេសអូស្ត្រាលី កាល​ពីឆ្នាំ​២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុប​ឃិត​ជា​មួយ​​បរទេស មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់» រហូត​មក​ដល់​ពេល​នេះលោក​ត្រូវ​បាន​ជាប់​ឃុំ​ជាង​៤​ខែ​ហើយ​។

មេធាវីការ​ពារក្តី​ឲ្យ​លោក​កឹម សុខាលោក សំ​ សុគង់ បាន​ប្រាប់​វី​អូឌី​ថា​ក្រុម​លោក​​បាន​ព្រាង​ពាក្យ​សុំ​ត្រៀមដាក់​ទៅ​សាលា​ដំបូង​​រួច​រាល់​ហើយ ដែល​អាច​នឹង​យក​ទៅ​ដាក់នៅ​សប្តាហ៍​នេះ។ ខណៈ​ពាក្យ​សុំ​ជាច្រើន​របស់​ក្រុមមេធាវី​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​នោះ​ ​លោក​ថា​ក្រុម​មេធាវីការពារក្តី​​មាន​សង្ឃឹម​តិច​តួច​ណាស់។

លោក​ថា៖ « ប៉ុន្តែអ្វីដែលមេធាវីព្យាយាមក្នុងការធ្វើនោះគឺក្រុមមេធាវីត្រូវធ្វើទៅតាមនីតិវិធីផ្លូវច្បាប់ដែលបានកំណត់តាមច្បាប់ជាតិអន្តរជាតិនោះចំពោះសិទ្ធិរបស់ជនត្រូវចោទដែលអាចស្នើសុំឲ្យតុលាការហ្នឹងសម្រេចឲ្យខ្លួនមានសេរីភាពក្រៅឃុំជាបណ្តោះអាសន្ននៅក្នុងអំឡុងពេលនៃការឃាត់ខ្លួនឃុំខ្លួនហ្នឹង។ អញ្ចឹងយើងត្រូវអនុវត្តន៍ច្បាប់ទោះបីយើងថា មិនសូវសង្ឃឹម តែទិដ្ឋភាពច្បាប់យើងនៅតែមានសិទ្ធិ»

​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅតុលាការ​បាន​បដិសេធ​ការស្នើ​សុំរបស់​មេធាវី​ដែល​បាន​សុំ​ឲ្យ​ផ្លាស់​ប្តូរកន្លែង​ឃុំ​ខ្លួន​​លោក​ កឹម សុខា ពីពន្ធនាគារត្រពាំង​ផ្លុងខេត្ត​ត្បូងឃ្នុំ មក​ពន្ធ​នាគារ​ព្រៃ​ស​ដោយ​លើក​ឡើង​ថាការ​ផ្លាស់​ប្តូរ​កន្លែង​ឃុំ​ខ្លួន​មិន​មែន​ជា​សមត្ថិកិច្ច​របស់​តុលាការ​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយមាន​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ សហគមន៍​អន្តរជាតិ និង​អង្គការ​អន្តរជាតិ ​បាន​ថ្កោល​ទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិក​ផ្អា​ក​ផ្ដល់​ជំនួយ​ដល់​គណៈ​កម្មា​ធិ​ការ​​ជាតិរៀបចំការបោះឆ្នោត និងបានរឹតបន្តឹង​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​​គ្រួសារ​របស់​ពួកគេ ។

ចំណែកសហភាពអឺរ៉ុប ក៏បានសម្រេចផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប ក្រៅពីនេះ សហភាពអឺរ៉ុបក៏បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា និង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​កម្ពុជា សម្រាប់​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ និង​បង្ក​ក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ