វិភាគ៖ ហេតុអ្វីរដ្ឋាភិបាលលើកយកបញ្ហាបដិវត្តន៍ពណ៌​ដើម្បី​រឹតបន្តឹងការ​តស៊ូមតិ​?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពេល​កន្លង​មក

ជាញឹកញាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែព្រមានជាសាធារណៈទៅលើ​ក្រុមអ្នកនយោបាយឬអង្គការណា​ដែលលោក​ចាត់ទុកថា ជាអ្នកប្រឆាំងនោះ ឲ្យមើលពីមេរៀន​នៃការ​​ធ្វើ​«បដិវត្តន៍ពណ៌»នៅមជ្ឈឹមបូព៌ា។​ជាផ្លាស់ប្តូរដែលមកដល់ពេលនេះ ប្រទេសទាំងនោះ​មិន​ទាន់​មានស្ថេរភាពនៅឡើយ។

ក្រៅតែពីព្រមាន​អ្នកមិនគាំទ្រខ្លួននៅក្នុងប្រទេស លោក ហ៊ុន សែន ក៏បានឌឺដង​ដាក់​ប្រទេស​មហាអំណាច​មួយចំនួនពិសេសសហរដ្ឋអាមេរិក ដែលលោកថាជាអ្នកនៅពីក្រោយ​ចលនា​ផ្លាស់​ប្តូរមេដឹកនាំ​ដែលកាន់​អំណាចយូរមួយចំនួនលើពិភពលោក។

អ្នកតាមដានសង្គមកត់សំគាល់ថា ការលើកឡើងដដែលនេះ ដោយទំនងជាលោក ហ៊ុន សែន មើលឃើញពីនិន្នាការ​ផ្លាស់​ប្តូរ​កាន់តែច្រើនទៅៗនៅកម្ពុជា ទើបលោកត្រៀមកម្លាំង​ប្រ​ដាប់​​​អាវុធនិងបានទប់ស្កាត់​ចលនា​បញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លី​ជាច្រើន ដែល​រដ្ឋាភិបាល​ចាត់ទុកថាជាការ«ប៉ុនប៉ង​ផ្តួលរំលំ»រដ្ឋាភិបាល។​

ជាក់ស្តែងនៅសប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញរថយន្ត២០គ្រឿងទៅឲ្យស្នងការនគរ​បាលរាជធានីភ្នំពេញ ដោយថា​ដើម្បី​ទប់ស្កាត់ចលនាដែលអាជ្ញាធរចាត់ទុកថាជា«ធ្វើបដិវត្តន៍ពណ៌​និងយុទ្ធនាការ​អាវខ្មៅ»។ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានសកម្មជនសិទ្ធិមនុស្សធ្វើ​ឡើង​ជារៀងរាល់​សប្តាហ៍​ដោយ​ទាមទារឲ្យ​ដោះលែង​មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិង​លោក នី ចរិយា អគ្គលេខាធិការង គ.ជ.ប។

ក្នុងរបាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញបានអះអាងថា ខ្លួនបានទទួល​ជោគ​ជ័យ​ក្នុងការទប់​ស្កាត់​បដិវត្តន៍ពណ៌និង​យុទ្ធនាការអាវខ្មៅ ដោយឃាត់ខ្លួនមនុស្ស៤៥នាក់​ដែល​រដ្ឋាភិ​បាល​ចាត់​ទុកថា ជា​យុទ្ធ​នា​ការ​មួយមានការគាំទ្រពីអង្គការសង្គមស៊ីវិលគោលដៅ​ផ្តួល​រំលំ​​រដ្ឋាភិបាល។ ប៉ុន្តែអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់​ទុកថា នេះជាលាបពណ៌របស់​រដ្ឋាភិបាល​មកលើអ្នកតស៊ូមតិដោយ​សន្តិវិធី។

លោកបណ្ឌិត ចាន់ វិបុល ជំនាញអភិបាលកិច្ច និង​ប្រជាធិតេយ្យយល់ថា ការដែល​រដ្ឋាភិបាល​ចោទថា អ្នកតស៊ូមតិ​ប៉ុនប៉ងធ្វើ​បដិវត្តន៍ពណ៌នោះ គឺមិនសមហេតុផល​តាម​និយមន័យ​ពិត​នៃ​ពាក្យ​បដិវត្តន៍នោះទេ។​ លោកមានប្រសាសន៍ថា «អ្វីដែលខ្ញុំមើលឃើញហាក់ដូចជាមិនមែនទម្រង់​បដិវត្តន៍ពណ៌ទេ ប៉ុន្តែ​ជា​ទម្រង់​នៃ​ការតស៊ូមតិ ​ពីព្រោះ​យើងបានដឹងហើយថា ការតវ៉ាម្តងជាពីរដងដែលបងប្អូនរៀបចំករណីថ្ងៃចន្ទ​ពណ៌ខ្មៅ​នេះ​មិនមែនជាទម្រង់​នៃបដិវត្តន៍ពណ៌ទេ។ នេះគឺធ្វើការតស៊ូមតិដើម្បី​ដោះលែងសកម្មជន​ដីធ្លីបឹងកក់ សិទ្ធិមនុស្ស និងលោក នី ចរិយា ហើយស្វែងរកយុត្តិធម៌ជូនលោក កែម ឡី»។

លោក ចាន់ វិបុល យល់ថាការតវ៉ាទាំងអស់នោះ គឺគ្រាន់តែទាមទាររកយុត្តិធម៌ប៉ុណ្ណោះ តែរដ្ឋាភិបាល​បែរជាចោទប្រកាន់​ការតស៊ូមតិ​ដែលត្រូវបានធានានៅក្នុង​រដ្ឋធម្មនុញ្ញនោះ ថា​ជា​ប៉ុន​​​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល ហើយ​គេចវេសពីការ​ដោះស្រាយបញ្ហារបស់ពលរដ្ឋ​ដែល​កំពុង​ជួប​ប្រ​ទះ​។

លោកយល់ថា «នេះជាយន្តការមួយដែលរដ្ឋាភិបាលរឹតបន្តឹង​សេរីភាពបញ្ចេញមតិ ការជួប​ជុំ​របស់​​សហគមន៍ អ្នកដែលចង់ស្វែងរក​សច្ចធម៌ឬក៏យុត្តិធម៌សង្គម។ ខ្ញុំដូចជាមិនឃើញហេតុផល​ផ្សេងពីនេះទេ។ កាលឆ្នាំ២០១៤ មានមហាបាតុកម្មជាច្រើនលើក… យើងឃើញថារដ្ឋាភិបាលតែងតែបង្រ្កាប ហើយពេលនោះមិនបានបញ្ចេញថាបង្រ្កាបបដិវត្តន៍ពណ៌ទេ។ ពេលនោះ​មានការ​មិនសប្បាយចិត្តច្រើន។​ យើងឃើញថារដ្ឋាភិបាលអាចយកឱកាសនេះដើម្បីលាបពណ៌ក្រុមទាំងអស់នោះ»។

បើតាម លោក ចាន់ វិបុល កម្ពុជាមិនអាចមានបដិវត្តន៍ពណ៌កើតឡើងបានទេ។ ​លោកថា​បដិ​វត្តន៍​ដែល​កើត​ឡើង​កន្លងមក គឺដោយតែប្រទេសមហាអំណាចប្រជែងឥទ្ធិពលគ្នា តែកម្ពុជា​លោកថាមិនឃើញមានសញ្ញានេះកើតឡើងទេ។​​

អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ យល់ថា ការបង្ក្រាបលើអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ដែលរដ្ឋាភិបាលតែងតែយកលេសថាអ្នកទំាងនោះធ្វើបដិវត្តន៍ពណ៌នោះ លោកថារដ្ឋាភិបាលធ្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោក ឡៅ ម៉ុងហៃ វិភាគថា បើរដ្ឋាភិបាលនៅតែបន្តធ្វើបែបនេះ នឹងធ្វើឲ្យបាត់បង់ការគំាទ្រពីពលរដ្ឋម្ចាស់ឆ្នោត។ លោកវិភាគថា «ខ្ញុំថាជាកម្សោយថែមទៀត នៃអំណាចរបស់រដ្ឋាភិបាលគឺខ្វះការគំាទ្រពីប្រជាពលរដ្ឋ បើសិនជាមានការស្រលាញ់ ហើយការគំាទ្រពីប្រជាពលរដ្ឋកាន់តែច្រើនចំាបាច់ទៅប្រើប្រាស់កំលំាង និយាយស្តាប់គ្នាបាន»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់ លោក ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការ​គាបសង្កត់និងអំពើពុករលួយ។ ប៉ុន្តែលោក ហ៊ុន សែន តែងតែអះអាងថា ក្រោម​ការ​ដឹកនាំ​របស់លោក​​​គឺមានសន្តិភាព និងការរីកចម្រើន ដោយព្រមានផងដែរថា បើ​គណបក្សរបស់​លោក​ចាញ់​​ឆ្នោត​នឹង​កើតមានសង្គ្រាមទៀតផង។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ បានអះអាងថា សង្រ្គាមនឹងមិនអាចកើតឡើងទៀតទេ ដោយ​សារតែកម្ពុជាផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ