រដ្ឋាភិបាល​ត្រៀម​បង្ក្រាបទៅ​លើ​​ចលនាតវ៉ាប្រឆាំងលទ្ធផល​បោះ​ឆ្នោត​ឆ្នាំ២០១៧

លោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ

រដ្ឋាភិបាលប្រកាស​​ថា​នឹង​​​ត្រៀម​​បង្ក្រាប​មុខ​សញ្ញាតវ៉ា​មួយ​ចំនួន​ក្នុង​ឆ្នាំ២០១៧​នេះ​ ដើម្បី​រក្សា​សន្តិសុខ​ដល់​លទ្ធផល​​នៃ​​ការ​បោះ​​​ឆ្នោត​​​ខាង​មុខ ខណៈ​បាតុកម្ម​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ រដ្ឋាភិបាលចោទថាកើតឡើងដោយសារមានការ​លូក​ដៃ​ពី​អ្នក​នយោបាយនិង​សង្គម​ស៊ីវិល​មួយ​ចំនួន​។

​ក្នុងរបាយការណ៍មួយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដែលទើបទទួលបាននៅថ្ងៃនេះ ស្នងការ​នគរ​បាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅមាន​ចលនា​បាតុ​កម្ម​ កូដ​កម្ម ចំនួន ១៣២៦​លើក​​ ដែល​​ភាគ​ច្រើននៃ​បាតុកម្ម​និង​កូដកម្ម​​ទាំង​នោះ​​មា​ន​ការ​លូក​ដៃ​ពី​អ្នក​​នយោបាយ សង្គមស៊ីវិល និង​សហព័ន្ធសហជីព​មួយ​​ចំនួន​​ដែល​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​។

ខណៈដែល​ឆ្នាំ​២០១៧នេះ​ ជា​ឆ្នាំ​បោះ​ឆ្នោតផង​នោះ ក្នុងរបាយការណ៍ដដែលបានបន្តថា ស្នងការ​នគរ​បាល​រូនោះ និយាយ​ថា​ខ្លួន​បាន​​ត្រៀម​ពង្រឹង​វិធាន​ការ​គ្រប់​គ្រងនិង​​ក្តាប់​ព័ត៌មាន​ពី​និន្នាការ​ប្រឆាំងនានា​​នៅ​រាជធានី​ភ្នំពេញ ដើម្បី​​ត្រៀម​បង្ក្រាប​ កុំ​ឲ្យ​មាន​ចលនា​​នេះ​​ចេញ​មក​ប្រឆាំង​និង​រដ្ឋាភិបាល រួម​ទាំង​បដិ​វត្ត​ន៍​ព័ណ៌និង​ការ​ញុះញង់​ផ្សេងៗផង​ដែរ ដើម្បី​រក្សា​សន្តិ​សុខ​​ដល់លទ្ធផល​នៃ​ការបោះ​ឆ្នោត​នាពេល​ខាង​មុខនេះ។

លោក​ថា៖ «ជាមួយ​នោះ​ត្រូវ​ជំរុញការ​គ្រប់​គ្រងមុខ​សញ្ញាគោលដៅ ដែល​មាន​និន្នាការប្រឆាំង​រដ្ឋា​ភិ​បាល ដើម្បី​មាន​វិធានការ​បង្កាបង្ក្រាបទាន់​ពេល​វេលានិង​ត្រូវ​ការ​ពារ​ដាច់​ខាតរាជរដ្ឋាភិបាល​ស្រប​ច្បាប់ ដែលប្រសូត​ចេញពីការ​បោះ​ឆ្នោត»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា​ការវិធានការ​នេះ​កំពុង​តែ​រំលង​រដ្ឋធម្មនុញ្ញ ដែល​បាន​ធានាដល់ការ​តវ៉ា​ដោយ​សន្តិ​វិធី​របស់​ប្រជាពលរដ្ឋ ហើយលោកថា​រដ្ឋាភិបាល​កំពុង​ចាត់​ទុក​អ្នកមិន​គាំ​ទ្រ​​ខ្លួន​​ជា​សត្រូវ​។ លោក​បន្ថែមថាវិធាននេះ​ជា​ការ​ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

លោក​ថា៖ «អ្វី​ដែល​គាត់​ត្រូវធ្វើ​ គឺ​គាត់​ត្រូវ​ផ្តល់​នូវ​សុវត្ថិភាព​ដល់​ពល​រដ្ឋ​ទាំងអស់​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ត្រូវ​ជម្រុញ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ត្រូវ​គោរព​ច្បាប់​ និង​ធ្វើ​ការ​បម្រើ​ពល​រដ្ឋ​មិន​ត្រូវ​ធ្វើ​អ្វី​ដែលបង្ក​ការ​លំបាក​ដល់​ពល​រដ្ឋ​ខ្លួន​នោះ​ទេ​»។

អ្នកប្រឹក្សាឯករាជ្យផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្កិ​ យល់​ថា​វិធាន​ការ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេដោយ​លោក​លើក​ឡើង​ថាការ​តវ៉ា​ដោយ​សន្តិវិធីគឺ​​ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិ​មនុស្ស​។ ហើយ​នេះ​ក៏​ជា​សារ​មួយ​ដែល​បាន​បន្ទុច​បង្អាក់ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាពរបស់​ប្រជា​ពល​រដ្ឋ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យដូច​ប្រទេស​កម្ពុជា។

លោក​ថា៖ «យើង​សួរ​ថា​ហេតុ​អី​បាន​ជា​បាតុកម្ម? ព្រោះ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ​ ព្រោះ​គេ​មើល​ឃើញ​ថា​វា​មិន​សម​ស្រប គេ​មើល​ឃើញ​មិន​មាន​ការ​ឆ្លើយតប និង​បំពេញតាម​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។ ​ដូច្នេះ​ហើយ បាន​ជា​គេ​ធ្វើ​បាតុកម្ម​ ហើយ​ចំណាត់​របស់​រដ្ឋ​ ត្រូវ​តែ​ជា​វិធានការ​ណា​ក៏​ដោយ​ដែល​ជា​ការ​ទ្រទ្រង់ នូវសិទ្ធិ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អា​ហ្នឹង​មិន​អី​ទេ។ ក៏ប៉ុន្តែ​ប្រសិន​ជាបង្ក្រាប​ពញព្រោះ​តែ​គេ​តវ៉ា ​ដោយ​មិន​បាន​សិក្សា​ទៅ​លើ​ហេតុ​ផល ថា​គេ​តវ៉ា​ទៅ​លើ​រឿង​អ្វី​នោះ​គិត​តែ​ពី​រឿង​បង្ក្រាប អាហ្នឹង​គឺ​ជា​រឿង​ដែល​ខុស​ច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ធ្ងន់​ធ្ងរ​»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គមលោក​ ប៊ូ​ បញ្ហា​ យល់​ថាវិធានការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ​ គឺ​គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះក្នុង​ការ​រារាំង​រាល់​បាតុកម្មណា​មួយ​ដែល​ប្រឆាំង​នឹង​ខ្លួន។ លោក​បន្ថែម​ថា​បទ​ពិសោធន៍​ឆ្នាំ​២០១៣កន្លងទៅ​ បាន​ជា​ធ្វើ​​ឲ្យ​បក្ស​កាន់​អំណាច​ត្រៀម​វិធាននេះ​ទុក​ជាមុន។

លោកថា៖ «ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​បទ​ពិ​សោធន៍​ពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ យើង​មើ​ល​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ពី​មុន​ដំបូង​គ្រាន់​តែ​មាន​បក្ស​ប្រឆាំង​ធ្វើ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​មួយទេ តែ​ក្រោយមក​មាន​ការ​បាតុកម្ម​នៅ​ឯណា​នៅតំបន់​សេដ្ឋកិច្ចពិសេសនៅ​ស្វាយ​រៀង​ជា​ដើម រហូត​ដល់​មក​នៅ​ជុំវិញ​ភ្នំពេញ​ជាយភ្នំពេញ អញ្ចឹង​ការ​បាតុកម្ម​ហ្នឹង​ប្រសិន​ជា​ពល​រដ្ឋ​ដល់​ក៏មែន​ទែន​វា​អាច​ការ​វឹក​វរ​សង្គម​អី​ជា​ដើម​ព្រោះ​អាជ្ញា​ធរ​មិន​ចង់​ឲ្យ​មា​ន​ការ​វឹក​វរ​ហ្នឹង​កើត​ឡើង​ម្តង​ទៀត ព្រោះ​តែ​ដល់​មែន​ទែន​អា​ជ្ញា​ធរ​ចាត់​វិធានការ​ក្តៅហើយ​ព្រោះ​ដល់​មែន​ទែន​ទៅ វាធ្វើ​ឲ្យ​មុខ​មាត់​គណបក្ស​ប្រជា​ជន​កាន់​តែ​ដាប​ទៅ​លើឆាក​អន្តរជាតិ»។

បើ​តាម​លោក​ បញ្ញា ខណៈដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​​ដល់​នោះ​វិធានការ​នេះប្រកដជា​បង្ក​​ឲ្យ​មាន​បញ្ហា​អា​ក្រក់​កើតឡើង ព្រោះ​តែ​អាជ្ញា​ធរ​អាច​យក​លេស​នេះ​ទៅ​បង្ក្រាប​បាតុកម្ម​ណា​ដែល​ខ្លួន​ចោទ​ថា​មាន​និន្នាការ​ប្រឆាំងនិង​រដ្ឋាភិបាល​ស្រប​ច្បាប់។ លោក​ឲ្យ​ជា​យោបល់​ថា​គណបក្ស​​​ទាំង​ពី​រ​គួរ​ចូល​តុចរចារ​វិញ​ជា​ជាង​បែរ​ខ្នង​ដាក់​គ្នា​ដូច​បច្ចុប្បន្ន​ដោយថយ​ម្នាក់​មួយ​ជំហាន​ក្នុង​ការ​ចរចានោះ នឹង​អាច​រក​ដំណោះ​ស្រាយ​ពិតប្រាកដ​សម្រាប់ប្រទេស​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ