នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្រោយពេលថ្លែងសារចប់ហើយ បានឲ្យអ្នករៀបចំកម្មវិធី យករូបលោកធ្វើពីក្រដាស ដើម្បីឲ្យជួយឆ្លើយសំនួរជំនួស នាំឲ្យមានការផ្ទុះសំណើចឡើងពីសំណាក់អ្នកសារព័ត៌មាននិង ប្រជាពលរដ្ឋ។
លោកប្រាយុទ្ធ បានថ្លែងសារសង្ខេបខ្លីមួយទៅអ្នកស្តាប់នៅក្រៅវិមានរដ្ឋាភិបាលនៅក្នុងទីក្រុងបាងកក កាលពីម្សិលមិញ ហើយនៅពេលមានសំនួរលោកឲ្យសួររូបក្រដាសរបស់លោក។នេះបើតាមសារព័ត៌មាន BBC។
លោកថ្លែងថា៖« បើសិនជាអ្នកទាំងអស់គ្នាមានសំនួរផ្សេងៗពាក់ព័ន្ធនយោបាយ ឬ ជម្លោះផ្សេងៗ សួរគាត់នេះទៅ» លោក ចង្អុលដាក់រូបក្រដាសរួចដើរចេញដោយក្រវីដៃដាក់អ្នកស្តាប់ផងនាំឲ្យមានការផ្ទុះសំណើច។
អ្នកសារព័ត៌មានដែលចូលរួមសុទ្ធតែត្រៀមសំនួរដូចជា ករណី ដំណើរការបោះឆ្នោតចុងឆ្នាំនេះ អំពើហិង្សាលើយុវជនតវ៉ានៅភាគខាងត្បូង និង ករណីអនុវត្តច្បាប់តឹងរឹងច្បាប់ចាប់មនុស្សជាច្រើនពាក់ព័ន្ធការប្រមាថរាជវង្សដាក់ពន្ធនាគារជាដើម។ ប៉ុន្តែពួកគេបានត្រឹមតែថតរូបក្រដាសកាតុងរបស់លោក ប្រាយុទ្ធហើយត្រឡប់ទៅវិញ។